លោក Gareth Southgate អ្នកចាត់ការទូទៅរបស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសបានបញ្ជាក់ថា លោក «មិនចង់ទៅផ្ទះវិញ» ឡើយ ខណៈដែលលោកបានអំពាវនាវឱ្យក្រុមដែលប្រជុំដោយកីឡាករវ័យក្មេងរបស់លោកពង្រឹងក្រុម ក្រោយពីបានយកឈ្នះក្នុងការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីលើក្រុមជម្រើសជាតិកូឡុំប៊ី ក្នុងការប្រកួតព្រឹត្តិការណ៍ World Cup វគ្គ16ក្រុមចុងក្រោយ កាលពីថ្ងៃអង្គារ។
ក្រោយពីការស៊ុតបាល់ប៉េណាល់ទី 1គ្រាប់ក្នុងតង់ទី2 បានជួយឱ្យខ្សែប្រយុទ្ធ Harry Kane រកបានគ្រាប់បាល់ទី6 ក្នុងយុទ្ធនាការនេះ គ្រាប់បាល់តែតបញ្ចូលទីនៅពេលជិតបញ្ចប់ការប្រកួតរបស់ខ្សែការពារ Yerry Mina បានសង្គ្រោះក្តីសង្ឃឹមរបស់ក្រុមជម្រើសជាតិកូឡុំប៊ីឡើងវិញមុនពេលក្រុមជម្រើសជាតិអង់គ្លេស ដណ្តើមបានជ័យជម្នះដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីជាលើកទី1 ក្នុងព្រឹត្តិការណ៍ World Cup ក្រោយពីបានរងបរាជ័យក្នុងឆ្នាំ1990, 1998 និង2006។ លោក Southgateបានប្រាប់ទូរទស្សន៍ ITV ថា៖ «យើងបានលេងយ៉ាងល្អក្នុងរយៈពេល 90នាទី យើងបានបង្ហាញពីភាពរឹងមាំ ដើម្បីស្រោចស្រង់ពីការខកចិត្តដ៏ធំមួយ និងស្ថិតក្នុងអារម្មណ៍ស្ងប់។ ការស៊ុតបាល់ប៉េណាល់ទី ពិតជាតានតឹង។ កីឡាករបានខិតខំព្យាយាមធ្វើឱ្យបានល្អ ហើយវាជាពេលវេលាដ៏ពិសេសមួយសម្រាប់យើង»។ ខ្សែការពារ Eric Dier បានឱ្យដឹងថា៖ «ក្នុងការធ្លាក់ចេញដូចដែលយើងបានធ្វើជាមួយនឹងគ្រាប់បាល់នៅនាទីបន្ថែមបែបនេះ អ្នកដឹងទេថា វាពិតជាលំបាកក្នុងការបំភ្លេចណាស់»។
ស្របពេលដែលអេស្ប៉ាញ បានធ្លាក់ចេញរួចជាស្រេច ក្រុមជម្រើសជាតិអង់គ្លេស នឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិស៊ុយអែត ក្នុងទីក្រុង Samara នៅថ្ងៃសៅរ៍នេះ ខណៈរុស្ស៊ី ឬក្រូអាស៊ី នឹងក្លាយជាគូប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
ប្រភពពី៖ Channel News Asia