ដើម្បីកាត់បន្ថយហានិភ័យរឿងបន្លែធ្លាក់ថ្លៃ និងការហូរចូលបន្លែគីមីពីប្រទេសជិតខាង កសិករត្រូវតែមានផែនការច្បាស់លាស់ និងចងក្រងគ្នាជាក្រុម ហើយងាកមកដាំបន្លែសរីរាង្គ និងបន្លែសុវត្ថិភាពឱ្យបានផុលផុស ដើម្បីទប់ស្កាត់ការនាំចូលបន្លែគីមីមកក្នុងប្រទេសដែលនាំឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ។
លោក អ៊ុក សុគន្ធ ប្រធានការិយាល័យកសិកម្មស្រុកស្អាងបានមានប្រសាសន៍ថា កត្តាដែលធ្វើឱ្យតម្លៃបន្លែចុះថោក គឺមកពីប្រជាកសិករចូលចិត្តដាំតាមគ្នា គ្មានផែនការច្បាស់លាស់ និងច្រើនសម្រុកដាំនៅរដូវបុណ្យទាន ទើបធ្វើឱ្យបន្លែជន់ច្រើន និងចុះថោក ហើយដើម្បីកាត់បន្ថយហានិភ័យនេះបាន កសិករត្រូវតែចងក្រងគ្នាជាក្រុម ត្រូវមានផែនការច្បាស់លាស់ និងត្រូវដាំប្រភេទបន្លែផ្សេងៗគ្នាទៅតាមតំបន់ ទើបអាចកាត់បន្ថយមិនឱ្យបន្លែជន់ច្រើនលើទីផ្សារដែលជាហេតុធ្វើឱ្យតម្លៃចុះថោកបាន។ ទន្ទឹមនឹងនោះដើម្បីអាចកាត់បន្ថយការធ្លាក់ថ្លៃ និងកាត់បន្ថយការនាំចូលបន្លែគីមីបាននោះ កសិករត្រូវតែងាកមកដាំបន្លែសរីរាង្គ និងបន្លែសុវត្ថិភាពវិញព្រោះនៅពេលដែលយើងដាំបានច្រើន អ្នកទទួលទានប្រាកដជាងាកមករកបន្លែសរីរាង្គ និងបន្លែសុវត្ថិភាពជាក់ជាមិនខាន ហើយក្រុមឈ្មួញដែលនាំបន្លែគីមីចូល ប្រាកដជាកាត់បន្ថយ ឬអាចលែងនាំចូលតែម្ដង។ ជាមួយគ្នានោះដែរ លោក អ៊ុក សុគន្ធ ក៏បានផ្តាំផ្ញើទៅប្រជាកសិករផងដែរថា “ត្រូវគិតថា យើងគឺជាអ្នកផលិតចំណីអាហារឱ្យទៅអ្នកទទួលទាន ហើយសូមកុំធ្វើខ្លួនជាអ្នកផលិតសារធាតុពុលឱ្យទៅអ្នកហូប ព្រោះវាមិនត្រឹមតែធ្វើឱ្យខូចសុខភាពរបស់អ្នកហូបទេ តែវាថែមទាំងប៉ះពាល់ខ្លាំងដល់ទាំងអ្នកដាំ ឬអ្នកផលិតខ្លួនឯងទៀតផង”។
លោក ទ្រី ណារ៉េត និងលោក ហ៊ុយ ថេង កសិករនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល បានធ្វើការប្រៀបធៀបកាលពីនៅដាំបន្លែធម្មតាតាមទម្លាប់ និងការដាំបន្លែក្នុងផ្ទះសំណាញ់ថា មានភាពខុសគ្នាឆ្ងាយណាស់ ទាំងសុខភាព ក៏ដូចជាជីវភាពដែរ។ ព្រោះការដាំបន្លែតាមទម្លាប់គឺយើងត្រូវប្រើកម្លាំងពលកម្មច្រើនក្នុងការថែទាំ ហើយត្រូវប្រើលុយក្នុងការជួលកម្លាំងពលកម្មមនុស្សដើម្បីមើលថែ និងធ្វើស្មៅជាប្រចាំ ព្រមទាំងត្រូវចំណាយលុយទិញជី និងថ្នាំពុលដើម្បីបាញ់សម្លាប់សត្វល្អិតចង្រៃថែមទៀត។ ដែលការបាញ់ថ្នាំម្តងៗ វាធ្វើឱ្យប៉ះពាល់ខ្លាំងណាស់ដល់សុខភាព ហើយមិនមែនតែខ្លួនឯងម្នាក់នោះទេ សូម្បីតែប្រពន្ធកូនក៏រងផលប៉ះពាល់ផងដែរ។ ក្រោយបន្លែបានផល លក់រួចយកមកទូទាត់ថ្លៃឈ្នួល ថ្លៃជី ថ្លៃថ្នាំ ក៏ដូចជាថែទាំសុខភាពរួច គឺស្ទើរតែគ្មាននៅសល់អ្វីទេ។ ប៉ុន្តែក្រោយពីងាកមកដាំបន្លែក្នុងមុងនេះម្ដងវិញ ឃើញថាអាចកាត់បន្ថយការចំណាយច្រើនហើយប្រើពេលខ្លីជាង និងទទួលបានទិន្នផលច្រើនជាង ពេលលក់ចេញក៏បានតម្លៃខ្ពស់ជាង និងធ្វើឱ្យជីវភាពប្រសើរឡើងជាងមុន។
គួរបញ្ជាក់ថា នៅទូទាំងស្រុកស្អាង មាន16ឃុំ និងមានផ្ទៃដីសរុប 51,495ហិកតា ក្នុងនោះដីស្រែប្រាំងចំនួន 9200ហិកតា ស្រែវស្សា2,700ហិកតា និងដីអនុផលចំនួន 5,720ហិកតា ក្នុងនោះដីអនុផលសម្រាប់រដូវប្រាំងមានចំនួន 2,920ហិកតា និងរដូវវស្សាចំនួន 2,807ហិកតា និងមានប្រជាពលរដ្ឋប្រមាណជាង 80ភាគរយជាកសិករ ហើយចូលចិត្តប្រកបរបរដាំបន្លែចម្រុះក្នុងនោះបន្លែយកមើមមានប្រមាណ 111ហិកតា បន្លែយកស្លឹក4,068ហិកតា និងបន្លែយកផ្លែចំនួន 941ហិកតា៕