ចម្រៀងជាតិរបស់ប្រទេសបារាំងដែលមានចំណងជើងថា La Marseillaise ការស្រែកបន្ទរគ្នាឡើងថា «យើងទៅដល់វគ្គផ្តាច់ព្រ័ត្រហើយ!!» និងសំឡេងស៊ីហ្វ្លេរថយន្ត និងកាំជ្រួច បានបន្លឺឡើងយា់ងកងរំពងទូទាំងទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ ខណៈដែលប្រជាជនក្នុងរដ្ឋធានីនេះបានអបអរសម្រាប់ការធ្វើដំណើររបស់ក្រុមជម្រើសជាតិបារាំងឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃ World Cup។
អ្នកគាំទ្រដ៏ច្រើនកុះករប្រមាណ 20,000នាក់ បានប្រមូលផ្តុំគ្នាដើម្បីទស្សនាការប្រកួតរបស់ក្រុមលោក Dider Deschamps ក្នុងពេលពួកគេផ្តួលក្រុមជម្រើសជាតិបែលហ្ស៊ិក ក្នុងលទ្ធផល 1-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅទីក្រុង Saint Petersburg នៅលើផ្ទាំងសំពត់សដ៏ធំមួយនៅឯ Hotel de Ville ក្នុងទីក្រុងប៉ារីស។
ដោយសារតែទស្សនីយភាពនៃការប្រកួតត្រូវបានបិទបាំងដោយហ្វូងមនុស្សដ៏ច្រើនកុះករនេះ អ្នកខ្លះបានឡើងលើដើមឈើនានា លើរថយន្ត ឬក៏លើធុងសំរាម ដើម្បីមើលការប្រកួតផ្សាយផ្ទាល់ឱ្យបានច្បាស់។ គ្រាប់បាល់កាត់សេចក្តីរបស់ខ្សែការពារ Samuel Umtiti នៅនាទីទី51 បានបង្កើតឱ្យមានការអបអរយ៉ាងខ្លាំង ខណៈដែលអ្នកគាំទ្រភាគច្រើនបានឱប និងថើបគ្នា និងរាំរែកយ៉ាងរីករាយ។ លោក Didier Deschampsគ្រូបង្វឹកនៃក្រុមជម្រើសជាតិបារាំង បានឱ្យដឹងថា៖ «យើងបានបង្ហាញពីឥរិយាបថ និងស្មារតី។ វាពិតជាលំបាកណាស់សម្រាប់យើងនៅរាត្រីនេះ។ យើងបានធ្វើការងារយ៉ាងលំបាកលើតំបន់ការពារ យើងត្រូវតែដណ្តើមយកការមានប្រៀបបន្តិចលើការវាយបករហ័ស ប៉ុន្តែ សូមអបអរសាទរដល់កីឡាករ និងបុគ្គលិករបស់ខ្ញុំ»។
ក្រុមជម្រើសជាតិបារាំង នឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស ឬក្រូអាស៊ីក្នុងទីក្រុងម៉ូស្គូ នៅថ្ងៃអាទិត្យនេះ ខណៈដែលបារាំងសម្លឹងរកការលើកពាននេះជាលើកទី2 ក្រោយពីបានឈ្នះនៅលើទឹកដីខ្លួនឯងម្ដងរួចមកហើយកាលពីឆ្នាំ1998៕
ប្រភពពី៖ Channel News Asia