បន្ទាប់ពីបានក្លាយខ្លួនជាឧកញ៉ាវ័យក្មេង លោក ឡេង ណាវ៉ាត្រា ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ផលិតកម្ម Galaxy ជាម្ចាស់បុរីឡេងណាវ៉ាត្រា និងជាតារាសិល្បៈមួយរូបផងដែរនោះ ថ្មីៗនេះគេសម្គាល់ឃើញថា លោកបានបង្ហាញមុខមាត់កាន់តែខ្លាំង ក្នុងនាមជាសប្បុរសជនយ៉ាងសស្រាក់សស្រាំ។ លោកត្រូបានវគេឃើញពីសកម្មភាពចុះចែកអំណោយស្ទើរមិនដាច់នៅតាមកន្លែងជាច្រើន ខណៈដែលក្រៅពីបរិច្ចាគថវិកា និងចែកអំណោយដល់ចាស់ៗហើយ លោកក៏ឈានដល់ការចូលរួមក្នុងកិច្ចការងារសង្គមថែមទៀត តាមរយៈការផ្ដល់លុយផ្ទាល់ខ្លួនដើម្បីស្ដារលូបង្ហូរទឹក និងជួយជួសជុលផ្លូវថ្នល់នៅក្នុងសហគមន៍មួយចំនួនយ៉ាងសកម្ម និងលេចធ្លោផងដែរ។
តាមរយៈហ្វេសប៊ុករបស់លោក គេមើលឃើញការសរសើរដែលចេញពីមាត់ប្រជាពលរដ្ឋជាច្រើននាក់បានកើតឡើងបន្ទាប់ពីលោកបានបង្ហាញវត្តមានចែកអំណោយ និងថវិកាជូនដល់ពលរដ្ឋជាច្រើនគ្រួសារនៅក្នុងសង្កាត់ចោមចៅ នាព្រឹកថ្ងៃទី5 ខែកក្កដានេះ។ អ្នកលេងហ្វេសប៊ុកជាច្រើនសុទ្ធតែបង្ហាញពីការចាប់អារម្មណ៍ និងមតិក្រោយពីរូបភាពចែកអំណោយរបស់លោកត្រូវបានបង្ហាញឡើងពីការបង្ហោះរបស់លោក និងអ្នកគាំទ្រ ដែលសកម្មភាពនេះបានបំផុសកាន់តែខ្លាំងឱ្យមានការចែករំលែកបន្តនៅក្នុងសង្គម។
ក្នុងនាមជាបុគ្គលចិត្តធម៌មួយរូបនោះ លោកបានអះអាងថា លោកគឺជាអតីតពលករនៅប្រទេសកូរ៉េ និងជាអតីតកម្មករ ដែលធ្លាប់មានជីវភាពមិនគ្រប់គ្រាន់ សូម្បីតែបាយ 3ពេលក៏មិនចង់មានផង ដូច្នេះក្រោយពេលដែលលោកប្រែក្លាយជាអ្នកសិល្បៈម្នាក់ និងជាអ្នកជំនួញម្នាក់ លោកត្រូវតែប្រើពេលវេលាឱ្យអស់ពីលទ្ធភាពដើម្បីចែករំលែក និងយកចិត្តទុកដាក់ចំពោះអ្នកខ្វះខាតនៅក្នុងសង្គម។ លោកថា ការចែកអំណោយដែលបានធ្វើឡើង មិនមែនជាលើកទី1នោះទេ ដោយក្នុងពេលកន្លងមកលោកតែងយកប្រាក់ចំណេញពីការលក់ដី និងលក់បុរី មកទិញជាសម្ភារ និងរៀបចំចាត់ចែងជាអំណោយជូនដល់កម្មករ និងគ្រួសារអ្នកក្រីក្រជាប្រចាំ ជាពិសេសនៅក្នុងសហគមន៍ដែលលោកបានឃើញពីការលំបាក និងមានការស្នើដោយមេភូមិ ឬម្ចាស់សហគមន៍ ដែលជួបផលវិបាកទាំងនោះ។
ក្នុងនោះលោកក៏បានផ្ដល់ថវិការួមចំណែកដល់កាកបាទក្រហម និងជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ ដើម្បីចូលរួមជាវិភាគទានជួយដល់សង្គមទាំងមូល។ លោកមិនខ្លាចនឹងការចែករំលែកនូវអំណោយ និងក្ដីស្រឡាញ់ជូនដល់អ្នកតូចទាបជាងខ្លួននោះទេ ដោយសារតែពេលកន្លងមក លោកគឺជាបុគ្គលដែលបានធំធាត់ក្នុងត្រកូលអ្នកក្រខ្សត់ម្នាក់ ហើយយល់ពីការលំបាកដែលបានកើតឡើង។ លោកបានប្រកាសថា លោកនឹងធ្វើសកម្មភាពសង្គម មិនដកដៃនោះទេ ដោយលោកបានដាក់គម្រោងបន្តជួយស្ដារលូ និងជួសជុលផ្លូវដើម្បីជាប្រយោជន៍ដល់ពលរដ្ឋដើម្បីឱ្យមានផ្លូវល្អប្រើនៅក្នុងតំបន់ដែលលោកបានទទួលសំណើ តាមលទ្ធភាពដែលលោកអាចធ្វើបាន៕