ដូចដែលប្រិយមិត្តបានដឹងហើយថា តារាសម្ដែងសិចស៊ី ដេននី ក្វាន់ ទើបតែត្រឡប់មកពីធ្វើការកែសម្ផស្សនៅប្រទេសថៃវិញ តែនាងមិនសូវនិយមតែងខ្លួនសិចស៊ីបង្អួតមហាជនដូចមុនទៀតឡើយ ព្រោះថា នាងបែរជាចូលចិត្តបង្អួតសម្ភាប្រើប្រាស់នានា ដូចជាផ្ទះ លុយ ឡាន និងគ្រឿងអលង្ការវិញម្ដងនៅក្នុងបណ្តាញសង្គម។ ថ្វីបើតារាស្រីរូបនេះមើលទៅហាក់ដូចជាសម្ញែងភាពមានបានបន្តិចមែន ប៉ុន្តែកន្លងមកនាងក៏បានចូលរួមយ៉ាងសកម្មក្នុងការងារសង្គម និងជួយមនុស្សទីទាល់ក្រជាច្រើនដែលជាទីពេញចិត្តពេញថ្លើមរបស់អ្នកគាំទ្រនាងដែរ។
គ្រាន់តែចូលខែថ្មីភ្លាម កញ្ញា ដេននី ក្វាន់បានប្រកាសពីការរៀបចំបើកមុខជំនួញថ្មីមួយផ្សេងទៀត ដោយកញ្ញា ត្រៀមចំណាយក្នុងជំនួញថ្មីនោះរហូតដល់ទៅរាប់ម៉ឺនដុល្លាឯណោះ។ នាងបានសរសេរនៅលើគណនីផ្ទាល់ខ្លួនរបស់នាងថា «ដើមខែនេះចំណាយដើមទុន50,000ដុល្លារ ទៀតហើយសម្រាប់ការរកស៊ី តែមិនបញ្ហាទេព្រោះខ្ញុំជឿជាក់លើខ្លួនខ្ញុំថាអាចធ្វើបាន ហើយក៏មិនភ័យខ្លាចបរាជ័យដែរ (ធ្វើស្រែមើលមេឃ ធ្វើជំនួញមើលទីផ្សារ) ខួរក្បាលខ្ញុំអើយដើររហូត គិតស្ទើរឆ្កួតហើយព្រោះតែចង់មានបានដូចគេ!»។
គួររំឭកបន្ថែមដែរថា កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ ទើបតែធ្វើការប្រកាសចង់រៀបការឱ្យបានឆាប់នៅក្នុងឆ្នាំនេះ ដែលដំណឹងនេះធ្វើឱ្យមហាជនលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយជានិច្ចកាល នាងតែបង្ហាញមុខគូស្នេហ៍យ៉ាងស្និទ្ធស្នាលក្នុងឱកាសដើរកម្សាន្ដជាមួយគ្នាទៅកាន់ក្រៅប្រទេសផងដែរ៕