តាមរយៈសារព័ត៌មាន Bright TV ដែលចេញផ្សាយនៅថ្ងៃទី11 ខែកក្កដា ឆ្នាំ2018នេះ បានធ្វើការសម្ភាសជាមួយគ្រូបង្វឹក លោក ណុបផៈរ៉ាត់ កាន់ថៈវង្ស ជាគ្រូបង្វឹកស្ម័គ្រចិត្តផ្នែកចិត្តសាស្ត្ររបស់ក្រុមកីឡាករជ្រូកព្រៃ ដែលបានរៀបរាប់ពីចំណង់ចំណូលចិត្ត និងប្រវត្តិរបស់ក្មេងៗជាសមាជិកក្រុមជ្រូកព្រៃទាំងអស់ឱ្យយើងបានដឹងដូចខាងក្រោម។
1-ប្អូនប្រុស ដម
ប្អូនប្រុស ដួងផេត ផៈរ៉មថេប ហៅក្រៅ ដម មានអាយុ 13ឆ្នាំ ជាសិស្សមធ្យមសិក្សាថ្នាក់ទី1 ( ត្រូវនឹងថ្នាក់ទី7 ខ្មែរ ) នៃសាលារៀន ម៉ែសាយ ប្រៈសិធថៈសាត។ ប្អូនប្រុស ដម មានឯកលក្ខណៈពិសេសខាងការលេងបាល់ទាត់ ប្រើប្រាស់ជើងបានទាំងសងខាង ចូលចិត្តហាត់ប្រាណ និងអៃដលរបស់គេ គឺកីឡាករបាល់ទាត់ដ៏ល្បីលំដាប់ពិភពលោកគឺ លោក គ្រីស្ទៀណូ រ៉ូណាល់ដូ ជាកម្លាំងជំរុញចិត្តរបស់ប្អូន។
2-ប្អូនប្រុស ណូត
ប្អូនប្រុស ប្រៈចាក់ ស៊ុថាំ មានឈ្មោះហៅក្រៅ ណូត អាយុ 14ឆ្នាំ ជាសិស្សមធ្យមសិក្សាថ្នាក់ទី2 ( ត្រូវនឹងថ្នាក់ទី 8 ) នៃសាលារៀនម៉ែសាយ ប្រៈសិធថៈសាត។ គ្រូបង្វឹកបានរៀបរាប់ថា ប្អូនប្រុស ណូត មានការតាំងចិត្តខ្ពស់ក្នុងការហ្វឹកហាត់ឱ្យទាន់សមត្ថភាពរបស់មិត្តភក្ដិ និងព្យាយាមសម្របខ្លួនចូលឱ្យទាន់មិត្តរួមក្រុម និងមានកីឡាករបាល់ទាត់ប្រចាំប្រទេសថៃនៅក្នុងដួងចិត្តគឺ លោក ម៉េសស៊ី ចេ (ឆៈណាធីប) ជាកម្លាំងជំរុញចិត្តរបស់ប្អូន.
3-ប្អូនប្រុស មិកស៍
ប្អូនមានឈ្មោះពិតគឺ ផានុម៉ាត ស៊ែងឌី អាយុ 13ឆ្នាំ ជាសិស្សមធ្យមសិក្សាថ្នាក់ទី2 ( ត្រូវនឹងថ្នាក់ទី 8 ) នៃសាលារៀនម៉ែសាយប្រៈសិធថៈសាត។ ប្អូនប្រុសជាកីឡាករស្លាបការពារដែលមានរូបរាងខ្ពស់ បើប្រៀបធៀបទៅនឹងក្មេងៗមានវ័យស្របាលគ្នា និងជាក្មេងប្រុសដែលចូលចិត្តលេងនៅខ្សែខាងក្រោយណាស់។ ប្អូនប្រុសមានឯកលក្ខណៈពិសេសក្នុងការ ឆក់បាល់ និងបញ្ចូនទៅឱ្យសមាជិកក្រុម និងការពារទី។ កីឡាករដែលប្អូនចូលចិត្តយកគម្រូតាមជាងគេគឺ សើឃីរ៉ូ រ៉ាម៉ស ជនជាតិអេស្ប៉ាញ និងជាកាពីតែនរបស់ក្លិប រ៉េអាល់ ម៉ាឌ្រីត។
4-ប្អូនប្រុស ទី
ផៈរ៉មឆៃ ខាំលួង ហៅក្រៅ ទី មានអាយុ 16ឆ្នាំ ជាសិស្សមធ្យមសិក្សាថ្នាក់ទី 4 ( ត្រូវនឹងថ្នាក់ទី10 ) នៃសាលារៀនបានប៉ាយ៉ាង។ ប្អូនប្រុសទី ជាសិស្សដែលមានភាពស្និទ្ធស្នាលជាមួយគ្រូបង្វឹក អេក ខ្លាំងបំផុត និងជាសិស្សដែលគ្រូបង្វឹករូបនោះទុកចិត្តខ្លាំងជាងគេដូចគ្នា។ ដោយសារមានការតាំងចិត្តខ្ពស់ និងយកចិត្តទុកដាក់ក្នុងលេងបាល់ទាត់ ប្អូនប្រុសត្រូវបានលើកទឹកចិត្តឱ្យលេងជាខ្សែបម្រើ ដែលមានថ្វីជើងលឿនបំផុត។
