ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក បានរកគ្រាប់បាល់បំប៉ោងសំណាញ់ទីនៅដើមតង់ ហើយបន្ទាប់មក បានរារាំងការវាយបកនៅជិតបញ្ចប់ការប្រកួតរបស់ប្រេស៊ីល ដើម្បីធ្វើឱ្យក្រុមម្ចាស់ជើងឯក5សម័យកាលមួយនេះ ធ្លាក់ចេញពីយុទ្ធនាការ World Cup ក្នុងវគ្គ 8ក្រុមចុងក្រោយ តាមរយៈការដណ្តើមបានជ័យជម្នះ 2-1 ក្នុងការប្រកួតដ៏រំភើបមួយកាលពីថ្ងៃសុក្រ។
ជ័យជម្នះនេះ នឹងធ្វើឱ្យក្រុមជម្រើសជាតិទៅប៉ះក្រុមនៅអឺរ៉ុបដូចគ្នាគឺ បារាំង ដែលបានទម្លាក់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ក្នុងលទ្ធផល 2-០ ក្នុងការប្រកួតគូទី1នាថ្ងៃដដែលនោះ។ ការធ្វើឱ្យបាល់ចូលទីខ្លួនឯង 1គ្រាប់ពីកីឡាករ Fernandinho និងគ្រាប់បាល់បញ្ចូលទីយ៉ាងល្អរបស់ខ្សែបម្រើ Kevin De Bruyne បានជួយឱ្យក្រុមជម្រើសជាតិបែលហ្ស៊ិក ឡើងទៅប៉ះក្រុមជិតខាង បារាំង ក្នុងទីក្រុង St Petersburg នៅថ្ងៃអង្គារខាងមុខនេះ។ ប្រេស៊ីល នឹងធ្លាក់ចេញត្រឹមវគ្គ 8ក្រុមចុងក្រោយជាលើកទី3 ក្នុងយុទ្ធនាការ World Cup 4លើកចុងក្រោយ បើទោះបីមានការខិតខំព្យាយាមយ៉ាងខ្លាំងក្លាពីសំណាក់ខ្សែប្រយុទ្ធ Neymar ដែលបានដើរតាមផ្លូវរបស់ Lionel Messi របស់អាហ្សង់ទីន និងCristiano Ronaldo របស់ព័រទុយហ្គាល់ ក្នុងការធ្លាក់ចេញពីយុទ្ធនាការនេះ។
លោក Roberto Martinez គ្រូបង្វឹកនៃក្រុមជម្រើសជាតិបែលហ្ស៊ិក បានឱ្យដឹងថា៖ «ខ្ញុំគិតថា ខ្ញុំគឺជាអ្នកមានមោទនភាពបំផុតនៅលើផែនដីក្នុងពេលនេះ។ សម្រាប់ខ្ញុំ ប្រេស៊ីល គឺជាក្រុមខ្លាំងបំផុតក្នុងយុទ្ធនាការនេះ ហើយពីតណាស់ ជាក្រុមផ្តល់គ្រោះថ្នាក់បំផុតសម្រាប់ការលេងដោយបើកចំហ។ យើងត្រូវតែការពារឱ្យល្អរហូតដល់ 90នាទី។ ប៉ុន្តែ ខ្ញុំមានអារម្មណ៍ថា ទម្រង់លេងរបស់យើងស័ក្តិសមក្នុងការទទួលបានឱកាសទៅវគ្គបន្ត»៕
ប្រភពពី៖ Reuters