ពីមួយជំហានទៅមួយជំហាន កម្ពុជាបានព្យាយាមអភិវឌ្ឍខ្លួនពីប្រទេសដែលមានចំណូលទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងដាក់គោលដៅដើម្បីពង្រីកសមត្ថភាពឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។ ដើម្បីសម្រេចបាននូវផែនការសកម្មទាំងអស់នោះ អ្នកជំនាញមើលឃើញថាចាំបាច់ត្រូវមានការចូលរួមយ៉ាងច្រើនពីប្រជាជនគ្រប់វ័យដើម្បីអភិវឌ្ឍផ្នែកផ្សេងៗដោយរាប់បញ្ចូលទាំងការរស់នៅប្រចាំថ្ងៃផងដែរ។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម វង្សី វិសុទ្ធ បានលើកឡើងនៅក្នុងកម្មវិធី The Talk ថា កម្ពុជាត្រូវការជំរុញការអប់រំឱ្យកាន់តែខ្លាំងដើម្បីបណ្តុះបណ្តាលធនធានមនុស្សទាំងសមត្ថភាពវិជ្ជាជីវៈ និងការកសាងចរិតលក្ខណៈល្អ តាមរយៈការបណ្តុះបណ្តាលឆន្ទៈ ការដោះស្រាយបញ្ហា និងស្មារតីខ្ពស់។ កម្ពុជាត្រូវការអ្នកបន្តវេនទៅដឹកនាំលើគ្រប់វិស័យទាំងស្ថាប័នឯកជន ស្ថាប័នរដ្ឋ ឬសង្គមទាំងមូល ព្រោះពាក្យថាអ្នកដឹកនាំមិនសំដៅតែលើនាយករដ្ឋមន្ត្រីនោះទេ តែសំដៅលើអ្នកដែលមានសមត្ថភាពដឹកនាំលើគ្រប់ផ្នែកគ្រប់វិស័យទាំងអស់។ គុណសម្បត្តិសំខាន់របស់អ្នកដឹកនាំនៅថ្ងៃអនាគត គឺមិនមែនទាល់តែចេះហិ-រញ្ញវត្ថុ ចេះសេដ្ឋកិច្ច ឬចេះវិស្វកម្មនោះទេ តែការងារជាក់ស្តែងគឺត្រូវមានស្មារតី និងឆន្ទៈខ្ពស់ក្នុងការ-គ្រប់គ្រងការងារជាក់ស្តែង ការទំនាក់ទំនង ដំណោះស្រាយបញ្ហា និងសមត្ថភាពក្នុងដឹកនាំមនុស្សឱ្យរួមគ្នាដោះស្រាយបញ្ហាទៅតាមជំនាញរៀងៗខ្លួន។
ឯកឧត្តម វង្សី វិសុទ្ធ មានប្រសាសន៍ថា៖ “ការអប់រំបណ្តុះបណ្តាលដែលនាំឱ្យយុវជនមានភាព-រឹងមាំផ្នែកស្មារតី និងឆន្ទៈ ជាគោលការណ៍ជំរុញឱ្យមានភាពជោគជ័យក្នុងជីវិត ដែលវាអាចជំរុញឱ្យមានជោគជ័យក្នុងស្ថាប័នដែលយើងធ្វើការងារ និងសង្គមរបស់យើងទាំងមូល”។
អ្នកជំនាញខាងលើបានបង្ហាញផងដែរថាប្រទេសជប៉ុនជាប្រទេសដែលទទួលបានជោគជ័យបំផុតក្នុងការកសាងជាតិ ព្រោះប្រជាជនម្នាក់ៗជាមនុស្សដែលមានគុណធម៌ មានសមត្ថភាព និងស្មារតីទទួលខុសត្រូវខ្ពស់។ ដើម្បីសម្រេចជោគជ័យនេះជប៉ុន ជំរុញប្រជាជនឱ្យទទួលបានចំណេះដឹងទាំងផ្នែករឹង និងទន់ដើម្បីបណ្តុះបណ្តាលសមត្ថភាពក្នុងការគិតពិចារណា លុបបំបាត់ភាពអាត្មានិយម និងឆន្ទៈក្នុងការចូលរួមបានយ៉ាងល្អប្រសើរ។ ចំពោះកម្ពុជាយើងនាពេលបច្ចុប្បន្ន យើងក៏បានជំរុញ និងបង្កើនថវិកាជាតិយ៉ាងច្រើនលើវិស័យអប់រំ ព្រោះដំណាក់កាលនេះជាដំណាក់កាលដែលសង្គមត្រូវការធនធានមនុស្សបំផុត។
