ដោយសង្កេតឃើញថា ស៊ុតមាន់ភាគច្រើនត្រូវបាននាំចូលពីប្រទេសជិតខាង បុរសខ្មែរម្នាក់បានសម្រេចចិត្តលាឈប់ពីការងារដែលមានប្រាក់ខែខ្ទង់ពាន់ដុល្លារ មកធ្វើកសិដ្ឋានចិញ្ចឹមមាន់យកស៊ុតលក់ផ្ទាល់ខ្លួន ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារ រហូតផ្គត់ផ្គង់សឹងតែមិនគ្រប់ឱ្យម៉ូយដែលកុម្ម៉ង់យកប្រចាំថ្ងៃទៀតផង។
លោក តាក់ សីហា ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់យកស៊ុតមួយកន្លែងដែលស្ថិតក្នុងភូមិសុបិន្ត ឃុំត្រាចពង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺមានប្រសាសន៍ថា លោកបានចាប់ផ្តើមចិញ្ចឹមមាន់យកពងនេះចាប់តាំងពីមេសា ឆ្នាំ2018មក ដោយទិញមេមាន់ចំនួន 6,000ក្បាល (មួយក្បាលតម្លៃ 2ម៉ឺនរៀល) យកមកបំប៉នចំណី និងថែទាំនៅក្នុងកសិដ្ឋានលើផ្ទៃដីទំហំជិតមួយហិកតា។ រយៈពេលមួយខែក្រោយមក មេមាន់ទាំងនោះក៏ចាប់ផ្តើមផ្ដល់ស៊ុតជាបន្តបន្ទាប់ ដោយមួយថ្ងៃលោកអាចប្រមូលស៊ុតបានចំនួនជាង 5,500គ្រាប់សម្រាប់ដឹកយកទៅលក់ឱ្យម៉ូយនៅលើទីផ្សារនានា ជាពិសេសផ្សារនៅក្នុងទីក្រុងភ្នំពេញ។ លោកបញ្ជាក់ថា “ការចិញ្ចឹមមាន់ អាស្រ័យលើម្ចាស់កសិដ្ឋាន បើសិនចង់ឆាប់បានផលត្រូវទិញមេមាន់ដែលធំៗស្រាប់យកមកបំប៉នតែក៏ត្រូវចំណាយលុយច្រើនដែរ តែបើមិនសូវមានលុយទេ អាចទិញកូនតូចៗយកមកចិញ្ចឹមយូរបន្តិចទើបអាចទទួលបានពងដូចគ្នា”។
លោកថា នៅលើទីផ្សារ ការលក់ពងមាន់មានតម្លៃខុសៗគ្នា ប៉ុន្តែសម្រាប់លោក លោកបោះឱ្យម៉ូយដុំដែលគេទទួលទិញច្រើនៗជារៀងរាល់ថ្ងៃដោយលក់ក្នុងតម្លៃ 300រៀលក្នុងមួយគ្រាប់ និង2ថ្ងៃត្រូវដឹកទៅឱ្យម៉ូយនៅឯក្រុងភ្នំពេញម្តង ប៉ុន្តែបច្ចុប្បន្នពងមាន់ដែលប្រមូលបានមិនទាន់គ្រប់ឱ្យម៉ូយដែលរង់ចាំទទួលទិញនៅលើទីផ្សារនៅឡើយទេ ជាហេតុធ្វើឱ្យលោកលៃលករកដើមទុនបន្ថែមទៀតសម្រាប់ពង្រីកកសិដ្ឋានឱ្យបានកាន់តែធំឡើង។ “មានការគាំទ្រច្រើនពីអតិថិជន ដោយសារតែប្រជាជនខ្មែរបច្ចុប្បន្នបានងាកមកគាំទ្រផលិតផលកសិកម្មក្នុងស្រុកកាន់តែច្រើនឡើងៗ ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារកសិករខ្មែរ និងអ្វីដែលសំខាន់នោះគឺពងមាន់ក្នុងស្រុក ពេលពងភ្លាម យកមកលក់ភ្លាម ដូច្នេះពងមានគុណភាពល្អជាងពងមាន់នាំចូល ព្រោះពងមាន់នាំចូលត្រូវចំណាយពេលដឹកមកយូរថ្ងៃ ទម្រាំបានមកដាក់លក់នៅលើទីផ្សារ”។
ចំពោះវិធិសាស្ត្រចិញ្ចឹមវិញ លោកប្រាប់ថា មុននឹងទិញមេមាន់មកចិញ្ចឹម គេត្រូវរៀបចំទ្រុងមាន់ធ្វើពីសំណាញ់ដែកឱ្យស្អាតរួចជាមុន ដើម្បីទុកដាក់មេមាន់ឱ្យផុតពីលើដីដើម្បីការពារ និងទប់ស្កាត់ជំងឺដង្កាត់ផ្សេងៗផង និងងាយស្រួលក្នុងការប្រមូលអាចម៍មាន់ទុកលក់ឱ្យកសិករធ្វើជាជីធម្មជាតិផង ដែលអាចម៍មាន់នេះ មួយបាវលក់បានតម្លៃ 5,000រៀលដែរ ហើយមួយថ្ងៃប្រមូលបាន10បាវ សម្រាប់ទុកជាប្រាក់ចំណាយទិញចំណីផ្គត់ផ្គង់មាន់ដែលមួយថ្ងៃៗត្រូវចំណាយអស់ប្រហែល 220ដុល្លារសម្រាប់មេមាន់ទាំង 6,000ក្បាលនេះ និងថ្លៃពលកម្មរបស់កម្មករ 4នាក់ដែលមើលថែទាំមាន់ផងដែរ។
ក្រៅពីធ្វើទ្រុងឱ្យស្អាតហើយនោះការចិញ្ចឹមមាន់នេះយើងត្រូវចេះចាក់ថ្នាំវ៉ាក់សាំងឱ្យមាន់ដើម្បីការពារពីជំងឺផ្សេងៗផងដែរ ជាពិសេសជំងឺរាក។ ពេលឃើញមាន់រាក ត្រូវចាក់ថ្នាំព្យាបាលភ្លាមតែម្ដង ព្រោះបើទុកចោលយូរ អាចបណ្ដាលឱ្យឆ្លងពីមាន់មួយទៅមាន់មួយបាន។
យ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា ការចិញ្ចឹមមាន់យកពងនេះ ចំណេញជាងចិញ្ចឹមមាន់យកសាច់ ដោយសារមានការគាំទ្រច្រើននៅលើទីផ្សារនាពេលបច្ចុប្បន្ន និងបើសិនមានការគាំទ្រច្រើនការចិញ្ចឹមមាន់យកពងលក់នេះក៏ទទួលបានផលចំណេញច្រើនតាមនោះដែរ និងដល់ពេលមេមាន់ចាស់ មានអាយុ1ឆ្នាំ 3ខែ គេអាចជម្រុះចោល ដោយអាចយកសាច់លក់ ដែលបានតម្លៃខ្ពស់ជាងមាន់ចិញ្ចឹមយកសាច់ធម្មតាទៀតផង ព្រោះមាន់ចិញ្ចឹមយកពងនេះមានសាច់ស្វិតជាងមាន់ចិញ្ចឹមយកសាច់ និងមានរសជាតិឆ្ងាញ់ជាងទៀតផង៕