នៅក្នុងដំណើរជីវិតរស់នៅប្រចាំថ្ងៃ មនុស្សគ្រប់គ្នាតែងប្រាថ្នាចង់បានភាពថ្កុំថ្កើង មានមុខមាត់ មានកិត្តិយស និងក្លាយជាមនុស្សមានឥទ្ធិពលជាដើម។ តែជាទូទៅ អ្វីទាំងអស់នោះមិនមែនបានមកដោយងាយនោះទេ ហើយមានមនុស្សមិនច្រើនទេដែលអាចសម្រេចបំណងប្រាថ្នារបស់ខ្លួនបាន ខណៈមនុស្សជាច្រើនទៀតព្យាយាមស្ទើរពេញមួយជីវិត តែមិនអាចទទួលបាន ឬទទួលបានត្រឹមតែផ្នែកខ្លះប៉ុណ្ណោះ។
នៅសប្តាហ៍នេះអ្នកយកព័ត៌មាននៃកាសែត ឡារ៉ែន ពាណិជ្ជ បានធ្វើបទសម្ភាសជាមួយលោក ង៉ែត សុខឡា អ្នកនិពន្ធសៀវភៅ I Set My Mind to win 101 ឬហៅជាភាសាខ្មែរថា វិធីសាស្ត្រ 101យ៉ាងដែលជាសៀវភៅបង្ហាញពីវិធីសាស្ត្រកសាងភាពល្អប្រសើរក្នុងការរស់នៅដោយចាប់ផ្តើមពីការកសាងខ្លួនឯង ដើម្បីយកឈ្នះខ្លួនឯង ដែលយើងនឹងបង្ហាញលម្អិតពីគន្លឹះសំខាន់ៗក្នុងការនិពន្ធស្នាដៃយ៉ាងមានប្រជាប្រិយភាព និងកំពុងទទួលបានការគាំទ្រខ្លាំងពីប្រជាជនកម្ពុជា ដែលភាគច្រើនជាយុវជន។
1. តើមូលហេតុអ្វីទើបលោកនិពន្ធសៀវភៅ I Set My Mind to Win 101 នេះឡើង?
បើនិយាយពីការសរសេរសៀវភៅ ខ្ញុំនឹកឃើញរឿងមួយចំនួនដែលពីមុនមកខ្ញុំគ្រាន់តែជាក្មេងក្នុងត្រកូលកសិករម្នាក់នៅស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលជាភូមិលិចទឹក និងត្រូវធ្វើដំណើរយ៉ាងលំបាកដើម្បីទៅរៀនដោយឆ្លងភក់ជារៀងរាល់ថ្ងៃ។ នៅពេលនោះ ខ្ញុំមិនដែលមានគំនិតថាចង់ក្លាយជាអ្នកនិពន្ធនោះទេ តែក្រោយមកនៅពេលដែលខ្ញុំធំឡើង ហើយឆ្លងកាត់ឧបសគ្គជាច្រើន ខ្ញុំនឹកឃើញថាខ្ញុំត្រូវតែធ្វើអ្វីម្យ៉ាងដើម្បីចែករំលែកដល់ក្មេងៗជាច្រើនផ្សេងទៀតឱ្យមានការតស៊ូក្នុងជីវិត និងជំរុញឱ្យមនុស្សមានសីលធម៌ល្អក្នុងការរស់នៅ។ ហេតុនេះខ្ញុំក៏ចាប់ផ្តើមធ្វើការស្រាវជ្រាវតាមរយៈការអានឯកសារជាច្រើនពាក់ព័ន្ធនឹងការកសាងខ្លួនឯង ទាំងផ្នែកផ្លូវចិត្ត និងចំណេះដឹងខាងក្រៅផ្សេងទៀត ស្របពេលដែលខ្ញុំបានចំណាយពេលជាច្រើនដើម្បីចូលរួមក្នុងសិក្ខាសាលារាប់រយសិក្ខាសាលា ដើម្បីទទួលបានគំនិតសរសេរ។
