Skip to content

ក្ដៅៗ!! ប្រតិបត្តិការជួយសង្គ្រោះ «ក្រុមជ្រូកព្រៃទាំង 5នាក់» ឈុតចុងក្រោយចាប់ផ្ដើមហើយ!

តាមរយៈសារព័ត៌មាន Thairath ដែលចេញផ្សាយកាលពីប៉ុន្មាននាទីមុននេះបន្ដិច បានឱ្យដឹងថា នៅវេលាម៉ោង10 និង 08នាទីព្រឹកមិញនេះ ប្រតិបត្តិការលើកទី3 ដើម្បីជួយសង្គ្រោះក្រុមជ្រូកព្រៃឈុតចុងក្រោយ ដែលកំពុងជាប់នៅក្នុងរូងភ្នំថាំលួងទាំង 5នាក់នោះបានចាប់ផ្ដើមហើយ។

លោក ណារ៉ុងស័ក្ដិ មេបញ្ជាការប្រតិបត្តិការជួយសង្គ្រោះ បានគូសបញ្ជាក់ពីគម្រោងប្រតិបត្តិការលើកទី3 នេះថា ក្រុមអ្នកជួយសង្គ្រោះស្ម័គ្រចិត្ត 19នាក់ បានចាប់ផ្ដើមដើរចូលទៅក្នុងរូងភ្នំថាំលួង ដោយក្រុមអ្នកមុជទឹកបានដើរចូលទៅមុនគេបង្អស់។ លោកបានបន្ដទៀតថា ការធ្វើប្រតិបត្តិការនៅក្នុងថ្ងៃនេះ យើងរំពឹងថា នឹងបញ្ចប់ការជួយសង្គ្រោះដោយការយកក្រុមជ្រូកព្រៃទាំង 5នាក់ដែលនៅសល់នោះចេញមកឱ្យខាងតែបាន ប្រសិនបើអាកាសធាតុនៅតែអំណោយផល និងគ្មានការរំខានពីភ្លៀង។ ប្រតិបត្តិការលើកទី3 នេះ យើងសង្ឃឹមថា នឹងធ្វើឡើងបានឱ្យលឿនជាងថ្ងៃម្សិលមិញ និងម្សិលម្ង៉ៃ ដោយកាលពីថ្ងៃដំបូង យើងចំណាយពេលអស់ 11ម៉ោង និងថ្ងៃទី2នៃប្រតិបត្តិការ យើងចំណាយពេលតែ 9ម៉ោងប៉ុណ្ណោះ លឿនជាងថ្ងៃដំបូង 2ម៉ោង។ នៅថ្ងៃនេះយើងបានរៀបផែនការថា ត្រូវនាំក្មេងៗក្រុមជ្រូកព្រៃ 4នាក់ចេញមកមុនគេ បន្ទាប់មកគ្រូបង្វឹក និងក្រុមជំនួយការស៊ីល 3នាក់ និងគ្រូពេទ្យ រួ​មទាំងអស់ 9នាក់ចេញពីក្នុងរូងភ្នំឱ្យបាន ប្រសិនបើគ្មានអ្វីខុសប្លែកទេនោះ។ នេះបើតាមការបញ្ជាក់របស់លោក ណារ៉ុងស័ក្ដិ។

គួរបញ្ជាក់ផងដែរ ក្មេងៗក្រុមជ្រូកព្រៃ 4នាក់ដែលនាំចេញមកបានកាលពីថ្ងៃម្សិលមិញនេះ មានសុខភាពរឹងមាំល្អ ក៏ប៉ុន្ដែ មានប្អូនខ្លះមានអាការស្គមខ្លាំង  និងមានការត្រួតពិនិត្យបេះដូងនៅក្នុងបន្ទប់សង្គ្រោះរយៈពេល 24ម៉ោង ដើម្បីតាមដានសភាពរាងកាយជាបន្ដ។ គេរំពឹងទុកថា រយៈពេល 48ម៉ោងទៅមុខទៀត ប្រសិនបើគ្មានប្រទះឃើញមានមេរោគដែលបង្កគ្រោះថ្នាក់ទេនោះ ពួកគេនឹងត្រូវអនុញ្ញាតឱ្យអាណាព្យាបាលបានចូលសួរសុខទុក្ខដោយមានផ្ទាំងកញ្ចក់ឃាំងកណ្ដាលរយៈពេល 2 ម៉ោង​ និងត្រូវស្គែនសម្លាប់មេរោគជាមុនសិន មុនពេលចូលជួបមុខគ្នា។ ហើយប្រមាណជា 7ថ្ងៃទៀត បើគ្មា​នអ្វីគួរឱ្យបារម្ភទេនោះ គ្រូពេទ្យនឹងអនុញ្ញាតឱ្យក្មេងៗ ត្រឡប់ទៅផ្ទះបាន៕

Leave a Reply

Your email address will not be published. Required fields are marked *