ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស កាលពីថ្ងៃអាទិត្យ កំពុងតែសម្លឹងឆ្ពោះទៅរកការឈានទៅកាន់ការប្រកួតព្រឹត្តិការណ៍ World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទី1 របស់ពួកគេ បើគិតចាប់តាំងពីឆ្នាំ1990 ខណៈដែលអ្នកគាំទ្ររបស់រុស្ស៊ី បានថ្លែងអំណរគុណដល់កីឡាករដែលខកចិត្តរបស់ខ្លួន ក្រោយពីដំណើរផ្សងព្រេងក្នុង World Cup របស់ពួកគេ ត្រូវបានបញ្ចប់ក្រោមស្នាដៃក្រុមជម្រើសជាតិក្រូអាស៊ី។
ក្រុមយុវជនរបស់លោក Gareth Southgate បានយកឈ្នះលើក្រុមជម្រើសជាតិស៊ុយអែត ក្នុងលទ្ធផល 2-០ កាលពីថ្ងៃសៅរ៍ ដែលនាំឱ្យមានការអបអរយ៉ាងខ្លាំងក្លា ក្នុងប្រទេសអង់គ្លេស ខណៈដែលមនុស្សយ៉ាងហោចណាស់ 20លាននាក់បានទស្សនាការប្រកួតនេះ នៅតាមកញ្ចក់ទូរទស្សន៍។ ពួកគេនឹងត្រូវជួបជាមួយនឹងក្រុមជម្រើសជាតិក្រូអាស៊ី ដែលត្រូវតែឈានដល់ការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី សម្រាប់ការប្រកួត 2លើកជាប់ៗគ្នា ពីមុខអ្នកទស្សនាដោយផ្ទាល់ចំនួន 8ម៉ឺននាក់ នាកីឡដ្ឋាន Luzhniki ក្នុងទីក្រុងម៉ូស្គូ កាលពីថ្ងៃពុធ។ ប៉ុន្តែ ដំបូងឡើយ ក្រុមជម្រើសជាតិបែលហ្ស៊ិក របស់លោក Roberto Martinez នឹងត្រូវព្យាយាមឈានទៅព្រឹត្តិការណ៍ World Cup វគ្គផ្តាច់ព្រ័ត្រ ជាលើកទី1 របស់ពួកគេ នៅពេលដែលពួកគេជួបជាមួយនឹងក្រុមជើងខ្លាំង បារាំង ក្នុងទីក្រុង Saint Petersburg នៅថ្ងៃអង្គារនេះ។
ក្រុមជម្រើសជាតិអង់គ្លេស កំពុងតែស្ថិតក្នុងភាពរំភើបក្នុងពេលក្រុមរបស់ខ្លួនឈានទៅវគ្គ 4ក្រុមចុងក្រោយនៃយុទ្ធនាការ World Cup ខណៈអ្នកគាំទ្រចាប់ផ្តើមជឿជាក់ថា ពួកគេអាចលើកពានជាលើកទី1 បើគិតចាប់តាំងពីឆ្នាំ1966។ គ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់ខ្សែការពារ Harry Maguire របស់ក្លិប Leicester និងខ្សែបម្រើ Dele Alli របស់ Tottenham បានជួយឱ្យអង់គ្លេស ទទួលជ័យជម្នះលើក្រុមជម្រើសជាតិស៊ុយអែត ក្នុងទីក្រុង Samara ស្របពេលដែលកីឡាករឆ្នើមប្រចាំការប្រកួតគឺអ្នកចាំទី Jordan Pickford បានសង្គ្រោះបាល់ដ៏ល្អចំនួន 3លើក៕
ប្រភពពី៖ Channel News Asia