បើតាមរយៈសារព័ត៌មាន Sanook នៅពេលមុននេះបន្ដិច បានធ្វើការចេញផ្សាយថា បើទោះជាការរកឃើញគ្រូបង្វឹក អេក និងក្រុមបាល់ទាត់ “ជ្រូកព្រៃ” ដែលជាប់នៅក្នុងរូងភ្នំ “ថាំលួង” នៅមានជីវិតទាំង 13 រូបនោះជាដំណឹងល្អក្ដី ក៏ប៉ុន្ដែ អ្នកជំនាញជួយសង្គ្រោះបានបង្ហើបប្រាប់ថា នៅមិនទាន់មានសុវត្ថិភាពនៅឡើយទេ ព្រោះនៅមានចំណុចកង្វល់នៅក្នុងចិត្តនៅឡើយគឺ ការតម្រូវឱ្យក្រុម “ជ្រូកព្រៃ” នេះនៅក្នុងរូងភ្នំនោះជាបន្តសិន ដើម្បីរង់ចាំការជួយឱ្យបានចេញមកក្រៅក្នុងរយៈពេលប្រមាណជា 4ខែទៀត។
បើតាមការដកស្រង់ចេញពីសារព័ត៌មានចក្រភពអង់គ្លេស The Guardian ក៏បានចេញផ្សាយដែrថា តាមរយៈសម្ដីរបស់លោក អៈណាន់ ស៊ុរ៉ាវាន់ ក្រុមជួយសង្គ្រោះពិសេសទី1 និងជាកងទ័ពជើងទឹកបានបង្ហើបប្រាប់អ្នកសារព័ត៌មានថា ខណៈនេះមានការនាំយកស្បៀងអាហារ និងថ្នាំព្យាបាលជំងឺ ជាពិសេសគឺអាហារជេល ដែលមានគុណប្រយោជន៍ផ្ដល់ថាមពលកម្លាំងបានប្រសើរ ព្រមទាំងថ្នាំប៉ារ៉ាសេតាមុល ដល់អ្នកទាំង 13 រូបដែលកំពុងនៅក្នុងរូងភ្នំនៅឡើយ។
លោក អៈណាន់ ស៊ុរ៉ាវាន់ បានអះអាងថា «ស្បៀងទាំងអស់នេះមានចំនួនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ ក្នុងការរង់ចាំជួយសង្គ្រោះក្មេងៗទាំង 13 នាក់ យ៉ាងយូរបំផុតរយៈពេល 4 ខែ និងមានការបង្ហាត់ជ្រមុជទឹកដល់ក្រុមជ្រូកព្រៃ ហើយក្រុមការងារខាងក្រៅក៏កំពុងតែព្យាយាមបូមទឹកចេញពីរូងភ្នំឱ្យបានលឿនបំផុត តាមដែលអាចធ្វើទៅបាន»៕