ចេកពងមាន់ គឺជាផ្លែឈើមានរសជាតិឆ្ងាញ់ផ្អែម ហើយក្រអូបនៅពេលផ្លែវាទុំ ជាផ្លែឈើដែលគេនិយមទទួលទានក្នុងការជួបជុំគ្នា និងធ្វើជាបង្អែមក្នុងពិធីបុណ្យទាន ពិធីមង្គលការ និងជាអាហារសម្រន់នៅក្នុងពិធីប្រជុំ ឬធ្វើសន្និសីទផ្សេងៗ ទើបជាហេតុធ្វើឱ្យចេកពងមាន់មានតម្រូវការខ្លាំងនៅលើទីផ្សារ។
លោក គ្រី ផល្លា កសិករដាំចេកម្នាក់នៅភូមិចុងកោះឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាលបានប្រាប់ឱ្យដឹងថា គាត់បានចាប់យករបរដាំចេកពងមាន់នេះជិត 20ឆ្នាំមកហើយ ពោលគឺដាំនៅក្នុងចម្ការដំណាំគូឆាយដែលមានផ្ទៃដី1,200ម៉ែត្រការ៉េ ស្មើនឹង 300គុម្ព។ លោកបានបន្តថា ចេកពងមាន់ មិនពិបាកដាំនិងថែទាំនោះទេ គ្រាន់តែយើងជីករណ្តៅទំហំ 3តឹក4ជ្រុងជម្រៅ 3តឹកកន្លះ ហើយឆ្ងាយគ្នាពីមួយគុម្ពទៅមួយគុម្ពប្រវែង 1.4ម៉ែត្រ ទៅ2ម៉ែត្រ រួចយកកូនចេកកម្ពស់ប្រមាណ 8តឹកមកដាក់ដាំ។ ក្រោយពីដាំបាន6ខែកន្លះ ចេកនឹងចេញត្រយូង និងនៅពេលទម្លាក់ស្និតអស់ យើងត្រូវកាច់ត្រយូងចោល ហើយ1ខែ20ថ្ងៃក្រោយ ផ្លែចេកនឹងចាស់អាចកាប់លក់បានហើយ។
ចំណែកឯការថែទាំក៏គ្មានអ្វីពិបាកដែរ បើខែប្រាំង1អាទិត្យត្រូវបូមទឹកដាក់ម្តង និងដាក់ជីលាមកគោរៀងរាល់ 10ថ្ងៃម្តង ព្រមទាំងកាត់ស្លឹកដែលងាប់ៗចោល និងរយៈពេល 2ឆ្នាំក្រោយទើបវាលែងសូវផ្តល់ផល ដែលយើងត្រូវគាស់ចោល និងដាក់ដាំសាជាថ្មីឡើងវិញ។ ម្ចាស់ចម្ការរូបនេះបានបញ្ជាក់ដែរថា ចេកពងមាន់មានពីប្រភេទ គឺពូជផ្លែធំវែងៗ គេហៅចេកពងមាន់ភ្លុក រីឯអាផ្លែតូចៗ ហៅថាចេកពងមាន់ក្រចកចាប ហើយឥឡូវចេកពងមាន់ក្រចកចាបអាចលក់ឱ្យម៉ូយបានក្នុង 1ស្ទងបានតម្លៃ 20.000 ទៅ23.000រៀលដែរ ចំណែកឯចេកពងមាន់ភ្លុកវិញ 1ស្ទងបាន 30.000រៀល (បីម៉ឺនរៀល) ហើយមានម៉ូយមកដឹកដល់ចម្ការតែម្តង ដែលក្នុង1អាទិត្យអាចលក់បានប្រាក់ពី 90ម៉ឺន ទៅជាង1លានរៀលជារៀងរាល់សប្តាហ៍។
ឈ្មួញកណ្តាលម្នាក់ អ្នកស្រី សាវឿន បាននិយាយថា សព្វថ្ងៃចេកពងមាន់ឡើងថ្លៃគ្រាន់បើ និងបើទោះបីជាសម្បូរច្រើនប៉ុនណា ក៏ពពួកចេកពងមាន់ក្រចកចាបមួយស្ទងនៅតែបានថ្លៃ15.000រៀល និងចេកពងមាន់ភ្លុក 1ស្ទង 25.000រៀលដែរ(ពីរម៉ឺនប្រាំពាន់រៀល) ដោយមិនសូវជាធ្លាក់ថ្លៃខ្លាំងទេ ហើយបើរដូវបុណ្យទានវិញ អាចឡើងថ្លៃជាងនេះទៀតផង។ អ្នកស្រីបានបន្ថែមថា ក្នុង1ខែគាត់ចុះមកទិញចំនួន 4លើក នៅរៀងរាល់មុនថ្ងៃសីល ដើម្បីយកទៅបន្ទុំទុកលក់នៅឯរាជធានីភ្នំពេញ ហើយក្នុង1លើកៗ គាត់ប្រមូលទិញបានប្រមាណជា 100ស្ទង ដោយទិញពី2 ទៅ3ចម្ការទើបគ្រប់លក់បន្ត។ ឈ្មួញកណ្តាលម្នាក់នេះបានបញ្ជាក់ថា អ្នកទិញចេក ចូលចិត្តចេកកោះអន្លង់ចិនណាស់ ព្រោះវាមានរសជាតិផ្អែមឆ្ងាញ់ និងទុកបានយូរ ដោយសារតែមិនមានប្រើជីគីមីទេ គឺប្រើតែជីធម្មជាតិលាមកគោប៉ុណ្ណោះ។
លោក ជ្រឹង ជ្រឿង មេឃុំកោះអន្លង់ចិនមានប្រសាសន៍ថា នៅទូទាំងឃុំមានភូមិចំនួន4 រួមមានភូមិក្បាលកោះ ភូមិកណ្តាលកោះ ភូមិស្វាយពុំត្រង់ និងភូមិចុងកោះ មានប្រជាពលរដ្ឋសរុប 7,199នាក់ ស្មើនឹង 5,146គ្រួសារ ហើយមានដីចម្ការចំនួន 828ហិកតាក្នុងនោះចេកពងមាន់ជាដំណាំអាទិភាពមួយក្នុងចំណោមដំណាំអាទិភាពទាំងបី រួមមានបន្លែគូឆាយ ផ្លែមៀន និងចេកពងមាន់ ដែលបានជួយឱ្យជីវភាពអ្នកកោះអន្លង់ចិនបានធូរធារ និងគ្មានអ្នកធ្វើចំណាកស្រុក ដូចនៅតាមបណ្តាស្រុកមួយចំនួនទៀតឡើយ៕