តែទោះជាយ៉ាងនេះក្តី គ្រាន់តែអាន និងចូលរួម មិនបានធ្វើឱ្យខ្ញុំក្លាយជាអ្នកសរសេរម្នាក់នោះទេអ្វីដែលធ្វើឱ្យខ្ញុំទទួលបានលទ្ធផលគឺចាប់ផ្តើមពីការកត់ទុកនូវអ្វីដែលខ្ញុំបានអាន រួមទាំងគំនិតល្អៗដែលកើតចេញពីការចូលរួមក្នុងកម្មវិធីសំខាន់ៗជាច្រើន។ ម្យ៉ាងវិញទៀត គំនិតទាំងអស់នោះកើតចេញពីការអនុវត្តការងារជាក់ស្តែងនៅពេលដែលខ្ញុំធ្វើការងារជាមួយយុវជន ដូចជាគម្រោងបង្រៀនទាំងជំនាញរឹង និងជំនាញទន់ ជាមួយនិស្សិតនៅមហាវិទ្យាល័យ និងនៅតាមសហគមន៍។ បទពិសោធសំខាន់មួយផ្សេងទៀតនោះគឺខ្ញុំទទួលបាននៅពេលដែលខ្ញុំធ្វើជាប្រធានសភានិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ដែលពេលនោះគឺត្រូវធ្វើការងារជាច្រើនដើម្បីជំរុញការអភិវឌ្ឍសមត្ថភាពដល់យុវជនដើម្បីក្លាយជាធនធានដែលមានសមត្ថភាព និងធ្វើការងារដើម្បីជាប្រយោជន៍សម្រាប់សង្គម។ ស្របពេលជាមួយគ្នានេះ ខ្ញុំនិពន្ធសៀវភៅនេះក្នុងគោលបំណងសំខាន់ៗចំនួន 3យ៉ាងគឺ
ទី1 ខ្ញុំចង់ជួយដល់មូលនិធិ KP Foundation ដែលជាមូលនិធិអាហារូបករណ៍របស់លោកតាបណ្ឌិត កុល ផេង សម្រាប់ជួយដល់និស្សិតក្រីក្រនៅគ្រប់ទីកន្លែង។ ស្របពេលដែលលោកតាបណ្ឌិត កុល ផេង ចង់បង្កើតផលិតផលសំខាន់សម្រាប់មូលនិធិនេះ លោកបានគិតថា ផលិតផលរបស់មូលនិធិសម្រាប់ការអប់រំ គឺមានតែសៀវភៅទេ ហេតុនេះស្របពេលដែលខ្ញុំមានស្នាដៃសៀវភៅ ខ្ញុំក៏បានប្រគល់ស្នាដៃនេះជូនជាផលិតផលរបស់ KP Foundation នេះតែម្តង។
ទី2 ខ្ញុំគិតថា ខ្ញុំជាកូនអ្នកក្រ ខ្ញុំធ្លាប់ឆ្លងកាត់ការលំបាកជាច្រើនដើម្បីទទួលបានការអប់រំនៅ
ពេលនេះ ហើយក្នុងភូមិរបស់ខ្ញុំដោយសារតែជាភូមិដែលលិចទឹក 6ខែ និងគោក 6ខែ បញ្ហានេះធ្វើឱ្យយុវជននៅតំបន់នោះតិចតួចប៉ុណ្ណោះអាចបន្តការសិក្សានៅមហាវិទ្យាល័យ។ ហេតុនេះនៅ
ពេលដែលខ្ញុំបានទទួលការអប់រំ ខ្ញុំចង់បង្កើតស្នាដៃ
ដើម្បីលើកទឹកចិត្តដល់ឪពុកម្តាយខ្ញុំឱ្យគាត់មាន
សង្ឃឹម និងជាគំរូមួយសម្រាប់ការយកចិត្តទុកដាក់ពីការអប់រំ។
ទី3 ខ្ញុំចង់ពង្រីកគំនិត និងជំរុញការអាននៅកម្ពុជា ព្រោះការអានមានសារៈសំខាន់ខ្លាំងណាស់សម្រាប់និស្សិតទាំងការប្រើប្រាស់ពាក្យ វេយ្យ-
ករណ៍ និងគំនិតអប់រំផ្លូវចិត្ត។
2. ហេតុអ្វីបានជាលោកដាក់ចំណងជើងសៀវភៅនេះថា I Set My Mind to Win 101? ហើយសៀវភៅនេះផ្តល់គុណតម្លៃអ្វីខ្លះដល់អ្នកអាន?
