បើតាមរយៈសារព័ត៌មាន Khaosod បានចេញផ្សាយឱ្យដឹងថា រូងភ្នំ “ថាំលួង” បន្ទាប់ពីបានជួយសង្គ្រោះក្រុមកុមារបាល់ទាត់ “ជ្រូកព្រៃ” និងគ្រូបង្វឹកចេញមកក្រៅបានហើយ លោកនាយករដ្ឋមន្ត្រីថៃអាចនឹងប្រែក្លាយតំបន់នោះទៅជាគោលដៅទេសចរណ៍មួយដ៏សំខាន់។
ថ្លែងចេញពីការិយាល័យរបស់លោកនៅពេលថ្មីៗកន្លងទៅនេះ លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុធ ចាន់អូឆា(ឈ្មោះក្រៅ ប៊ិក ទូ) បានគូសបញ្ជាក់ដូច្នេះថា «រូងភ្នំដែលស្ថិតនៅក្នុងខេត្តឈៀងរ៉ាយ ភាគខាងជើងនៃប្រទេសមួយនេះ ទំនងអាចនឹងក្លាយជាកន្លែងដ៏ល្បីល្បាញទាំងនៅក្នុងស្រុក និងពិភពលោក ហើយវាក៏អាចនឹងក្លាយជាតំបន់ទេសចរណ៍ដ៏ល្អឯកផងដែរ។ ដូច្នេះយើងត្រូវតែចាត់វិធានការធានាសុវត្ថិភាពឱ្យស្របទៅតាមសកម្មភាពទេសចរណ៍»។
ដើម្បីតាមដានស្ថានការណ៍ក្នុងការជួយសង្គ្រោះក្មេងៗទាំង 13នាក់ លោកនាយករដ្ឋមន្រ្តីថៃបានបញ្ជាក់បន្ថែមថា ការងារសំខាន់ដែលពាក់ព័ន្ធនោះត្រូវប្រញាប់រៀបចំផែនការរៀបចំឧទ្យានជុំវិញតំបន់រូងភ្នំ ដើម្បីឱ្យកាន់តែទាក់ទាញភ្ញៀវទេសចរឡើង ព្រោះយើងមានទំនុកចិត្តថា បន្ទាប់ពីហេតុការណ៍នេះកន្លងផុតទៅ នឹងមានភ្ញៀវទេសចរធ្វើដំណើរមកកាន់ប្រទេសថៃ និងចូលទៅទស្សនារូងភ្នំ “ថាំលួង” នេះកាន់តែច្រើនមិនខាន៕