ប្រជាជនកម្ពុជានឹងអាចមានលទ្ធភាពធ្វើដំណើរតាមរថភ្លើងឆ្ពោះទៅប្រទេសសិង្ហបុរីបានដោយឆ្លងកាត់ប្រទេសថៃ ដោយមិនចាំបាច់ជិះយន្តហោះទៀតឡើយ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកញ្ជូនដែលបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងពិធីដាក់ឱ្យដំណើរការផ្លូវរថភ្លើងពីពោធិ៍សាត់ ទៅភ្នំពេញ។
ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងថា ប្រជាពលរដ្ឋខ្មែរដែលចង់ធ្វើដំណើរតាមរថភ្លើងពីកម្ពុជាទៅសិង្ហបុរី(Singapore)អាចជិះរថភ្លើងបន្តពីប្រទេសថៃទៅបាន ព្រោះថៃមានខ្សែរថភ្លើងភ្ជាប់ទៅសិង្ហបុរីស្រាប់។ ជាមួយគ្នានោះដែរ កម្ពុជាក៏កំពុងស្នើខាងថៃ ឱ្យសិក្សាការតភ្ជាប់រថភ្លើងរបស់កម្ពុជាទៅសិង្ហបុរីត្រង់តែម្ដងដោយមិនបាច់ចាំឱ្យអ្នកដំណើរដូររថភ្លើងនោះទេ។ ជាងនេះទៀតកម្ពុជា និងថៃក៏កំពុងត្រៀមចុះកិច្ចព្រមព្រៀងដាក់ឱ្យប្រតិបត្តិការតភ្ជាប់ខ្សែរថភ្លើងរវាងប្រទេសទាំងពីរនៅថ្ងៃខាងមុខផងដែរ។
ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា៖ «ផ្លូវរថភ្លើងភ្ជាប់ព្រំដែនកម្ពុជា-ថៃត្រង់ចំណុចប៉ោយប៉ែតយើងបានធ្វើរួចរាល់អស់ហើយ យើងរង់ចាំតែមេដឹកនាំប្រទេសទាំងពីរជួបគ្នា និងចុះហត្ថលេខាប៉ុណ្ណោះ»។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី6 កក្កដាកន្លងទៅ តំណាងមន្ត្រីមកពីភាគីថៃបានមកចរចាជាមួយភាគីកម្ពុជារួចរាល់ហើយ និងមិនយូរនោះទេ កិច្ចព្រមព្រៀងនេះនឹងបញ្ចប់ជាផ្លូវការ។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី លោក ប្រាយុធ ចាន់អូឆា បានសន្យាថា នឹងផ្ដល់ក្បាលរថភ្លើងចំនួន 4គ្រឿងដល់កម្ពុជាផងដែរ។
តែទោះបីជាភាគីទាំង2 បានបញ្ចប់កិច្ចព្រមព្រៀងជាផ្លូវការហើយក្ដី ក៏មិនមែនបានន័យថាយើងនឹងបើកការធ្វើដំណើរនាថ្ងៃនោះដែរ ដោយហេតុថានៅមានកិច្ចព្រមព្រៀងដទៃទៀតជាច្រើនដែលត្រូវបំពេញដូចជាសមត្ថកិច្ចតាមព្រំដែនដែលត្រូវរៀបចំទាំងសងខាង ពោលគឺទ្វេភាគីត្រូវត្រៀមខ្លួនឱ្យរៀបរយសិនទើបអាចធ្វើដំណើរបានដោយសុវត្ថិភាពទៅដល់គោលដៅ៕