ឆ្នាំនេះ មានបេក្ខជនប្រឡងបាក់ឌុបជិត 12ម៉ឺននាក់ ខណៈការអនុវត្តគោលការណ៍នៅតែតឹងតែង
ក្រោយកំណែរទម្រង់ប្រព័ន្ធអប់រំ បេក្ខជនប្រឡងមធ្យមសិក្សាបានបង្កើតការខិតខំប្រឹងប្រែងកាន់តែខ្លាំងក្នុងការសិក្សាបន្ថែម ដើម្បីឆ្លងកាត់ដំណាក់កាលយ៉ាងសំខាន់សម្រាប់ជីវិតនេះ។
ជាទូទៅ គេសង្កេតឃើញថានៅឆ្នាំដំបូងសិស្សធ្លាក់មានចំនួនច្រើន ដោយសារតែក្រសួងមានការរឹតបន្តឹងដើម្បីធ្វើយ៉ាងណាពង្រឹងគុណភាពអប់រំឱ្យសិស្សខិតខំប្រឹងប្រែងប្រឡងដោយប្រើសមត្ថភាពពិតប្រាកដ។ ស្ថិតក្នុងកាលៈទេសៈនោះ សិស្សជំនាន់ក្រោយៗមានការព្រួយបារម្ភជាខ្លាំង តែក្រសួងនៅរក្សាលំនឹងនៃភាពហ្មត់ចត់ និងរឹតបន្តឹងដដែល រហូតទទួលបានលទ្ធផលវិជ្ជមាននៅឆ្នាំជាបន្តបន្ទាប់ដែលស្តែងចេញតាមរយៈចំនួនសិស្សជាប់និទ្ទេសល្អៗ និងចំនួនសិស្សជាប់បាក់ឌុបមានការកើនឡើង។
នៅឆ្នាំសិក្សា 2017-2018 នេះ ក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្តីប្រកាសថា សម័យប្រឡងមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជានឹងធ្វើទៅនៅថ្ងៃទី 20 ខែសីហា ឆ្នាំ2018 ខាងមុខនោះដែលក្នុងនោះមានបេក្ខជនសរុបប្រមាណ 117,061នាក់ និងមានមណ្ឌលប្រឡងចំនួន 195មណ្ឌល ដែលចែកចេញជា 4,716បន្ទប់នៅទូទាំង 25រាជធានីខេត្តនៅកម្ពុជា។
ចំពោះថ្ងៃប្រកាសលទ្ធផល ក្រសួងនឹងចេញតាមមណ្ឌលនៅរាជធានីភ្នំពេញ និងខេត្តកណ្តាលនៅថ្ងៃទី 11 ខែកញ្ញា ឆ្នាំ2018 និងចេញលទ្ធផលសម្រាប់គ្រប់មណ្ឌលនៅទូទាំងប្រទេសនៅថ្ងៃទី 12 ខែកញ្ញា ឆ្នាំ2018។ នៅឆ្នាំ 2018 នេះក្រសួងនៅតែត្រៀមលក្ខណៈល្អប្រសើរដើម្បីទប់ស្កាត់ភាពអសកម្ម និងចន្លោះប្រហោងនានា ដើម្បីធានារឹតបន្តឹងគោលការណ៍វិន័យឱ្យបានល្អ តាមរយៈការឃាត់មិនឱ្យលាក់ទុកនូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីដែលរកឃើ្ ត្រូវចាត់ទុកដាក់បេក្ខជនបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទបញ្ញត្តិ និងកម្រិតវិន័យ ដែលត្រូវកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ៕