5-ប្អូនប្រុស អៈឌុន
ប្អូនមានឈ្មោះពិតថា អៈឌុន សាមអន មានវ័យ 14ឆ្នាំ ជាសិស្សមធ្យមសិក្សាថ្នាក់ទី2 ( ត្រូវនឹងថ្នាក់ទី8) នៃសាលារៀន វៀងផាន។ ប្អូនមានលក្ខណៈពិសេសក្នុងការលេងលឿន ប្រើប្រាស់ជើងបានទាំងសងខាង ហើយញាក់បាល់បានលឿនបំផុត។
6-ប្អូនប្រុស ផុង
ប្អូនប្រុសមានឈ្មោះពិតថា ស៊ុមផុង ចៃវង្ស មានអាយុ 13ឆ្នាំ ជាសិស្សមធ្យមសិក្សាថ្នាក់ទី1 ( ត្រូវនឹងថ្នាក់ទី7 ) នៃសាលារៀនម៉ែសាយ ប្រៈសិធថៈសាត។ គ្រូបង្វឹកបានរៀបរាប់ថា ប្អូនប្រុសមានសុខភាពរឺងមាំ និងមានភាពរហ័សរហួនយល់ច្បាស់ពីពិធីការលេងបាល់ ជាខ្សែបម្រើដែលទទួលបាល់បានល្អបំផុត។
7- ប្អូនប្រុស ប៊ីវ
ប្អូនប្រុសមានឈ្មោះថា អេករ័តន៍ វង្សស៊ុកចាន់ មានអាយុ 14ឆ្នាំ ជាសិស្សមធ្យមសិក្សាថ្នាក់ទី2 ( ត្រូវនឹងថ្នាក់ទី8 ) នៃសាលារៀន ដារុណរាត វិតថៈយ៉ា។ ប្អូនប្រុសមានសមត្ថភាពបញ្ចូនបាល់បានលឿន និងជាក្មេងប្រុសដែលលេងបាល់បានល្អ។
8-ប្អូនប្រុស តៃតុន
ប្អូនប្រុសមានឈ្មោះ ឆៈនីន វិប៊ូនរុងរឿង អាយុ 14ឆ្នាំ ជាសិស្សមធ្យមសិក្សាថ្នាក់ទី2 ( ត្រូវនឹងថ្នាក់ទី8 ) នៃសាលារៀន ដារុណរាត វិតថៈយ៉ា។ គ្រូបង្វឹកបានអះអាង ប្អូនប្រុសរូបនេះ ជាក្មេងប្រុសដែលយកចិត្តទុកដាក់ស្ដាប់សម្ដីគ្រូបង្វឹកជាងគេបង្អស់ និងមានគំនិតច្នៃប្រឌិតខ្ពស់ ដែលទាំងអស់នេះជាចំណុចពិសេសក្នុងការលេងបាល់។
9-ប្អូនប្រុស ម៉ាក
ប្អូនប្រុសមានឈ្មោះ ម៉ុងឃុន ប៊ុនពៀម ហៅក្រៅ ម៉ាក អាយុ 13ឆ្នាំ ជាសិស្សមធ្យមសិក្សាថ្នាក់ទី1 ( ត្រូវនឹងថ្នាក់ទី7) នៃសាលារៀន ប៉ាមឿត។ គ្រូបង្វឹកបានរៀបរាប់ថា បើទោះបីជាប្អូនប្រុសមានរាងកាយមិនសូវរឹងមាំដូចមិត្តភ័ក្ដិក៏ដោយ តែប្អូនប្រុសជាអ្នកស្រឡាញ់កីឡាបាល់ទាត់ និងលេងជាខ្សែប្រយុទ្ធ។
10-ប្អូនប្រុស ណៃថ៍
ភីរៈផាត់ ស៊ុមផៀងចៃ គឺជាឈ្មោះក្នុងបញ្ជីជាតិរបស់ប្អូន ណៃថ៍ មានអាយុ 16ឆ្នាំ ជាសិស្សមធ្យមសិក្សាថ្នាក់ទី3 ( ត្រូវនឹងថ្នាក់ទី9 ) នៃសាលារៀនម៉ែសាយ ប្រៈសិធថៈសាត។ ប្អូនជាអ្នកចាំទី ដែលមានរាងតូចបន្ដិច ក៏ប៉ុន្ដែពូកែចាប់បាល់ស្អិត។
ទី11 និង 12
ប្អូនប្រុស ណៈវុធ ថាខាំស៊ុង អាយុ 11ឆ្នាំ និងប្អូន ភិផាត់ ផូ អាយុ 15ឆ្នាំ ជាសិស្សមធ្យមសិក្សាថ្នាក់ទី2 ( ត្រូវនឹងថ្នាក់ទី8 ) នៃសាលារៀនម៉ែសាយ ប្រៈសិធថៈសាត។ អ្នកទាំងពីររូបនេះ គ្រូបង្វឹកបានអះអាងថា មិនសូវមានភាពស្និទ្ធស្នាលជាមួយប៉ុន្មាន ទើបមិនទាន់បានស្គាល់ប្រវត្តិរបស់ប្អូនច្បាស់៕