បណ្ដាញទំនាក់ទំនងសង្គមរបស់អាមេរិក Twitter បានសម្រេចបិទគណនីអ្នកប្រើប្រាស់ជាបណ្ដោះអាសន្នប្រមានជាង 1លាននាក់ក្នុងមួយថ្ងៃ កាលពីថ្មីៗដែលសរុបទាំងអស់មានជាង 70លានគណនីហើយដែលត្រូវបានបិទ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្ដិ៍ បានឱ្យដឹងថា មូលហេតុដែលបណ្ដាញសង្គម Twitter ធ្វើការបិទគណនីទាំងនោះ ដើម្បីកាត់បន្ថយនៃលំហូរព័ត៌មានមិនពិតនៅលើបណ្ដាញសង្គម Twitter។
ទីភ្នាក់ងារព័ត៌មាន Reuters បានចេញផ្សាយថា ក្នុងរយៈពេល 2ខែ គឺខែឧសភា និងមិថុនា ក្រុមហ៊ុន Twitter បានបិទគណនីជាង 70លាន ដោយគណនីត្រូវបានខាងក្រុមការងារ Twitter រកឃើញថា បានបង្ហោះ និងចែករំលែកព័ត៌មានមិនពិត ប៉ុន្តែគណនីទាំងនោះ អាចនឹងបើកឱ្យប្រើប្រាស់វិញនៅពេលដែលមានការតវ៉ា ឬប្ដឹងទាមទារពីសំណាក់អ្នកប្រើប្រាស់ដែលមានហេតុផលសមរម្យ។
មិនមែនមានតែ Twitter ទេ ដែលធ្វើបែបនេះ សូម្បីតែបណ្ដាញសង្គម Facebook ក៏បានអនុវត្តវិធីដូចគ្នានេះដែរ ប៉ុន្តែខាងក្រុមហ៊ុន Facebook មិនទាន់ប្រកាសឱ្យដឹងជាផ្លូវការ ហើយមូលហេតុដែលបណ្ដាញសង្គមទាំងនេះ ធ្វើការទប់ស្កាត់ការចែករំលែកព័ត៌មានមិនពិត គឺដោយសារតែទីភ្នាក់ងារសន្តិសុខជាតិអាមេរិករកឃើញថា ការផ្សព្វផ្សាយព័ត៌មានមិនពិតកំពុងតែសាយភាយខ្លាំងនៅលើបណ្ដាញសង្គម ដែលជាហេតុបង្កឱ្យមានចលាចល។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងព័ត៌មានរបស់កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយ ក្នុងគោលដៅប្រឆាំង និងទប់ស្កាត់ រាល់ការផ្សព្វផ្សាយ ឬចែករំលែកខ្លឹមសារព័ត៌មាន ឬសារជាអក្សរ សំឡេង រូបភាព វីដេអូ ឬក្នុងទម្រង់ផ្សេងៗ ដែលមានចេតនាបង្កជាចលាចលបណ្ដាលឱ្យអន្តរាយដល់វិស័យការពារជាតិ សន្តិសុខជាតិ ទំនាក់ទំនងជាមួយប្រទេសដទៃ សេដ្ឋកិច្ចជាតិ សណ្ដាប់ធ្នាប់សាធារណៈ ការរើសអើង និងវប្បធម៌ ប្រពៃណីជាតិ៕