ឃ្លាំងស្តុក និងឡសម្ងួតស្រូវធំជាងគេនៅខេត្តកំពង់ស្ពឺ ដែលមានសមត្ថភាពស្តុកស្រូវបាន 5ម៉ឺនតោន និងឡដែលអាចសម្ងួតស្រូវបានចំនួន 1,500តោនក្នុងមួយថ្ងៃ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការកាលពីម្សិលមិញ។
ឯកឩត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទបានលើកឡើងថា កន្លងមកដោយមើលឃើញពីបញ្ហាតម្លៃស្រូវនៅលើទីផ្សារមានការធ្លាក់ចុះដោយមិនសមហេតុផល ជាពិសេសកាលពីឆ្នាំ2016 ដែលនៅពេលនោះរាជរដ្ឋាភិបាលបានរិះរកដំណោះស្រាយបន្ទាន់ដើម្បីធ្វើយ៉ាងណាឱ្យតម្លៃស្រូវរបស់កសិករមានស្ថិរភាពឡើងវិញ។
ឯកឧត្តម បន្តថា ភ្លាមៗប្រមុខរាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ឥណទានពិសេសបន្ទាន់មួយតាមរយៈធនាគារអភិវឌ្ឍន៍ជនបទដើម្បីផ្ដល់ជូនដល់បណ្តារោងម៉ាស៊ីនទាំងឡាយណាដែលមានតម្រូវការឥណទានក្នុងការប្រមូលទិញស្រូវក្នុងតម្លៃទីផ្សារ។
ទន្ទឹមនេះជាដំណោះស្រាយយូរអង្វែង រាជរដ្ឋាភិបាលបានទម្លាក់នូវឥណទានពិសេសបន្ថែមមកធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីធ្វើជាប្រតិបត្តិករអនុវត្តគម្រោងផ្តល់ឥណទានជូនក្រុមហ៊ុនឯកជនឱ្យធ្វើការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសម្ងួតស្រូវ ដែលក្នុងនោះមាននៅខេត្តបាត់ដំបងមានលទ្ធភាពស្តុកស្រូវបានចំនួន 2សែនតោន និងមានលទ្ធភាពសម្ងួត 3,000តោនក្នុងមួយថ្ងៃ និងនៅ 3តំបន់ផ្សេងទៀត រួមមានខេត្តកំពង់ធំ តាកែវ និងព្រៃវែង ហើយតំបន់នីមួយៗមានសមត្ថភាពស្តុកស្រូវបានចំនួន 5ម៉ឺនតោន និងឡដែលមានសមត្ថភាពសម្ងួតស្រូវបានចំនួន 1,500តោនក្នុងមួយថ្ងៃ។
បន្ទាប់ពីយន្តការនេះបានដាក់ចេញមក តម្លៃស្រូវរបស់បងប្អូនប្រជាពលរដ្ឋបានស្ទុះងើបឡើងវិញពីចន្លោះ 1,150រៀល ទៅ1,200រៀលក្នុងមួយគីឡូក្រាមក្នុងពេលបច្ចុប្បន្ននេះ។
គួរបញ្ជាក់ថា ឃ្លាំងស្តុក និងឡសម្ងួតដែលធំជាងគេនៅក្នុងខេត្តកំពង់ស្ពឺនេះ ស្ថិតក្រោមគម្រោងវិនិយោគពិសេសក្នុងទម្រង់ជាបំណុលរបស់រាជរដ្ឋាភិបាលនៃកម្ពុជា ជាមួយក្រុមហ៊ុនខ្មែរហ្វូត គ្រុប ភីអិលស៊ី តាមរបៀប “សាងសង់-ប្រតិបត្តិការ-និងទូទាត់សំណង” (B.O.P.) ក្នុងតម្លៃសរុបចំនួន 5លានដុល្លារអាមេរិក៕