ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយ Edinson Cavani អាចនឹងត្រូវអវត្តមានក្នុងការប្រកួតព្រឹត្តិការណ៍ World Cup វគ្គ8ក្រុមចុងក្រោយរបស់ក្រុមរបស់គេ ក្នុងពេលប៉ះជាមួយនឹងក្រុមជម្រើសជាតិបារាំង នៅរាត្រីថ្ងៃសុក្រនេះ ក្រោយពីបានរងរបួសកំភួនជើង ក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះក្នុងវគ្គ 16ក្រុមចុងក្រោយ លើក្រុមជម្រើសជាតិព័រទុយហ្គាល់។
សហព័ន្ធកីឡាបាល់ទាត់អ៊ុយរូហ្គាយហៅកាត់ថា UFA បានបង្ហោះរូបថតជាច្រើនទាក់ទងនឹងការហ្វឹកហាត់កាលពីថ្ងៃពុធ នៅលើបណ្តាញសង្គម ខណៈដែល Cavani បានអវត្តមាន។ ក្រោយពីការត្រួតពិនិត្យកាលពីថ្ងៃចន្ទ ក្រុមវេជ្ជបណ្ឌិតបានប្រកាសថា តារាឆ្នើមរបស់ក្លិប Paris Saint-Germain រូបនេះ បានរងរបួសត្រងកំភួនជើងឆ្វេងរបស់គេ បើទោះបីវាមិនរហែកសាច់ដុំដោយ។
ស្របពេលដែល Cavani វ័យ31ឆ្នាំ នឹងត្រូវអវត្តមាន លោក Oscar Tabarez គ្រូបង្វឹកនៃក្រុមជម្រើសជាតិអ៊ុយរូហ្គាយ អាចនឹងប្រើប្រាស់ Cristhian Stuani នៅតំបន់ប្រយុទ្ធរួមជាមួយនឹងខ្សែប្រយុទ្ធ Luis Suarez។ ជាមួយគ្នានេះ តំបន់ការពារដ៏រឹងមាំរបស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ អាចនឹងក្លាយជាចំណុចកាត់សេចក្តីក្នុងពេលប្រកួតជាមួយនឹងបារាំង ខណៈដែលពួកគេបានរបូតគ្រាប់បាល់ត្រឹមតែ១គ្រាប់គត់ក្នុងយុទ្ធនាការ World Cup មកទល់ពេលនេះ។
បើទោះបី ក្រុមជម្រើសជាតិបារាំង ដាក់ក្តីសង្ឃឹមទៅលើខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ក៏ដោយ ប៉ុន្តែ វាហាក់ដូចជាមិនអាចទៅរួចឡើយដែលតារាឆ្នើមរូបនេះ អាចទម្លុះតំបន់ការពារដ៏រឹងមាំមួយដូចជាក្រុមអ៊ុយរូហ្គាយ ដោយងាយស្រួលនោះ។ ការប្រកួតក្នុងវគ្គ8ក្រុមចុងក្រោយ ដ៏រំភើបមួយនេះ ក្នុងទីក្រុង Nizhny Novgorod អាចនឹងត្រូវកាត់សេចក្តីដោយការប្រជែងគ្នាមួយរវាងតំបន់ការពាររបស់អ៊ុយរូហ្គាយ និងខ្សែប្រយុទ្ធល្បឿនលឿន Mbappe វ័យ19ឆ្នាំ។
ខណៈដែលត្រូវបានដឹកនាំដោយប្រធានក្រុម Diego Godin ដែលចាប់ដៃគូជាមួយនឹងកីឡាករ Jose Gimenez, Martin Caceres និង Diego Laxalt រួមជាមួយនឹងអ្នកចាំទីដៃស្អិត Fernando Muslera តំបន់ការពាររបស់អ៊ុយរូហ្គាយ មានកំណត់ត្រាដ៏ល្អបំផុតក្នុងយុទ្ធនាការ World Cup។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង9យប់៕
ប្រភពពី៖ Channel News Asia