ការប្រឡងបាក់ឌុប ជាការប្រឡងដ៏សំខាន់មួយដែលកំពុងសិ្ថតក្នុងចំណាប់អារម្មណ៍របស់សាធារណជន ជាពិសេសគឺបេក្ខជនដែលត្រូវប្រឡងផ្ទាល់នៅប៉ុន្មានថ្ងៃខាងមុខនេះ។
ជារៀងរាល់ឆ្នាំ សិស្សមួយចំនួនធំតែងតែអ៊ុតមើលថា តើឆ្នាំនេះក្រសួងនឹងមានការបន្ធូរបន្ថយ ចេញវិញ្ញាសាធូរជាងឆ្នាំមុន ឬក៏បង្កើនការរឹតបន្តឹងបន្ថែម ខណៈសិស្សមួយចំនួនទៀតមិនខ្វល់ពីរឿងនេះប៉ុន្មានឡើយ ព្រោះទោះក្នុងលក្ខខណ្ឌណាក៏ដោយ ក៏មិនអាចបើកមើលសំណៅឯកសារបានដែរ។
ឆ្លើយតបនឹងបញ្ហានេះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រសួងនៅតែបន្តរក្សាវិន័យយ៉ាងតឹងរ៉ឹងដដែល ហើយវិញ្ញាសាទៀតសោត គឺសិ្ថតក្នុងស្តង់ដារមួយដែលអាចប្រៀបធៀបគ្នាបាន គ្មានការបន្ធូរបន្ថយ ឬចេញវិញ្ញាសាដែលខុសគ្នាដាច់ឆ្ងាយពីបណ្តាឆ្នាំមុនៗនោះទេ បើទោះបីជាមានការរឹតបន្តឹងច្បាប់ក្នុងពេលប្រឡងយ៉ាងហ្មត់ចត់ក៏ដោយ។
ឯកឧត្តម ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា៖ «បើរាប់ពីពេលដែលយើងរឹតបន្តឹងការប្រឡងមក យើងឃើញថា ឆ្នាំនេះជាឆ្នាំទី5ហើយ ដែលសិស្សអាចត្រៀមខ្លួនបាន។ នៅឆ្នាំនេះសិស្សអាចមានពេលវេលាច្រើនក្នុងការត្រៀម និងខិតខំប្រឹងប្រែង ហេតុនេះគ្មានការប្រឡងលើកទី2 ទេ»។
រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ផងដែរថា ការរៀបចំប្រឡងម្តងៗគឺត្រូវចំណាយថវិការហូតដល់ទៅប្រមាណ 5លានដុល្លារឯណោះ ព្រោះត្រូវចំណាយលើការដំណើរការមណ្ឌលប្រឡងផង ទិញសម្ភារដូចជាក្រដាស ប៊ិកហ្វឺត និងសម្ភារផ្សេងៗផង ឧបត្ថម្ភដល់មន្ត្រីអប់រំ ទាំងអនុរក្ស និងពេលធ្វើកំណែផង និងសន្តិសុខខ្លះទៀត ដោយនេះមិនទាន់រាប់ពីការចំណាយលើកម្លាំងសន្តិសុខដែលអាជ្ញាធរដែនដីដែលគាត់ដាក់កម្លាំងជួយការពារផង។
លុយ 5លានដុល្លារនេះ បើយកទៅទិញសម្ភារ កុំព្យូទ័រដាក់សាលា ឬបរិក្ខារអប់រំដទៃទៀតបានច្រើនណាស់ ហេតុនេះយើងមិនអាចមានការរៀបចំប្រឡងជាលើកទី2 នោះទេ ម្យ៉ាងក្រសួងអប់រំ ក៏បានគិតគូរ និងជួយសិស្សច្រើនដែរតាមរយៈការជួយសង្ខេបមេរៀន បង្កើនក្លិបសិក្សា រួមទាំងបង្កើតប្រព័ន្ធសិក្សាតាមបច្ចេកវិទ្យាដែលសិស្សអាចធ្វើតេស្តសមត្ថភាពខ្លួនឯងជាដើម៕