តាមរយៈសារព័ត៌មានថៃ Teenee បានចេញផ្សាយនៅពេលមុននេះបន្ដិចបានឱ្យដឹងថា នាយប្រតិបត្តិក្រុមហ៊ុន SpaceX &The Boring Co. លោក អេឡន ម៉ាសក៍ (Elon Musk) បានប្រកាថា នឹងបញ្ជូនក្រុមវិស្វករជំនាញ របស់លោកឱ្យទៅចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះក្រុមកីឡាបាល់ទាត់ « ក្រុមជ្រូកព្រៃ» ទាំង 12 រូបនិងគ្រូបង្វឹករបស់ពួកគេម្នាក់ចេញពីរូងភ្នំថាំលួង ខេត្ត ឈៀងរ៉ាយ ប្រទេសថៃ ដែលកំពុងជាប់នៅក្នុងល្អាងអស់រយៈពេល 14 ថ្ងៃមកហើយ។
លោក Elon Musk បានបង្ហោះសារនៅលើធី្វតតឺរបស់ខ្លួនថា «ក្រុមវិស្វករជំនាញមកពី SpaceX & Boring Co នឹងធ្វើដំណើរទៅកាន់ប្រទេសថៃនៅថ្ងៃស្អែកនេះត្រូវនឹងថ្ងៃសៅរ៍ទី 7 ម៉ោងប្រទេសថៃ ដើម្បីពិនិត្យថា ពួកគេអាចជួយអ្វីខ្លះដល់រដ្ឋាភិបាលថៃ ក្នុងការជួយសង្រ្គោះក្រុមជ្រូកព្រៃទាំង 13 រូបចេញពីរូងភ្នំថាំលួង»។
សូមជម្រាបបន្ថែមថា មន្ត្រីថៃ និងក្រុមអ្នកជួយសង្រ្គោះស្ម័គ្រចិត្តកំពុងបង្រៀនអ្នកទាំង 13រូបពីរបៀបជ្រមុជ និងហែលទឹក ការផ្សងព្រេងដ៏គ្រោះថ្នាក់ របៀបរស់នៅក្នុងរូងភ្នំរយៈពេលយូរ រហូតដល់រដូវភ្លៀងបញ្ចប់ ឬទឹកស្រក ព្រោះថា អ្នកជំនាញបានធ្វើការអះអាងថា អ្នកទាំង 13 រូប នឹងត្រូវជាប់ក្នុងរូងយូររហូតដល់ទៅ 4 ខែឯណោះ ដូច្នេះទើបមានក្រុមជំនាញពីអន្តរជាតិបន្ថែមទៀត ដូចជាមកពីជប៉ុន និង SpaceX ចូលរួមជួយ៕