តាមរយៈសារព័ត៌មាន Teenee ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី4 ខែកក្កដា ឆ្នាំ 2018 នេះ បានឱ្យដឹងថា សម្រាប់ការរកឃើញក្មេងៗនៃក្រុមបាល់ទាត់ “ជ្រូកព្រៃ” ទាំង 13រូបនៅក្នុងរូងភ្នំថាំលួង ខេត្តឈៀងរ៉ាយ កាលពីពេលពាក់កណ្ដាលអាធ្រាតនៃថ្ងៃទី2 ខែកក្កដានោះ បានសាងក្ដីសប្បាយរីករាយចិត្តយ៉ាងខ្លាំងចំពោះអ្នកដែលទន្ទឹងរង់ចាំស្ដាប់នូវដំណឹងដ៏ល្អនេះ ។
ហើយនៅទីបំផុត បន្ទាប់ពីបានរកឃើញក្រុមជ្រូកព្រៃនៅក្នុងរូងភ្នំហើយ កីឡាការិនីបាល់ទះនៃក្រុមជម្រើសជាតិថៃ វិឡាវ៉ាន់ អភិតយ៉ាផុង បានចេញមកធ្វើការបកស្រាយនូវការយល់ឃើញរបស់នាងក្នុងនាមជាអ្នកដឹកនាំក្រុមកីឡាការិនីម្នាក់ដែរនោះ នាងបានពន្យល់ពីមូលហេតុដែលគ្រូបង្វឹកបាននាំក្មេងៗទាំង 12 រូប ចូលទៅក្នុងរូងភ្នំទាំងមានការដាក់ស្លាកសញ្ញាហាមឃាត់ នោះថា «បន្ទាប់ពីបានតាមដានសារព័ត៌មានជាច្រើនថ្ងៃមក យើងសង្កេតឃើញថា មនុស្សជាច្រើនមានមន្ទិលសង្ស័យចំពោះគ្រូបង្វឹកថា ហេតុអ្វីបានជានាំគ្នាចូលទៅក្នុងរូងភ្នំ ទាំងមានការហាមឃាត់ ដោយស្លាកសញ្ញាហាមឃាត់នោះបានប្រាប់ថា ហាមចូលទៅលេងក្នុងរូងភ្នំ នៅអំឡុងខែកក្កដា ដល់វិច្ឆិកា ដោយបានសរសេរយ៉ាងច្បាស់ៗ តែថ្ងៃដែលក្មេងៗចូលទៅនោះ គឺជាចុងខែមិថុនា ដូច្នេះមិនបានស្ថិតក្នុងខែហាមឃាត់នោះទេ»។
នាងបន្ដថា «យើងត្រូវយល់ថា គ្រូបង្វឹកត្រូវការឱ្យក្មេងៗបានធ្វើការងារជាក្រុម រួមគ្នាជាក្រុមមួយក្នុងការហ្វឹកហាត់ និងសាងសម្ព័ន្ធភាពនៅក្នុងក្រុម ដែលវាជារឿងមួយចាំបាច់ និងសំខាន់បំផុតក្នុងការហ្វឹកហាត់កីឡាប្រភេទលេងជាក្រុមបែបនេះ។ ដូចគ្នាដែរ ក្រុមនាងខ្ញុំក៏បានធ្វើដូចគ្នាអីចឹងដែរ។ តែនៅក្នុងករណីរបស់ប្អូនៗក្រុមជ្រូកព្រៃ អាចសំណាងមិនល្អ ទើបកើតរឿងដែលនឹកស្មានមិនដល់នេះឡើង។ វាហាក់បីដូចជាស្ថិតនៅក្នុងបន្ទុកគ្រប់គ្រងក្រុម តែគ្មានអ្នកណាម្នាក់ចង់ឱ្យក្លាយជារឿងដែលមានបញ្ហាដល់អ្នកណាម្នាក់ឡើយ ហើយបើពិចារណាមកវិញ អ្នកទាំងអស់គ្នាបាននាំគ្នាជួយសង្គ្រោះដោយការស្ម័គ្រចិត្ត មកជួយដោយបេះដូង ព្រមលះបង់គ្រប់យ៉ាងដើម្បីជួយក្រុមក្មេងៗ»។
ជាចុងក្រោយនាងបានបន្ដបញ្ជាក់ថា «រូងភ្នំមួយនេះ បើទោះបីជាមិនមានទឹកជន់ ក៏ជារូងភ្នំដែលសម្បូរទៅដោយឧបសគ្គវែងឆ្ងាយជាងគេ ព្រោះត្រូវឆ្លងកាត់ទាំងការដើរ លូនវារក្រាប ជ្រមុជ ដែលស័ក្ដិសមចំពោះការហ្វឹកហាត់របស់អ្នកកីឡា ក្នុងការអត់ទ្រាំ ការជួយយកអាសាគ្នា សាមគ្គីភាព ដែលជាហេតុផលមួយនាំឱ្យគ្រូបង្វឹកត្រូវធ្វើដូច្នោះ។ ប្រសិនបើជារូបនាងខ្ញុំវិញ ក៏នាងខ្ញុំត្រូវទៅដូចគ្នា ព្រោះវាជាការហ្វឹកហាត់សាងសមត្ថភាពផ្ទាល់ខ្លួន។ ដូចដែលគេនិយាយថា ទោះឧបសគ្គប៉ុនណាក៏ដោយ បើមានការតាំងចិត្តហើយ គឺអាចជម្នះបានទាំងអស់»៕