ខ្ញុំដាក់ចំណងជើងថា I Set My Mind to Win
101 នេះគឺចង់ជំរុញឱ្យមនុស្សកំណត់គោលការណ៍ដើម្បីទទួលបានជោគជ័យក្នុងជីវិតតាមរយៈការ-
យកឈ្នះទម្លាប់អាក្រក់របស់ខ្លួន ដោយក្នុងនោះរួមទាំងការគិតអវិជ្ជមាន ការកុហក់ខ្លួនឯង និងរឿងរ៉ាវជាច្រើនផ្សេងទៀតដែលអាចបំផ្លាញដល់
ការរស់នៅរបស់មនុស្សផង។ អ្នកអានអាចនឹង
ទទួលបានមេរៀនល្អៗសម្រាប់បណ្តុះទម្លាប់ល្អ ការជំរុញទឹកចិត្ត បណ្តុះក្តីសង្ឃឹម និងផ្នត់គំនិតសីលធម៌ល្អ ដើម្បីជំរុញឱ្យគាត់ក្លាយជាមនុស្សដែលមានសមត្ថភាពប្រកបដោយសក្តានុពល។
សៀវភៅនេះអាចជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់មួយក្នុងការជំរុញឱ្យសង្គមពោរពេញដោយការ-
គោរពគ្នា ចេះក្រែងចិត្តគ្នា និងធ្វើការងារជាមួយគ្នាប្រកបដោយថាមពលនៃគំនិតយ៉ាងសកម្ម។ ខ្ញុំនិយាយបែបនេះ ព្រោះអ្វីគ្រប់យ៉ាងលើលោកនេះ កើតចេញពីគំនិត បន្ទាប់ពីមានគំនិតហើយ គាត់នឹងអាចមានសកម្មភាព ដែលនាំទៅរកភាពវិជ្ជមាន និងចែករំលែករហូតក្លាយជាវប្បធម៌វិជ្ជមាននៅក្នុងសង្គម មិនថាការធ្វើការងារ ការប្រកបអាជីវកម្ម ឬការរស់នៅប្រចាំថ្ងៃនោះទេ។
3. តើមុនពេលអាន និងក្រោយពេលអាន មនុស្សអាចនឹងមានភាពប្រែប្រួលជាវិជ្ជមានអ្វីខ្លះ?
ចំពោះបញ្ហាប្រែប្រួលជាវិជ្ជមាន អវិជ្ជមាន ឬមិនប្រែប្រួលអ្វីទាំងអស់នោះ គឺអាស្រ័យលើអ្នកអានខ្លួនឯងផ្ទាល់ ព្រោះមនុស្សម្នាក់ៗមិនដូចគ្នាទេ។ ជាឧទាហរណ៍ នៅពេលដែលមនុស្សណាម្នាក់មានអារម្មណ៍ថាមិនសូវស្រួលខ្លួន គាត់ទៅពេទ្យ ហើយពេទ្យបានឱ្យថ្នាំហើយចេញវេជ្ជបញ្ជាថា ឱ្យលេប-ថ្នាំព្រឹក ថ្ងៃ ល្ងាច។ ពេលត្រឡប់មកផ្ទះវិញ អ្នកជំងឺគិតតែពីទន្ទេញវេជ្ជបញ្ជានោះ ហើយមិនព្រមលេបថ្នាំគាត់នឹងមិនអាចជាសះស្បើយបានឡើយ។ ងាកមកសៀវភៅដែលខ្ញុំនិពន្ធនេះវិញក៏ដូចគ្នា ខ្ញុំផ្តល់ឱ្យអ្នកអាននូវគន្លឹះសម្រាប់ការអនុវត្តដើម្បីបណ្តុះភាពជាអ្នកដឹកនាំខ្លួនឯង ជំរុញសីលធម៌ និងវិធីសាស្ត្រអប់រំផ្លូវចិត្តមួយចំនួនដើម្បីទទួលបានភាព-ថ្កុំថ្កើង តែប្រសិនបើគាត់មិនអនុវត្ត គាត់នឹងមិនទទួលបានលទ្ធផលអ្វីទាំងអស់។
តែប្រសិនបើអ្នកអានគាត់អនុវត្តវិញ គាត់នឹងក្លាយជាមនុស្សដែលមានសីលធម៌ខ្ពស់ម្នាក់ ហើយរកឃើញផ្លូវត្រូវក្នុងការទទួលបានកិត្តិយស កេរ្តិ៍ឈ្មោះ ស្នាដៃ រួមទាំងការទទួលស្គាល់ពីសង្គម។ សៀវភៅនេះ នឹងបកស្រាយការយល់ច្រឡំមួយចំនួនរបស់មនុស្ស ដែលចូលចិត្តមើលអ្វីមួយពីសម្បកក្រៅ។
មនុស្សតែងតែចង់បានការកោតសរសើរ និងការឱ្យតម្លៃ ឬភាពថ្កុំថ្កើងជាដើម តែគាត់មិនព្រមធ្វើសកម្មភាពដែលជាប្រយោជន៍ពិតប្រាកដនោះទេ តែព្យាយាមលោតចុះលោតឡើងដើម្បីបានវា នេះជារឿងខុស។ តាមពិតរបស់ទាំងអស់នោះប្រៀបបាននឹងស្រមោល ដែលចាំបាច់ត្រូវមានរូបរាងពិតប្រាកដទើបអាចមានស្រមោល។ រូបរាងពិតប្រាកដនៃផ្លែផ្កា សំខាន់បំផុតនោះគឺចាប់ផ្តើមពីខ្លួនឯង មានន័យថា ទាល់តែយើងចាប់ផ្តើមធ្វើល្អជាមុនសិនទើបរឿងល្អកើតក្នុងជីវិត ទាល់តែផ្តល់ក្តីគោរពដល់អ្នកដទៃជាមុនសិនទើបអ្នកដទៃគេគោរពយើងវិញ ហើយទាល់តែក្លាយជាមនុស្សដែលមានតម្លៃសម្រាប់ជួយដល់មនុស្សគ្រប់គ្នាជាមុនសិន ទើបសាធារណជនមើលឃើញពីតម្លៃរបស់យើង។
4. តើលោកចំណាយពេលវេលាច្រើនប៉ុនណាដើម្បីសរសេរសៀវភៅនេះឡើង?
