ក្រសួងពាណិជ្ជកម្មកម្ពុជាកំពុងស្វែងរកជំនួយរបស់ជប៉ុនដើម្បីកែលម្អផលិតផលដែលផលិតដោយសហគ្រាសខ្នាតតូច និងមធ្យមនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានស្នើសុំឱ្យពួកគេពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីបង្កើនគុណភាពផលិតផលក្នុងស្រុកឱ្យមានគុណភាពស្តង់ដារបស់ជប៉ុន ដែលអាចយកទៅប្រើប្រាស់ក្នុងតម្រូវការក្នុងស្រុក ឬត្រូវបាននាំចេញទៅប្រទេសជប៉ុន។ នេះបើតាមការឱ្យដឹងក្រោយពីជំនួបមួយរបស់លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាជាមួយលោក Miyao Masahiroប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(Jetro) )Japan External Trade Organization។
លោក ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា ៖«ប្រទេសកម្ពុជាត្រូវការវិនិយោគិនជប៉ុនដើម្បីសហការជាមួយសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកក្នុងការអភិវឌ្ឍខ្សែចង្វាក់តម្លៃផលិតផលមួយចំនួនឱ្យមានគុណភាពខ្ពស់ និងស្តង់ដារបែបជប៉ុនសំដៅឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុកដែលអាចត្រូវបានដាក់លក់នៅផ្សារទំនើបអ៊ីអន និងនាំចេញទៅកាន់ទីផ្សារជប៉ុន»។
ជាការឆ្លើយតបទៅនឹងសំណើរបស់លោករដ្ឋមន្ត្រី លោកMasahiro បានសន្យាថានឹងលើកកម្ពស់ឱកាសអាជីវកម្មនៅក្នុងប្រទេសកម្ពុជានៅក្នុងប្រទេសកំណើតរបស់ខ្លួន និងជំរុញឱ្យក្រុមហ៊ុនជប៉ុនវិនិយោគក្នុងវិស័យSMEកម្ពុជា។ លោកក៏បានសន្យាខិតខំផ្សព្វផ្សាយអំពីឱកាស និងសក្តានុពលវិនិយោគរបស់ប្រទេសកម្ពុជាដល់សហគមន៍ធុរកិច្ចនៅក្នុងប្រទេសជប៉ុនដើម្បីកៀងគរវិនិយោគិនជប៉ុនឱ្យចូលមកបណ្តាក់ទុនកាន់តែច្រើនលើវិស័យSME និងវិស័យអាទិភាពផ្សេងៗរបស់កម្ពុជាសំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុនបានកើនឡើងក្នុងអំឡុងពេល3ខែដំបូងនៃឆ្នាំ2018 ដោយឈានដល់ 390លានដុល្លារកើនឡើង15ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ យោងតាមតួលេខពីក្រុមហ៊ុន Jetro ការនាំចូលពីជប៉ុនបានធ្លាក់ចុះ1,7%មកនៅត្រឹម87,3លានដុល្លារដោយបង្កើនឱនភាពពាណិជ្ជកម្មជាមួយប្រទេសជប៉ុន។
លោក សៀង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់កាសែតឡារ៉ែនតាមទូរស័ព្ទថា ក្នុងគោលបំណងជាសំខាន់នៃជំនួបជាមួយភាគីជប៉ុន(Jetro)នោះ គឺកម្ពុជាចង់ឱ្យលោកMasahiroជាតំណាងថ្មីបន្តការងារក្នុងស្ថានភាពសហការគ្នាក្នុងសភាពដដែល ដោយក្រសួងបានសន្យា ពង្រឹងកិច្ចសហប្រតិបត្តិការ ដោយបន្តផ្តល់ការគាំទ្រគ្រប់បែបយ៉ាងជូនវិនិយោគិនជប៉ុនដែលមានបំណងបណ្តាក់ទុនធ្វើពាណិជ្ជកម្ម និងនៅតែបន្តជួយសម្រួលវិនិយោគិនជប៉ុនក្នុងការចុះបញ្ជីក្រុមហ៊ុន និងការពង្រីកធុរកិច្ច និងវិនិយោគរវាងកម្ពុជាជប៉ុន នៅក្នុងប្រទេសកម្ពុជា។
លោកបានបន្តថា៖«ជាពិសេសក្នុងការដែលឱ្យជប៉ុនជួយក្នុងវិស័យSMEគឺជំរុញក្នុងការលើកកម្ពស់ស្តង់ដារផលិតកម្មតាមមធ្យោបាយណាក៏ដោយ ដែលមានគុណភាពខ្ពស់ និងស្តង់ដារបែបជប៉ុនសំដៅឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុកផង និងអាចនាំចេញទៅកាន់ទីផ្សារក្រៅស្រុកផងដែរ»។ ការនាំចេញទៅកាន់ទីផ្សារក្រៅស្រុកបានច្រើនជាការទទួលខុសត្រូវរបស់ក្រសួងពាណិជ្ជកម្ម ព្រោះការដែលនាំចេញផលិតផលបានកាន់តែច្រើន ជាចរន្តនៃលំហូរទំនិញនៃភាគីទាំងពីរនាំមកនូវកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេស។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ជាមួយនឹងគម្រោងដែលបានចុះបញ្ជីជាង130គម្រោងដែលបានវិនិយោគនៅក្នុងវិស័យធនាគារវិស័យអចលនទ្រព្យវិស័យឧស្សាហកម្មសេវាកម្មនិងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យជាច្រើនមុខផ្សេងទៀត។ ការវិនិយោគរបស់ជប៉ុននៅក្នុងព្រះរាជាណាចក្រកម្ពុជាមានតម្លៃ1,6 ប៊ីលានដុល្លារនៅក្នុងឆ្នាំ2017៕