ការប្រមូលពន្ធក្នុងខែឧសភា ឆ្នាំ2018 កន្លងទៅនេះបានកើនឡើងចំនួន 65.92ប៊ីលានរៀល (ស្មើនឹង 16.48លានដុល្លារអាមេរិក) កើនឡើងប្រមាណជា13.99% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2017កន្លងទៅ។
ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលពន្ធក្នុងខែឧសភា ឆ្នាំ2018 ថាក្នុងរយៈពេល5ខែ ដើមឆ្នាំ2018 នេះអគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករបានចំនួន 4,171.82 ប៊ីលានរៀល (ប្រមាណជា 1,042.96លានដុល្លារអាមេរិក) ឬស្មើនឹង 59.23%។ ប្រសិនបើប្រៀបធៀបរយៈពេល5ខែ ដើមឆ្នាំ2017 ឃើញថាការប្រមូលពន្ធ-អាករគ្រប់ប្រភេទតាមប្រព័ន្ធអនឡាញមានការកើនឡើង 452.05ប៊ីលានរៀល (ប្រមាណជា 113 លានដុល្លារអាមេរិក)ស្មើនឹង 12.15%។
ទន្ទឹមនឹងការកើនឡើងនៃការប្រមូលពន្ធនេះ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់ឆ្នាំ2018 អាចប្រមូលបានគ្រប់ផែនការដែលកំណត់ដោយច្បាប់។ ជាមួយគ្នានេះឯកឧត្តមបានណែនាំដល់គ្រប់អង្គភាពឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ សំដៅឱ្យពួកគាត់រីករាយទទួលយក និងស្ម័គ្រចិត្តបង់ពន្ធគ្រប់ៗគ្នា ធ្វើយ៉ាងណាកាត់បន្ថយជាអតិបរមានូវការរអ៊ូរទាំ របស់អ្នកជាប់ពន្ធ និងផ្តល់កិច្ចសហការល្អ៕