ការអបអរការឈ្នះពានរបស់ក្រុមតោខៀវ Chelsea នឹងឈានដល់កម្រិតកំពូលជាមួយនឹងការទទួលពាន នៅពេលដែលក្រុម Sunderland ធ្វើដំណើរទៅកាន់ទឹកដីរបស់ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មួយនេះ នៅល្ងាចថ្ងៃអាទិត្យនេះ។
ក្រោយពីបានឈ្នះពានក្របខ័ណ្ឌកំពូលអង់គ្លេស ខណៈដែលនៅសល់២ប្រកួតទៀត ក្រុមរបស់លោក Antonio Conte កំពុងតែត្រៀមបញ្ចប់រដូវកាលនេះទាំងភាពរីករាយ បើទោះបីការដណ្តើមបានជ័យជម្នះ ៤-៣ លើក្រុម Watford កាលពីថ្ងៃចន្ទ បានបង្ហាញថា ពួកគេមិនចង់បញ្ចប់រដូវកាលនេះទាំងភាពស្ងប់ស្ងាត់ក៏ដោយ។ ការជួបប្រកួតជាមួយនឹងក្រុម Sunderland ដែលត្រូវបានកាត់ចេញរួចជាស្រេច នឹងអនុញ្ញាតឲ្យពួកគេបញ្ចប់រដូវកាលទាំងភាពរីករាយ នៅមុនពេលលើកពាន Premier League នៅថ្ងៃចុងក្រោយនៃរដូវកាលនេះ។
ខ្សែការពារ John Terry នឹងលើកពាននេះនៅថ្ងៃចុងក្រោយនៃការធ្វើជាប្រធានក្រុមរបស់ Chelsea នៅមុនពេលពួកគេធ្វើការផ្តោតអារម្មណ៍ទៅលើការប្រកួតពាន FA Cup វគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Arsenal ស្របពេលដែលក្រុមរបស់លោក Conte កំពុងស្រេកឃ្លានក្នុងការឈ្នះពានពីរនៅរដូវកាលតែមួយ។ Terry នឹងចាកចេញពីក្លិបមួយនេះដែលរូបគេបានចូលលេងអស់រយៈពេល២២ឆ្នាំមកហើយ នៅចុងរដូវកាលនេះ ហើយលោក Conte បានបញ្ជាក់ថា លោករំពឹងទុកថា Gary Cahill នឹងត្រូវទទួលតំណែងជាប្រធានក្រុមនៅរដូវកាលក្រោយ។ លោក Conte បានឲ្យដឹងថា៖ «Gary គឺជាអនុប្រធានរបស់យើងនៅរដូវកាលនេះ។
រូបគេបានដឹកនាំការប្រកួតរាល់ពេលដែល Terry មិនបានចូលលេង។ ពិតណាស់ Gary បានការពារយ៉ាងល្អក្នុងពេលធ្វើជាប្រធានក្រុម ប៉ុន្តែ វាពិតជាសំខាន់ណាស់ក្នុងការបញ្ចប់រដូវកាលនេះ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៩រាត្រីនេះ៕
ប្រភពពី៖ Reuters