លោក Zlatko Dalic គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិក្រូអាស៊ី កំពុងតែពោរពេញទៅដោយការជឿជាក់ថា ការអស់កម្លាំងនឹងមិនក្លាយជាបញ្ហាធំឡើយសម្រាប់ក្រុមរបស់លោក នៅពេលដែលពួកគេត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិបារាំង ក្នុងព្រឹត្តិការណ៍ World Cup វគ្គផ្តាច់ព្រ័ត្រ បើទោះបីជាការប្រកួតត្រូវបន្ថែម 15នាទី 2ដងម្ដងទៀតក៏ដោយ។
ក្រុមជម្រើសជាតិក្រូអាស៊ី បានវាយបកពីការដេញតាមពីក្រោយ ដើម្បីកត់ត្រាជ័យជម្នះក្នុងលទ្ធផល 2-1 ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងទីក្រុងម៉ូស្គូ ខណៈដែលខ្សែប្រយុទ្ធ Mario Mandzukic បានរកគ្រាប់បាល់ឈ្នះនៅនាទីទី109 ក្រោយពី Ivan Perisic បានរកគ្រាប់បាល់តាមស្មើគ្រាប់បាល់បើកឆាករបស់ខ្សែការពារ Kieran Trippier។
ក្រុមរបស់លោក Dalic ពិតជាអស់កម្លាំងមែន ប៉ុន្តែពួកគេបានធ្វើការវាយបកវិញយ៉ាងល្អដើម្បីបញ្ចប់ការប្រកួតរយៈពេល 2ម៉ោងទាំងភាពរីករាយ និងដើម្បីដឹកនាំក្រុមប្រទេសមួយដែលមានប្រជាជនតែជាង 4លាននាក់នេះឈានទៅដល់វគ្គផ្តាច់ព្រ័ត្របានសម្រេចជាលើកទី1។
ប៉ុន្តែ ទោះបីជាយ៉ាងណា កង្វល់ដ៏ធំបំផុតនៅមុនពេលប្រកួតនៅថ្ងៃអាទិត្យខាងមុខនេះ គឺការគេចឱ្យផុតពីបញ្ហាអស់កម្លាំង ព្រោះក្រុមក្រូអាស៊ីមួយនេះបានលេងនៅនាទីបន្ថែម 15នាទី 2ដង និងបន្ថែមដោយការស៊ុតបាល់ប៉េណាល់ទីទៀតផងកាលពីពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិដាណឺម៉ាក និងម្ចាស់ផ្ទះរុស្ស៊ី ក្នុងរយៈពេល 2សប្តាហ៍ចុងក្រោយនេះ។
ក្រុមជម្រើសជាតិបារាំងនឹងមានពេលសម្រាកច្រើនជាងដល់ទៅ 24ម៉ោង ដើម្បីត្រៀមសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្រោយពីផ្តួលក្រុមជម្រើសជាតិបែលហ្ស៊ិក ក្នុងលទ្ធផល 1-០ ក្នុងរយៈពេល 90នាទី ក្នុងទីក្រុង Saint Petersburg កាលពីថ្ងៃអង្គារ។
លោក Dalic បានឱ្យដឹងថា៖ «វាពិតជាអស្ចារ្យមែន! ប៉ុន្តែនៅនាទីបន្ថែម 15នាទី 2ដងនេះ គ្មានកីឡាកររូបណាចង់ប្តូរចេញឡើយ។ នេះបង្ហាញពីឥរិយាបថ និងជាអ្វីដែលធ្វើឱ្យយើងមានមោទនភាពយ៉ាងខ្លាំង។ គ្មាននរណាបោះបង់ការចង់ឈ្នះចោលឡើយ»៕
ប្រភពពី៖ sports.yahoo.com