Business Network International (BNI) ជាបណ្តាញអ្នកធុរកិច្ចអន្តរជាតិត្រូវបាននាំ Franchiseមកកាន់ទីផ្សារកម្ពុជាជាលើកដំបូងកាលពីឆ្នាំ2013 ដើម្បីជួយដល់ម្ចាស់អាជីវកម្មទាំងឡាយឱ្យមានឱកាសជួបជុំគ្នា និងទទួលបានការគាំទ្រលើផលិតផលរបស់គ្នាទៅវិញទៅមកដោយមិនចេះរីងស្ងួត ហើយថែមទាំងពង្រីកចង្វាក់ផលិតកម្ម និងសេវាកម្មរបស់ខ្លួនកាន់តែធំឡើងៗថែមទៀតផង។
លោក វ៉ិចទ័រ ស៊ី (Victor Si) ប្រធានក្រុម SupperChapter មានប្រសាសន៍ក្នុងការធ្វើបទបង្ហាញអំពីអត្ថប្រយោជន៍ទៅដល់សមាជិកក្នុងក្រុមរបស់លោកថា ការចូលជាសមាជិក BNI គឺម្ចាស់អាជីវកម្មទទួលបានអត្ថប្រយោជន៍ជាច្រើន ដោយសមាជិកក្នុងក្រុមនីមួយៗនឹងជួយគាំទ្រផលិតផលរបស់សមាជិកក្នុងក្រុមទៅវិញទៅមកដោយមានការបញ្ចុះតម្លៃទាបជាងទីផ្សារខាងក្រៅទៀតផង។
ក្រៅពីទទួលបានអត្ថប្រយោជន៍ខាងលើហើយម្ចាស់អាជីវកម្មមានឱកាសជួបជុំគ្នាដើម្បីបង្ហាញទៅដល់សមាជិកថ្មីៗឱ្យបានស្គាល់ពីផលិតផលក៏ដូចជាសេវាកម្មរបស់សមាជិកម្នាក់ៗ និងមានឱកាសចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗទាក់ទងទៅនឹងចំណេះ និងជំនាញក្នុងការធ្វើទំនាក់ទំនងឱ្យកាន់តែប្រសើរឡើងក្នុងគោលដៅធ្វើឱ្យអាជីវកម្មទទួលជោគជ័យក្នុងយុគសម័យនៃការប្រកួតប្រជែងនៅលើទីផ្សារសេរីបែបនេះ ដោយសារ BNI មានកន្លែងសម្រាប់ចែករំលែក និងពង្រឹងទំនាក់ទំនងល្អ។
គេគ្រប់គ្នាតែងដឹងហើយថា ការធ្វើអាជីវកម្មតែងតែជួបនឹងបញ្ហាកើតឡើងដែលម្ចាស់អាជីវកម្មមិនអាចគេចផុតឡើយ ហើយពេលខ្លះម្ចាស់អាជីវកម្មមួយចំនួនមិនហ៊ានពិភាក្សាជាមួយក្រុមគ្រួសារនោះទេ តែនៅក្នុង BNI ម្ចាស់អាជីវកម្មជាច្រើនដែលមានបទពិសោធយូរឆ្នាំ និងជោគជ័យលើអាជីវកម្មរបស់ខ្លួននឹងរង់ចាំជួយធ្វើការប្រឹក្សាផ្លាស់ប្តូយោបល់នឹងចែករំលែកបទពិសោធ ក្នុងបំណងជួយដោះស្រាយបញ្ហាលំបាករបស់សមាជិកក្នុងក្រុមដើម្បីចៀសផុតពីហានិភ័យ ក៏ដូចជាកុំឱ្យមានការបរាជ័យលើអាជីវកម្មដែរ។
គួរបញ្ជាក់ថា BNI ឈរលើទស្សនវិទ្យា 2ធំៗ គឺ ទី1. អ្នកឱ្យ គឺជាអ្នកទទួល (Givers Gain) មានន័យថា អ្នកឱ្យកាន់តែច្រើន នោះយើងនឹងទទួលបានកាន់តែច្រើន ហើយទី2 គឺធ្វើជាកសិករមិនមែនជាអ្នកប្រមាញ់ទេ (Farming not Hunting) ព្រោះប្រសិនបើយើងតាំងចិត្តជាអ្នកប្រមាញ់ នៅពេលដែលស្វែងរកមួយកន្លែងមិនបាន យើងនឹងបន្តទៅមួយកន្លែងផ្សេងទៀត ដល់ដំណាក់កាលចុងក្រោយយើងនឹងអស់កន្លែងសម្រាប់ប្រមាញ់ តែសម្រាប់កសិករវិញ គឺគាត់ដាំដុះនៅទីនេះ(នៅមួយកន្លែង) គាត់ថែរក្សា ហើយប្រមូលផលនៅទីនេះ ដែលផលរបររបស់គាត់នឹងប្រមូលបានមិនចេះរីងស្ងួតឡើយ៕