ចាប់ពីក្រោយពេលដែល លោក ប៉ែន ចំរ៉ុង និងអ្នកនាង ភិន សុដាលីស បានលែងលះគ្នាដាច់ស្រេចរួចមក គេកត់សម្គាល់ឃើញថា លោក ប៉ែន ចំរ៉ុង ព្យាយាមកប់ចោលនូវរឿងរ៉ាវអតីតកាលរបស់ខ្លួន ដោយមិនមានដំណឹងលេចឮថានឹកនាដល់កូនស្រីរបស់ខ្លួនដែលស្ថិតក្រោមការបីបាច់ថែរក្សាពីសំណាក់ អ្នកនាង ភិន សុដាលីស និងលោក អិន សុភិន ជាជីតាសោះឡើយ។
ប៉ុន្តែនៅពេលថ្មីនេះៗ គេបានមើលឃើញលោកធ្វើការចែករំលែកព័ត៌មានទាក់ទងនឹងកូនស្រីរបស់លោកជាមួយនឹងអ្នកនាង ភិន សុដាលីស ដែលព័ត៌មាននោះមានចំណងជើងថា “ក្រោយឃើញវីដេអូនេះ កូនស្រី ភិន សុដាលីស ធ្វើឱ្យទស្សនិកជនឃ្នាន់ខ្នាញ់មិនស្ទើរ…” ដែលក្នុងព័ត៌មាននេះក៏មានបង្ហាញពីរូបភាពស្អាតៗរបស់កូនស្រីរបស់លោកផងដែរ។ ក្នុងនោះអ្នកគាំទ្រជាច្រើន បានសាកសួរទៅលោកត្រង់ៗថា តើមាននឹកកូនអត់? ប៉ុន្តែលោកមិនបានឆ្លើយតបថាយ៉ាងណាឡើយ។ បើទោះជាមិនឆ្លើយតបនឹងសំនួររបស់ប្រិយមិត្តដែលបានចោទសួរនោះក៏ពិតមែន តែនេះជាលើកទីមួយហើយដែលរូបលោកបានចែកចាយព័ត៌មានទាក់ទងនឹងកូនស្រីរបស់លោក ដែលអាចបញ្ជាក់បានថា រូបលោកពិតជាចង់ឃើញ និងមានការនឹករឭកកូនស្រីម្នាក់នេះខ្លាំងណាស់។
គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះពិធីករល្បីឈ្មោះរូបនេះ កំពុងសាងស្នេហាថ្មីមួយទៀតស្រេចទៅហើយ ដែលកាលពីប៉ុន្មានខែមុននេះ លោកត្រូវបានគេទម្លាយឃ្លីបវីដេអូមួយជាមួយនារីវ័យក្មេងម្នាក់ដែលបានកាន់នំខួបកំណើតមួយ និង ហៅ ប៉ែន ចំរ៉ុង ថា ប្ដីពេញៗមាត់ដោយគ្មានលាក់លៀមទៀតផង ចំណែកលោក ប៉ែន ចំរ៉ុង វិញបានឱបស្មា និងផ្តល់ស្នាមថើបដល់នារីម្នាក់នោះយ៉ាងផ្អែមល្អែម ព្រមជាមួយពាក្យថា “ឈប់គិតច្រើនថា ប្តីមានស្រី កុំរករឿងប្តីទៀតណា” នៅចុងបញ្ចប់នៃឃ្លីបវីដេអូមួយនោះទៀតផង៕