ឯកឧត្តមបានលើកឡើងថា ការអប់រំ (education) ខុសពីការរៀន (learning) ព្រោះការអប់រំមិនមែនគ្រាន់តែផ្តោតលើការសិក្សាអក្សរសិល្ប៍ គណិតវិទ្យា ឬមុខវិជ្ជាសង្គមមួយចំនួននោះទេ តែចាំបាច់ត្រូវតែមានប្រព័ន្ធក្នុងការបណ្តុះបណ្តាលមនុស្សឱ្យមានទស្សនៈ មានការយល់ឃើញ និងមានសមត្ថភាពក្នុងការសម្រេចចិត្តខ្ពស់។ ដើម្បីជោគជ័យលើការអប់រំបានគឺត្រូវជំរុញឱ្យមានការអភិវឌ្ឍខ្លាំងលើធាតុសំខាន់3 គឺការអប់រំបណ្តុះបណ្តាល ទី2សុខាភិបាល និងទី3គឺប្រព័ន្ធគាំពារសង្គម ព្រោះនៅពេលដែលយើងបានបណ្តុះបណ្តាលជំនាញដល់មនុស្សហើយ សុខភាពមិនល្អក៏គាត់មិនអាចប្រើប្រាស់សមត្ថភាពក្នុងការអភិវឌ្ឍសង្គមបានល្អដែរ ហើយបន្ថែមពីនេះទៀតប្រសិនបើគាត់មានបញ្ហាប្រឈមដែលលើសពីសុខាភិបាល ដូចជាហានិភ័យការងារមួយចំនួន យើងចាំបាច់ត្រូវមានប្រព័ន្ធការពារសង្គម ដើម្បីបង្កើនភាពកក់ក្តៅដល់គាត់។ នៅពេលនោះប្រជាជននឹងចាប់ផ្តើមព្យាយាមស្វែងយល់ច្រើន ហើយប្រើប្រាស់សមត្ថភាពក្នុងការគិតពិចារណាដើម្បីចូលរួមចំណែកល្អលើការអភិវឌ្ឍសង្គមឱ្យឆ្ពោះទៅរកគោលដៅល្អប្រសើរឡើង ដែលអាចនាំឱ្យសេដ្ឋកិច្ចក៏មានកំណើនល្អផងដែរ។
សាស្ត្រាចារ្យផ្នែកពាណិជ្ជកម្ម លោក រិន រ៉ាវុធ បានលើកឡើងថា ការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានសីលធម៌ និងការចូលរួម គឺជាគុណសម្បត្តិយ៉ាងសំខាន់មួយរបស់ប្រទេសអភិវឌ្ឍន៍នានានៅលើពិភពលោក ព្រោះការអភិវឌ្ឍ មិនប្រាកដថាត្រូវការតែអ្នកជំនាញតែមួយមុខនោះទេ តែចាំបាច់ត្រូវការប្រជាជន ឬសមាជិកនៃសង្គមប្រកបដោយការទទួលខុសត្រូវ។ នៅពេលដែលយើងមានអ្នកជំនាញ តែគាត់មិនមានវិន័យល្អក្នុងការធ្វើការងារ យើងនឹងមិនអាចប្រកួតប្រជែងបានល្អនៅក្នុងតំបន់នោះទេ ព្រោះការងារដែលកើតចេញពីមនុស្សដែលមិនសូវមានឆន្ទៈខ្ពស់ក្នុងការធ្វើការ ឬការទទួលខុសត្រូវអាចនឹងមិនទទួលបានលទ្ធផលល្អនោះទេ ហើយពេលខ្លះថែមទាំងធ្វើឱ្យមានភាពខ្ជះខ្ជាយលើធនធានថែមទៀតផង។
លោក រិន រ៉ាវុធ បាននិយាយថា៖ “ធនធានមនុស្សដែលរាប់ថាជាអ្នកមានគុណភាពពិតប្រាកដលុះត្រាតែគាត់មានទាំងសមត្ថភាពវិជ្ជាជីវៈ និងមានទាំងការទទួលខុសត្រូវខ្ពស់ចំពោះសកម្មភាព ដើម្បីសម្រេចផែនការរួមរបស់ស្ថាប័ន។ លើសពីនេះទៅទៀត ប្រសិនបើមនុស្សម្នាក់ៗយល់ពីកាតព្វកិច្ចរបស់ខ្លួន ហើយអនុវត្តដោយសីលធម៌ខ្ពស់ គាត់នឹងមិនសូវមានផលប៉ះពាល់ដល់អ្នកដទៃនោះទេ តែថែមទាំងអាចជួយមនុស្សជាច្រើនឱ្យរីកចម្រើនបានយ៉ាងល្អជាមួយគ្នាថែមទៀតផង”។
សាស្ត្រាចារ្យខាងលើបានលើកឡើងផងដែរថា ការគោរពគ្នា និងឆន្ទៈក្នុងការយោគយល់ ឬចេះក្រែងចិត្តគ្នា ក៏ជាផ្នែកយ៉ាងសំខាន់មួយដែលគួរបណ្តុះបណ្តាលមនុស្សគ្រប់គ្នា ព្រោះនៅពេលដែលមនុស្សមានគុណសម្បត្តិទាំងអស់នេះ គាត់នឹងអាចកាត់បន្ថយជម្លោះបានយ៉ាងល្អ។ នៅពេលដែលមនុស្សមានសមត្ថភាពខ្លាំង តែមិនខ្វល់ពីអ្នកដទៃគាត់អាចនឹងក្លាយជាចំណុចគ្រោះថ្នាក់ទៅវិញទេសម្រាប់ស្ថាប័ន ព្រោះគាត់នឹងប្រើប្រាស់សមត្ថភាពរបស់គាត់ដើម្បីសម្រេចគោលដៅដោយបង្កផលប៉ះពាល់ច្រើន ឬធ្វើឱ្យមានការខាតបង់សម្រាប់មនុស្សផ្សេងទៀត។ ហេតុនេះ ការបណ្តុះបណ្តាលសីលធម៌ និងវិន័យជាវិជ្ជមាន គួរធ្វើស្របគ្នាជាមួយនឹងការបណ្តុះបណ្តាលលើគ្រប់
ជំនាញដែលកំពុងត្រូវការក្នុងទីផ្សារការងារ៕