មន្ទីរពិសោធន៍ថ្មីមួយសម្រាប់ធ្វើតេស្តពិសោធផលិតផលក្នុងស្រុក និងចេញលិខិតបញ្ជាក់គុណភាពនាំចេញ នឹងបើកឱ្យដំណើរការនៅដំណាច់ឆ្នាំ2019ខាងមុខ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
ឯកឧត្ដម ចម ប្រសិទ្ធ បានឱ្យដឹងនៅក្នុងដំណើរទស្សនកិច្ចទៅទីតាំងដែលមន្ទីរពិសោធន៍ដែលកំពុងត្រូវបានសាងសង់ដោយបានថ្លែងថា៖ «មន្ទីរពិសោធន៍នេះនឹងក្លាយជាមជ្ឈមណ្ឌលធំ និងទំនើបបំផុតមួយនៅកម្ពុជា និងជាមជ្ឈមណ្ឌលមន្ទីរពិសោធន៍ឧស្សាហកម្មទី2 នៅកម្ពុជា» ដោយការសាងសង់ត្រូវរំពឹងថា នឹងបញ្ចប់នៅចុងឆ្នាំ2019 ហើយវានឹងក្លាយជាគន្លឹះសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច និងបង្កើតការងារ។
បើតាមមន្ត្រីអ្នកនាំពាក្យក្រសួងបានឱ្យដឹងថា មជ្ឈមណ្ឌលមន្ទីរពិសោធន៍នេះនឹងស្ថិតនៅក្រោមវិទ្យាស្ថានស្តង់ដារកម្ពុជា(ISC ៖ The Institute of Standards of Cambodia) ហើយវានឹងត្រូវបានបំពាក់ដោយឧបករណ៍មន្ទីរពិសោធន៍ទំនើបៗដើម្បីពិសោធផលិតផលគ្រប់ប្រភេទសម្រាប់នាំចេញ និងធានាថា ផលិតផលទាំងនោះត្រឹមត្រូវតាមស្តង់ដារជាតិ និងអន្តរជាតិ ហើយក៏អាចប្រកួតប្រជែងជាមួយនឹងផលិតផលផ្សេងៗទៀតបានដែរ។
លោក អ៊ុំ សុថា អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានប្រាប់គេហទំព័រឡារ៉ែនតាមទូរស័ព្ទថា ការពង្រីកសមត្ថភាពមជ្ឈមណ្ឌលមន្ទីរពិសោធន៍នេះបានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី3 របស់រាជរដ្ឋាភិបាលអាណត្តិទី5 ក្នុងគោលបំណងចូលរួមចំណែកពង្រឹងគុណភាពផលិតផលរបស់ខ្មែរ។
លោកបន្តថា គោលការណ៍ដែលយើងទៅធ្វើការប្រកួតប្រជែងខាងក្រៅ វាផ្តោតទៅលើគុណភាពជាចម្បង ដូច្នេះដើម្បីឱ្យប្រាកដថា ទំនិញយើងត្រូវស្តង់ដារឬនៅ? យើងត្រូវលើកទឹកចិត្តផ្នែកឯកជន ធ្វើយ៉ាងណាឱ្យគាត់ងាកមកផលិតតាមស្តង់ដារ ដែលអាចជ្រៀតចូលទីផ្សារក្រៅប្រទេសក៏បាននិងប្រកួតប្រជែងក្នុងស្រុកក៏បាន គឺយើងត្រូវពង្រីកសមត្ថភាពក្នុងមន្ទីរពិសោធន៍ឧស្សាហកម្មកម្ពុជា។
លោកបញ្ជាក់ថា កន្លងមកយើងមានមន្ទីរពិសោធន៍ឧស្សាហកម្មចាស់ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ5 តែមានទំហំតូច និងឧបករណ៍ក៏មិនទំនើបដែរ។ ថ្វីដ្បិតតែមន្ទីរពិសោធន៍យើងត្រូវបានទទួលស្គាល់ពីស្ថាប័នពិសោធន៍អន្តរជាតិ ទទួលបាន ISO ពីអង្គការស្តង់ដារអន្តរជាតិហើយថា មន្ទីរពិសោធន៍របស់យើងមានលទ្ធភាព សមត្ថភាពវាយតម្លៃ និងធ្វើពិសោធន៍លើផលិតផលរបស់យើងបានមែនក្ដី តែនៅមិនទាន់ឆ្លើយតបទៅនឹងទំហំរោងចក្រ-សិប្បកម្មដែលកំពុងរីកចម្រើននាពេលសព្វថ្ងៃនេះទេ ព្រោះគ្រាន់តែរោងចក្រ យើងមានប្រមាណជាង1,600កន្លែង ឯសហគ្រាសធុនតូច និងមធ្យមមានប្រមាណជា10ម៉ឺន ដូច្នេះការពង្រីកមន្ទីរពិសោធន៍ថ្មីជាការចាំបាច់ណាស់។
