ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាឱ្យមានចំនួនកាន់តែច្រើនឡើង ក្រុមហ៊ុនចិនដ៏ល្បីមួយមានបំណងដឹកនាំអ្នកសិល្បៈរបស់ខ្លួនមកសម្តែងនៅតំបន់ប្រាសាទអង្គរវត្តនៅក្នុងពេលឆាប់ៗខាងមុខ បើសិនជាមានការឯកភាពពីរដ្ឋាភិបាលកម្ពុជា។
ក្នុងជំនួបជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា លោក លី ខ្វុង យុក ប្រធានក្រុមហ៊ុនឌីងយី គ្រុប (Dingyi group investment Ltd) មានប្រសាសន៍ថា លោកមានបំណងចង់សម្តែងសិល្បៈវប្បធម៌ នៅតំបន់ប្រាសាទអង្គរវត្តដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជា ហើយចង់សហការជាមួយនិស្សិតកម្ពុជាដើម្បីបង្កើនភាពជាសហគ្រិនឱ្យនិស្សិតមានគំនិតវិនិយោគ បង្កើតគំនិតថ្មីៗ ដែលកន្លងមកក្រុមហ៊ុនលោកបានសហការជាមួយសាលាមួយចំនួននៅសហរដ្ឋអាមេរិករួចហើយ។
ក្នុងន័យនេះលោកចង់បានការគាំទ្រពីរដ្ឋាភិបាលកម្ពុជាទៅលើគម្រោងទាំងនេះ រីឯគោលបំណងមួយទៀតនោះ គឺខាងក្រុមហ៊ុនលោកមានបំណងចែករំលែកបទពិសោធសេដ្ឋកិច្ចដល់កម្ពុជា ដោយសារប្រទេសចិនមានការជឿនលឿនផ្នែកសេដ្ឋកិច្ចតាមរយៈនាំឱ្យមានវេទិកាមួយដែលមានសមាជិកជាច្រើន។ លោកបញ្ជាក់ថា បច្ចុប្បន្នគឺមានសមាជិកជិត8លាននាក់ហើយ និងនាពេលឆាប់ៗខាងមុខនេះនឹងឡើងដល់150លាននាក់។ គោលបំណងនៃគម្រោងនេះគឺដើម្បីជួយដល់សមាជិកផ្សេង។
ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៏ស្វាគមន៏គម្រោងទាក់ទងនឹងសិល្បៈវប្បធម៌នេះ ព្រោះបច្ចុប្បន្នកម្ពុជាទទួលភ្ញៀវទសចរចិនបានចំនួនជាង1លាននាក់ ហើយគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាគឺ 2 លាននាក់។
ទាក់ទងរឿងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៏ឱ្យក្រុមហ៊ុនធ្វើការពិភាក្សាជាមួយលោកឧកញ៉ា ពុង ខៀវសែ ដែលយើងមានស្រាប់នូវភូមិវប្បធម៌ខ្មែរដើម្បីធ្វើយ៉ាងណាកៀងគរអ្នកទេសចរចិនថែមទៀត ចំណែកគម្រោងដែលពាក់ព័ន្ធនឹងក្រុមហ៊ុនចង់សហការជាមួយនិស្សិតកម្ពុជាដើម្បីបង្កើនភាពជាសហគ្រិនឱ្យនិស្សិតមានគំនិតវិនិយោគ បង្កើតគំនិតថ្មីៗនេះ កន្លងទៅនិស្សិតកម្ពុជាដែលបញ្ចប់ការសិក្សា គឺបានបង្កើតអាជីវកម្មខ្លួនឯងបានប្រមាណជា 3 ភាគរយ ហើយស្វាគមន៍ឱ្យក្រុមហ៊ុននេះសហការជាមួយកម្ពុជា៕