រដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមជាផ្លូវការនូវយុទ្ធសាស្ត្រថ្មីរបស់ខ្លួនសម្រាប់ឧស្សាហកម្មដំឡូងមីក្នុងគោលបំណងធ្វើឱ្យកម្ពុជាក្លាយជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមី ដែលអាចទុកចិត្តបានដល់ទីផ្សារពិភពលោកតាមរយៈគោលនយោបាយជាតិសម្រាប់ឧស្សាហកម្មដំឡូងមី។ នេះបើតាមការឱ្យដឹងពីមន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងនៅក្នុងពិធីប្រកាសគោលនយោបាយជាតិសម្រាប់ឧស្សាហកម្មដំឡូងមីកាលពីថ្ងៃទី10 ម្សិលមិញ នៅទីស្ដីការក្រសួងក្នុងរាជធានីភ្នំពេញថា យុទ្ធសាស្ត្រថ្មីនេះគ្របដណ្ដប់ 5ឆ្នាំ ចាប់ពីឆ្នាំ2018 ដល់ឆ្នាំ2022 ហើយមានគោលបំណងធ្វើឱ្យប្រទេសកម្ពុជាក្លាយទៅជាប្រភពសម្រាប់ឧស្សាហកម្មកែច្នៃដំឡូងមី។ គោលនយោបាយថ្មីនេះនឹងជួយផ្លាស់ប្តូរវិស័យដំឡូងមី ពីកសិកម្មចិញ្ចឹមជីវិត ទៅជាផលិតកម្មសម្រាប់ពាណិជ្ជកម្មព្រមជាមួយការផ្តល់អាទិភាពដល់ការកែលម្អស្តង់ដារជីវភាពសម្រាប់កសិករ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «គោលនយោបាយនេះនឹងជួយដល់រោងចក្រកែច្នៃសកម្មនិងទាក់ទាញការវិនិយោគដើម្បីផលិតផលិតផលដំឡូងមីដែលមានតម្លៃបន្ថែមដើម្បីផ្គត់ផ្គង់ទីផ្សារចម្រុះ។ ជាងនេះទៀត ក៏នឹងជួយលើកកម្ពស់ការប្រើប្រាស់ផលិតផលដំឡូងមី និងសំណល់ពីចំណីសត្វនិងជី ជាសម្ភារដែលមានតម្លៃថោកសម្រាប់កសិករខ្មែរ។ ផលិតកម្មពាណិជ្ជកម្ម ក៏នឹងជួយបង្កើនសមត្ថភាពដល់កសិករទាំងអស់ដើម្បីបង្កើនប្រាក់ចំណូលក្នុងបរិបទនៃការប្រែប្រួលតម្លៃ ការប្រើប្រាស់ដីធ្លីប្រកបដោយនិរន្តរភាព និងកសិកម្មដែលឆ្លាតវៃតាមអាកាសធាតុ»។
អ្នកសេដ្ឋកិច្ច អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនៅកម្ពុជា(UNDP) លោក Richard Marshall បានថ្លែងថា អង្គការយូអិនឌីភីបានធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យដំឡូងមី។ គោលបំណង គឺធ្វើឱ្យកម្ពុជាបង្កើនខ្សែចង្វាក់តម្លៃដោយកែលម្អគុណភាពផលិតកម្មដំឡូងមី និងបង្កើនភាពជឿជាក់។ គោលនយោបាយនេះមានបំណងផ្លាស់ប្តូរដំឡូងមីទៅជាដំណាំផ្ដល់ផលចំណេញដល់កសិករខ្នាតតូច និងជាប្រភពនៃការអភិវឌ្ឍឧស្សាហកម្មសម្រាប់កម្ពុជា។
លោកបានមានប្រសាសន៍ថា ដើម្បីចាប់ផ្តើមដំណើរការផ្លាស់ប្តូរនេះ ការធ្វើពាណិជ្ជកម្មនៃផលិតកម្មដំឡូងមី និងការអភិវឌ្ឍកសិ-ពាណិជ្ជកម្មគួរតែត្រូវបានធ្វើឡើងក្នុងពេលដំណាលគ្នាដើម្បីលើកកម្ពស់ដំណាំនៅតាមតំបន់ផ្សេងទៀតក្នុងពិភពលោក” ។
ជារួម គោលនយោបាយនេះនឹងលើកទឹកចិត្តដល់ការវិនិយោគបន្ថែមទៀត ហើយវានឹងជំរុញតម្លៃដំឡូងមី និងបង្កើនជីវភាពរស់នៅរបស់កសិករ ខណៈដែលប្រទេសកម្ពុជាមានកសិករប្រហែល90,000គ្រួសារដែលផលិតដំឡូងមី។
បច្ចុប្បន្ននេះក្រសួងពាណិជ្ជកម្ម បាននិងកំពុងប្រឹងប្រែងជំរុញការនាំចេញផលិតផលដំឡូងមីទៅកាន់ប្រទេសចិនដោយសារតែប្រទេសទាំង2 បានចុះហត្ថលេខាលើពិធីសារស្តីពីប្រព័ន្ធអនុគ្រោះពន្ធ និងលក្ខខណ្ឌតម្រូវផ្នែកភូតគាមអនាម័យ និងអនាម័យ ហើយបាននិងកំពុងសិក្សាពីលទ្ធភាពកែច្នៃដំឡូងមីនិងធ្វើពិពិធកម្មទីផ្សារនាំចេញ។
នៅក្នុងប្រទេសកម្ពុជា ដំឡូងមីត្រូវបានដាំដុះក្នុងខេត្តចំនួន13 នៅលើផ្ទៃដីជាង 570,000ហិកតា និងផ្តល់ទិន្នផលប្រមាណ 13លានតោនក្នុងមួយឆ្នាំ។ កាលពីឆ្នាំ2017 កម្ពុជាបានក្លាយជាប្រទេសដែលឈរនៅលំដាប់លេខរៀងទី8 ក្នុងចំណោមប្រទេសផលិតដំឡូងមីធំៗទាំង១០នៅលើពិភពលោក៕