មុននេះបន្ដិច សារព័ត៌មាន Teenee បានចេញផ្សាយព័ត៌មានមួយជ្រុងទៀតដែលបង្ហាញឱ្យដឹងថា បុរសដែលជាអ្នកសារព័ត៌មានបរទេសម្នាក់បានអះអាងថា គ្រូបង្វឹកបាល់ទាត់ លោក អេក ឬអេកផុន ចាន់ថៈវង្ស នោះ មិនមែនជាអ្នកដែលនាំក្មេងៗក្រុមជ្រូកព្រៃចូលទៅក្នុងរូងភ្នំថាំលួង នោះទេ ពោលគឺ លោកបានចូលទៅតាមរកពួកគេ បន្ទាប់ពីអាណាព្យាបាលបានទូរស័ព្ទទៅប្រាប់លោកថា ពួកកូនៗរបស់គាត់មិនឃើញត្រឡប់មកផ្ទះវិញ។
តាមការបញ្ជាក់ និងលើកពីអំណះអំណាងរបស់សារព័ត៌មាន The Times អ្នកសារព័ត៌មានរូបនោះបានអះអាងប្រាប់ថា « លោកគ្រូមិនបាននាំពួកក្មេងៗចូលទៅក្នុងរូងភ្នំនោះទេ គឺពួកគេបានចូលទៅដោយខ្លួនឯង។ លោកគ្រូបានទទួលការទាក់ទងតាមទូរស័ព្ទពីក្រុមអាណាព្យាបាលរបស់ក្មេងៗ បន្ទាប់ពីពួកគាត់បានបាត់ដំណឹងកូនៗអស់រយៈពេល 1ម៉ោងរួចមក។ ដូច្នោះហើយទើបគាត់ចាកចេញពីតារាងទាត់បាល់ដែលមានចម្ងាយពីគ្នា 1គីឡូម៉ែត្រ ដើម្បីទៅស្វែងរកពួកក្មេងៗនៅក្នុងរូងភ្នំនោះ។ គាត់គួរតែបានទទួលនូវការអរគុណចំពោះភាពក្លាហាន ភាពទទួលខុសត្រូវ និងសមត្ថភាពរបស់គាត់ក្នុងការស្វែងរកក្មេងៗ និងថែរក្សាពួកគេយ៉ាងមានសុវត្ថិភាព។
គួរបញ្ជាក់ផងដែរថា ចំពោះចម្ងល់ដែលថា លោកគ្រូបង្វឹកបាននាំក្មេងៗចូលក្នុងរូងភ្នំនោះ នៅមិនទាន់មានការបកស្រាយដោយផ្ទាល់មាត់អំពីលោកគ្រូ អេក នៅឡើយទេ មានតែរង់ចាំឱ្យពួកគេទាំង 13នាក់បានចេញមកខាងក្រៅរូងភ្នំដោយសុវត្ថិភាពជាមុនសិន ទើបអាចផ្ដល់នូវបទសម្ភាស និងចម្លើយច្បាស់លាស់បាន៕