ដើម្បីសម្រេចបានសៀវភៅមួយក្បាលនេះ ខ្ញុំចំណាយពេល 5ឆ្នាំ ដោយក្នុងនោះ 4ឆ្នាំ ខ្ញុំចំណាយពេលវេលាដើម្បីធ្វើការស្រាវជ្រាវឯកសារ និងចងក្រងជាសេចក្តីព្រាងពីគំនិតទាំងអស់ដែលខ្ញុំទទួលបាន ហើយចំណាយពេលវេលា 1ឆ្នាំចុងក្រោយដើម្បីប្រឹក្សាយោបល់ជាមួយអ្នកជំនាញ និងកែសម្រួលឡើងវិញឱ្យមានតម្លៃពិតប្រាកដសម្រាប់សាធារណជន។ ក្នុងនោះ ខ្ញុំមានអ្នកណែនាំ (Mentor) 2រូបគឺ លោកតាបណ្ឌិត កុល ផេង ដែលលោកបានពិនិត្យពីអត្ថន័យសំខាន់ៗ រួមទាំងប្រភពត្រឹមត្រូវ និងមួយរូបទៀតគឺលោកបណ្ឌិត Fill B. Tabayoyong ដែលបានជួយសម្រួលដល់រចនាប័ទ្មនៃការសរសេរ និងអត្ថន័យសំខាន់ៗមួយចំនួនជាភាសាអង់គ្លេស។ ក្រៅពីនេះ ក៏មានការប្រឹក្សាយោបល់ និងការចូលរួមគំនិតល្អៗជាច្រើនពីព្រះតេជគុណ គូ សុភាព ឯកឧត្តម វេ៉ង សិរីវុឌ្ឍ និងឯកឧត្តម តាំង រតនា ដែលសុទ្ធតែជាអ្នកជំនាញ។
5. តើលោកមានសារអ្វីសម្រាប់ផ្តាំផ្ញើដល់សាធារណជន និងយុវជនកម្ពុជា?
សម្រាប់មនុស្សជាច្រើនគេផ្តល់សារបង្ហាញពីគន្លឹះជោគជ័យ តែសម្រាប់ខ្ញុំវិញខុសគេ នៅពេលនេះខ្ញុំចង់បង្ហាញគន្លឹះចំនួន 5 ដែលនាំឱ្យបរាជ័យ ឬជួបបញ្ហាធ្ងន់ធ្ងរក្នុងជីវិត ដែលយុវជនជាច្រើនចូលចិត្តធ្វើវា។
ទី1 គឺសេពគប់មនុស្សអាក្រក់ចុះ ប្រសិនបើចង់ធ្លាក់ខ្លួនក្លាយជាមនុស្សដែលសង្គមស្អប់ខ្ពើម។
ទី2 គឺស្អប់មនុស្សល្អចុះ ប្រសិនបើចង់បរាជ័យ។
ទី3 ខ្ជិលឱ្យច្រើន គេងឱ្យច្រើន និងចំណាយពេលវេលាឥតប្រយោជន៍ឱ្យច្រើនចុះ បើមិនចង់ក្លាយជាមនុស្សមានប្រយោជន៍។
ទី4 កុំដឹងគុណគេអី ប្រសិនបើមិនចង់រក្សាទំនាក់ទំនងល្អក្នុងការរស់នៅយូរអង្វែង។
ទី5 កុំរស់នៅជាមួយបច្ចុប្បន្នអី រស់នៅជាមួយអតីតកាល និងអនាគតចុះ ប្រសិនបើមិនចង់រីករាយក្នុងជីវិត។ តែប្រសិនបើអ្នកទាំងអស់គ្នាចង់ឱ្យជីវិតមានសេចក្តីសុខ និងរីកចម្រើនខ្លាំង គ្រាន់តែគិតបញ្ច្រាស់មកវិញ ជាការស្រេច៕