នៅឆ្នាំនេះ ការរៀបចំប្រឡងមធ្យមសិក្សាទុតិយភូមិនៅតែមានលក្ខណៈហ្មត់ចត់ ហើយច្បាស់លាស់មិនខុសពីរាល់ឆ្នាំនេះទេ ហេតុនេះបេក្ខជនចាំបាច់ត្រូវយកចិត្តទុកដាក់លើគ្រប់ចំណុចទាំងអស់ ដើម្បីធានាថាពួកគេអាចចូលរួមប្រឡងដោយគ្មានការព្រួយបារម្ភ។
ចំពោះបញ្ហាវិន័យ និងគោលការណ៍ប្រឡង សិស្សចាំបាច់ត្រូវតែដឹង ព្រោះថា ប្រសិនបើពួកគេធ្វើខុសនឹងគោលការណ៍មួយចំនួនពួកគេអាចនឹងប្រឈមមុខជាមួយនឹងបញ្ហានានាដែលអាចឈានរហូតដល់ធ្លាក់ថែមទៀតផង។ ខាងក្រោមនេះជាគោលការណ៍មួយចំនួនដែលបេក្ខជនត្រូវដឹង៖
1- ត្រូវមកដល់មណ្ឌលប្រឡងឱ្យបានមុនដំណើរការនៃការប្រឡង
2- ត្រូវស្លៀកពាក់ឯកសណ្ឋានសិស្ស ដោយប្រើអាវពណ៌ស និងខោ ឬសំពត់ពណ៌ខៀវ ដាក់ក្នុងខោ ឬសំពត់ឱ្យបានត្រឹមត្រូវ
3- ត្រូវយកមកនូវអត្តសញ្ញាណប័ណ្ណ ឬលិខិតសម្គាល់ខ្លួនមានបិទរូបថតថ្មី និងមានចុះហត្ថលេខានាយកសាលាត្រឹមត្រូវច្បាស់លាស់។ ចំពោះបេក្ខជនស្វៃរិន ត្រូវយកមកនូវសលាកបត្រឯកត្តជន ដែលមានហត្ថលេខារបស់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត
4- ត្រូវយកចូលក្នុងបន្ទប់ប្រឡងនូវសម្ភារប្រើប្រាស់ ដែលក្រសួងអប់រំ យុវជន និងកីឡាអនុញ្ញាតឱ្យប្រើ ៖ ប៊ិចពណ៌ខៀវ ខ្មៅដៃ បន្ទាត់ ដែកឈាន រ៉ាបព័រទ័រ។
5- ត្រូវអនុវត្តតាមការណែនាំរបស់គណៈមេប្រយោគ និងអ្នកមានសមត្ថកិច្ចថែរក្សាសណ្ដាប់ធ្នាប់ ក្នុងការដកហូតសំណៅឯកសារ សម្ភារផ្សេងៗ ដែលក្រសួងមិនអនុញ្ញាតឱ្យយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡង
6- ត្រូវគោរពតាមការណែនាំរបស់អនុរក្ស ដូចជាអង្គុយចំតាមលេខតុ ដែលអនុរក្សបានបង្ហាញ បំពេញលើក្បាលសន្លឹកកិច្ចការ ដែលអនុរក្សបានចែកឱ្យ ប្រគល់សន្លឹកកិច្ចការជូនអនុរក្សវិញ នៅពេលដល់ម៉ោង ទោះបីកិច្ចការនោះបានធ្វើ ឬពុំបានធ្វើក៏ដោយ
7- ត្រូវរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង និងត្រូវគោរពឱ្យបានត្រឹមត្រូវនូវបទប្បញ្ញត្តិនៃការប្រឡង៕