ក្នុងគោលបំណងចង់ចូលរួមស៊ីហ្គេមឆ្នាំ២០២៣ ដើម្បីប្រជែងយកមេដាយមកជូនជាតិនោះ សហព័ន្ធ កីឡាបេសបលកម្ពុជាបានដាក់ទិសដៅ និងកំពុងទាក់ទងសុំស្ថាប័នជំនាញ NOCC និងក្រសួងអប់រំ យុវជន និងកីឡាយល់ព្រមដាក់បេសបលឲ្យចូលរួមក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា ខណៈដែលសហព័ន្ធនេះបាន និងកំពុងពង្រឹងក្រុមកីឡាករ កីឡាការិនីអាយុក្រោម ១៥ ឆ្នាំ ប្រហែល២០ទៅ ២៥ នាក់សម្រាប់ឆ្នាំ ២០២៣ ។
លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានថ្លែងថា៖ «បេសបលជាប្រភេទកីឡាថ្មី ដែលកំពុងមានសកម្មភាពជាច្រើន អ៊ីចឹងហើយបានជាក្រសួងអប់រំ យុវជន និងកីឡាគាំទ្រកិច្ចការងារនេះ ដើម្បីពន្លឿនការអភិវឌ្ឍកីឡាបេសបលនៅកម្ពុជា ដោយយើងបានជ្រើសរើសយកក្រុមហ៊ុន BRYCEN ឲ្យមកជួយគាំទ្រកីឡាបេសបល ហេតុនេះទើបក្រសួងបានគាំទ្រកីឡាបេសបលទាំងស្មារតី បច្ចេកទេស និងថវិកាផងដែរ គឺធ្វើយ៉ាងណាឲ្យកីឡាបេសបលមានការរីកចម្រើនបានឆាប់»។
ជាមួយគ្នានេះដែរលោក ញ៉ែម ថាវី ប្រធានសហព័ន្ធកីឡាបេសបលកម្ពុជាបានឱ្យដឹងថា៖ «សម្ភារកីឡាប្រភេទនេះថ្លៃណាស់ អ៊ីចឹងការជួយឧបត្ថម្ភរបស់ក្រុមហ៊ុន BRYCEN ដែលបានចុះMoU រយៈពេល ១ឆ្នាំ នឹងផ្តល់ជូនសហព័ន្ធកីឡាបេសបលចំនួន១ពាន់ដុល្លារក្នុង១ខែសម្រាប់ការចំណាយទៅលើការទិញសម្ភារលេង និងទីលានប្រកួត ដែលនឹងធ្វើឲ្យសម្ភាររបស់យើងមានច្រើនគ្រប់គ្រាន់ និងធ្វើឱ្យយើងអាចពង្រីកទៅកន្លែងថ្មីបានដូចជានៅខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តបាត់ដំបងជាដើម ព្រោះនៅភ្នំពេញនេះយើងបានធ្វើការជាមួយសាលាចំនួន ៦ និងនៅខេត្តកំពង់ធំមានចំនួន ៦សាលាដែរ »។
លោកបានបញ្ជាក់ថា៖ «បើសិនជាមានការជួយឧបត្ថម្ភច្រើន កីឡាបេសបលនឹងមានការរីកចម្រើនបានឆាប់រហ័ស ហើយតាមគម្រោងគឺក្នុងរយៈពេល ៣ឆ្នាំខាងមុខនេះ យើងត្រូវបង្ហាញពីសមត្ថភាពរបស់យើងដល់ថ្នាក់ដឹកនាំ (NOCC និងក្រសួង) ដើម្បីឲ្យពួកគាត់វាយតម្លៃថា តើយើងអាចចូលរួមការប្រកួតស៊ីហ្គេមនៅឆ្នាំ ២០២៣បានឬក៏អត់?»៕