ពិតជាធ្វើឱ្យអ្នកគាំទ្រកាន់តែមានភាពភ្ញាក់ផ្អើលឡើង នៅពេលដែលស្ថានីយទូរទស្សន៍ហង្សមាស បានប្រមូលផ្ដុំតារាល្បីៗមកចូលរួមសម្ដែងនៅក្នុងរឿងភាគថ្មីៗរបស់ខ្លួនយ៉ាងសន្ធឹកសន្ធាប់បន្ដបន្ទាប់គ្នា។ ដោយឡែក ក្នុងគណនីហ្វេសប៊ុក Hang Meas Khmer Drama បានបង្ហោះរូបភាពសកម្មភាពរឿងភាគថ្មីមួយទៀត ដែលមានចំណងជើងថា ”អាពាហ៍ពិពាហ៍ក្លែងក្លាយ” ដែលមានតួចាស់-ក្មេងជាច្រើនដួង បានចូលរួមសម្ដែង។
កាន់តែស្រាយចម្ងល់របស់អ្នកគាំទ្រ ដែលបានសង្ស័យថា តារាស្រីរូបស្រស់ជាដៃគូតារាចម្រៀង នីកូ គឺកញ្ញា ពេជ្រ សូលីកា បានហក់ចូលទ្រនំហង្សមាសនេះ នៅពេលនេះ នាងបានបង្ហាញខ្លួនជាលើកដំបូងក្នុងទ្រនំធំមួយនេះ តាមរយៈរឿងភាគខាងលើ ក្នុងតំណែងជាតួឯកស្រីតែម្ដង។ គួរឱ្យដឹងដែរថា មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតទាំងគូនោះទេ នៅពេលជួបគ្នាម្ដងៗ អ្នកទាំងពីរសម្ដែងស៊ីចង្វាក់គ្នាបានល្អណាស់។ ដូច្នេះហើយ ទើបហង្សមាសជឿជាក់ថា រឿងភាគថ្មីដែលសម្ដែងដោយ ពេជ្រ សូលីកា និង នីកូ នេះនឹងទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនមិនខាន ព្រោះអ្នកទាំងពីរមានហ្វ៊ែនៗគាំទ្រច្រើនណាស់។
ទោះបីជាការវិលចូលវិស័យសិល្បៈវិញលើកនេះ តារាស្រីរូបនេះនៅមិនទាន់ទទួលបានភាពជោគជ័យខ្លាំងមែន តែអ្នកគាំទ្ររូបនាងនៅតែបន្ដទទូចចង់ឃើញនាងសម្ដែង និងច្រៀងច្រើនដូចមុនដដែល តែនៅពេលនេះ គឺបានសម្រេចដូចការរំពឹងទុកហើយ។ ពាក់ព័ន្ធនឹងរឿងភាគថ្មី នៅមិនទាន់មានតម្រុយណាមួយបញ្ជាក់ថា នាងអាចនឹងចេញចម្រៀងប្រកបរឿងភាគនៅក្នុងទ្រនំធំនេះនៅឡើយ មានតែការរង់ចាំតាមដានជាបន្តតែប៉ុណ្ណោះ៕