ដោយមើលឃើញពីតម្រូវការក្នុងវិស័យសំណង់នៅកម្ពុជា ក្រុមហ៊ុនអន្តរជាតិមួយមកពីប្រទេសវៀតណាមគ្រោងបោះទុនវិនិយោគប្រមាណជា 500លានដុល្លារសាងសង់រោងចក្រផលិតដែកនៅខេត្តព្រះសីហនុនៅពេលឆាប់ៗខាងមុខ។
សម្រាប់ការឆ្លើយតបចំពោះគម្រោងនេះ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន បានមានប្រសាសន៍ថា ក្រុមហ៊ុនមកពីវៀតណាមដែលចាប់អារម្មណ៍បណ្តាក់ទុននៅក្នុងខេត្តនេះ គួរតែស្វែងរកទីតាំងដីនៅតំបន់ស្រុកស្ទឹងហាវ ព្រោះអនាគតទីនោះក៏មានកំពង់ផែទឹកជ្រៅ និងមានដីប្រហែល 200ហិកតាអាចឆ្លើយតបនឹងតម្រូវការសម្រាប់ការវិនិយោគធ្វើរោងចក្រនេះបាន។ ឯកឧត្តមបន្តថាកតា្ដសំខាន់ដែលធ្វើឱ្យអ្នកវិនិយោគបរទេសបន្ដចាប់អារម្មណ៍ស្វែងរកឱកាសដាក់ទុនវិយោគរកស៊ីនៅខេត្ដនេះគឺកត្តាសន្ដិភាព ច្បាប់ការពារអ្នកវិនិយោគ និងសក្តានុពលធម្មជាតិរបស់ខេត្ដព្រះសីហនុ។ លោកបញ្ជាក់ថា2ឆ្នាំចុងក្រោយនេះខេត្តព្រះសីហនុ បានក្លាយទៅជាគោលដៅយ៉ាងសំខាន់មួយរបស់អ្នកវិនិយោគមកពីតំបន់ផ្សេងៗនិងមកពីបរទេស ហើយសព្វថ្ងៃការណ៍នេះបាននិងកំពុងធ្វើឱ្យខេត្តព្រះសីហនុមានការអភិវឌ្ឍយ៉ាងលឿនទៅមុខ ដោយបានផ្តល់ការងារដល់ប្រជាពលរដ្ឋក្នុងខេត្តកាន់តែច្រើនឡើង។
ខេត្ដព្រះសីហនុ ពិតជាទីតាំងស័ក្តិសមក្នុងការដាក់ទុនវិនិយោគលើវិស័យឧស្សាហកម្ម វាយនភណ្ឌ ឧស្សាហកម្ម ទេសចរណ៍ សំណង់ និងអចលនទ្រព្យជាដើម។ល។ ម្យ៉ាងវិញទៀត អ្វីដែលសំខាន់បំផុតនោះ គឺប្រទេសកម្ពុជាមានសុខសន្ដិភាពពេញលេញ ក្នុងនោះខេត្ដព្រះសីហនុក៏ធានាបាននូវសន្ដិសុខសុវត្ថិភាពខ្ពស់ដែរ ជាមួយនិងធនធានធម្មជាតិដ៏សម្បូរបែប ផ្ទៃដីនៅទំនេរធំទូលាយ រួមទាំងកោះល្អៗចំនួន 32កោះ ជាពិសេសនោះ គឹប្រព័ន្ធគមនាគមន៍សម្បូរបែប។ ខេត្ដព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាប៉ូលសេដ្ឋកិច្ចមួយក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំង3 (រាជធានីភ្នំពេញ ខេត្ដសៀមរាប និងខេត្ដព្រះសីហនុ) ដោយប្រកាសប្រែក្លាយខេត្ដនេះទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងតែមួយគត់ក្នុងប្រទេសកម្ពុជា។
កត្តាដែលជំរុញឱ្យវិនិយោគិនបរទេសចូលមកបណ្តាក់ទុន លើវិស័យឧស្សាហកម្មជាបន្តបន្ទាប់នោះ គឺដោយសារខេត្តព្រះសីហនុជាខេត្តមួយក្នុងចំណោមខេត្តចំនួន3 នៅក្នុងប្រទេសកម្ពុជាដែលមានព្រលានយន្តហោះអន្តរជាតិដឹកអ្នកដំណើរតាមផ្លូវអាកាស មានកំពង់ផែទឹកជ្រៅដែលអាចដឹកទំនិញធុនធ្ងន់ឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយតាមផ្លូវទឹក មានតំបន់សេដ្ឋកិច្ចពិសេសធំជាងគេ ដែលអាចសាងសង់រោងចក្រសហគ្រាសបានយ៉ាងច្រើន មានផ្លូវរថភ្លើងក្នុងការដឹកទំនិញចូលមកទីក្រុងភ្នំពេញ ហើយអ្វីដែលពិសេសនោះ គឺរដ្ឋាភិ-បាលគ្រោងនឹងសាងសង់ផ្លូវល្បឿនលឿនពីទីក្រុងភ្នំពេញទៅខេត្តព្រះសីហនុ ដែលមានចម្ងាយតិចជាង200គីឡូម៉ែត្រនាពេលឆាប់ៗនេះទៀតផង ក្នុងគោលបំណងផ្តល់ភាពងាយស្រួល ចំណេញពេលវេលាក្នុងការធ្វើដំណើរ ឬដឹកជញ្ជូនទំនិញផ្សេង៕