លោកបន្តថា គម្រោងនេះថ្មី តែអង្គភាពមិនមែនថ្មីទេ ដែលថាថ្មីនោះគឺ ការពង្រីកសមត្ថភាពព្រោះមន្ទីរពិសោធន៍ថ្មីនេះនឹងត្រូវបានបង្កើតឡើងដោយមានកម្ពស់ 7ជាន់ ដែលមានសមត្ថភាពធំជាងមុន និងបំពាក់ដោយឧបករណ៍ទំនើបៗជាងបន្ទប់ពិសោធន៍ដែលមានស្រាប់នៅក្នុងខណ្ឌឫស្សីកែវនោះ និងប្រហែលជាត្រូវចំណាយច្រើនទៀតផង តែយើងក៏មានបណ្តាប្រទេសជាច្រើនចង់ជួយជាឧបករណ៍ពិសោធន៍ទំនើបៗដែរ ប៉ុន្តែដោយសារយើងមិនទាន់មានមន្ទីរពិសោធន៍ធំៗដែលអាចដាក់ឧបករណ៍ពិសោធន៍ទំនើបៗទាំងនោះបាន ទើបយើងត្រូវខិតខំរៀបចំទីតាំងថ្មីនេះសិន។
អ្នកនាំពាក្យក្រសួងរូបនោះបានបញ្ជាក់ទៀតថា៖ «គោលបំណងរបស់មជ្ឈមណ្ឌលមន្ទីរពិសោធន៍ថ្មីរបស់យើង គឺដើម្បីជួយដល់ក្រុមហ៊ុនផលិតកម្មក្នុងស្រុក ក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្មទាំងមូល»។ លោកបានបន្ថែមថា រដ្ឋាភិបាលនឹងចាប់ផ្តើមធ្វើការចរចាជាមួយប្រទេសអ្នកទិញដើម្បីឱ្យពួកគេទទួលស្គាល់លទ្ធផលនៃមន្ទីរពិសោធន៍នេះ។
លោកបញ្ជាក់ថា មន្ទីរពិសោធន៍ថ្មីនេះនឹងត្រូវធ្វើឱ្យដំណើរការ តែរោងចក្រ-សហគ្រាសត្រូវបង់ថ្លៃសេវាតាមមុខទំនិញ ឬផលិតផលដែលខ្លួនបានផលិត ប៉ុន្តែមានពេលខ្លះផលិតផលដែលត្រូវវិភាគយើងមិនទាមទារឱ្យមានការបង់ថ្លៃសេវាទេ ឧទាហរណ៍ដូចជាផលិតផលមានជាតិពុល ឬផលិតផលដែលយើងសង្ស័យ ក្រុមអធិការកិច្ចយើងនឹងចុះទៅធ្វើតែម្តង ក្នុងគោលដៅការពារផលប្រយោជន៍សាធារណៈ។
លោកបញ្ជាក់ថា មួយវិញទៀត វាគឺជាតម្រូវការមួយដែលយើងត្រូវធ្វើពិសោធន៍ឱ្យគេ និងជូនដល់វិស័យឯកជនក្នុងនាមជាអ្នកផ្តល់សេវាឱ្យអតិថិជនថា តើផលិតផលរបស់ពួកគេត្រូវតាមកម្រិតស្តង់ដារ និងមានគុណភាពគ្រប់គ្រាន់ឬទេ? គេត្រូវយកផលិតផលនោះទៅមន្ទីរពិសោធន៍ ដើម្បីគេទទួលបានវិញ្ញាបនបត្រដែលបញ្ជាក់ពីផលិតផលរបស់គេ។ នៅពេលដែលគេទទួលបានវិញ្ញាបនបត្របញ្ជាក់ពីគុណភាពនៃផលិតផលពីមជ្ឈមណ្ឌលមន្ទីរពិសោធន៍យើងហើយ ផលិតផលរបស់ក្រុមហ៊ុន-សហគ្រាស ទាំងនោះនឹងមានកម្រិតស្តង់ដារត្រឹមត្រូវតែម្តង។
លោកបានបន្ថែមថា វិស័យឯកជន គាត់នឹងលែងព្រួយបារម្ភពីបញ្ហានាំផលិតផលចេញទៀតហើយ ព្រោះផលិតផលដែលបានឆ្លងកាត់មន្ទីរពិសោធន៍ថ្មីនេះនឹងមានការទទួលស្គាល់ជាអន្តរជាតិ ដោយហេតុថា មន្ទីរពិសោធន៍ថ្មីរបស់យើងនេះមានការទទួលស្គាល់ពីស្ថាប័នអន្តរជាតិរួចហើយ។ យើងកំពុងរង់ចាំមន្ទីរពិសោធន៍ថ្មីដែលយើងរំពឹងថា នឹងធ្វើឱ្យអ្វីៗកាន់តែមានភាពប្រសើរឡើង និងកាន់តែងាយស្រួលសម្រាប់យើង ព្រោះអ្វីៗដែលយើងរំពឹងទុក និងចាប់ផ្តើមធ្វើនេះ គឺក្នុងគោលបំណងជួយដល់វិស័យឯកជនក្នុងទិសដៅជំរុញការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសយើង៕