ពិតណាស់ក្រុមហ៊ុន Google និង Apple បានធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់មុននឹងអនុញ្ញាតឱ្យក្រុម Developer ដាក់បញ្ចូលកម្មវិធី (App) ចូលទៅក្នុង Play Store និង App Store ដើម្បីឱ្យប្រាកដថា កម្មវិធីទាំងនោះមិនត្រូវបានបង្កប់ ឬភ្ជាប់ជាមួយនូវមេរោគ ប៉ុន្តែតាមរយៈការស្រាវជ្រាវថ្មីបានរកឃើញថា មានក្រុមខិលខូចមួយចំនួនបានលួចលុយអ្នកប្រើប្រាស់តាមរយៈ App ដែលមាននៅក្នុង Play Store និង App Store។
របាយការណ៍ស្រាវជ្រាវថ្មីមួយរបស់ក្រុមហ៊ុនបង្កើតកម្មវិធីកម្ចាត់មេរោគ McAfee security បានឱ្យដឹងថា ថ្មីៗនេះមានអ្នកប្រើប្រាស់ជាច្រើនបានក្លាយជាជនរងគ្រោះ ដោយមានអ្នកខ្លះបានបាត់បង់លុយទៀតផង។
McAfee បានបញ្ជាក់ថា មានក្រុមខិលខូចបានបង្កើតកម្មវិធីដូចជា Ringtone Creators, Flashlights, QR code scanners ជាដើម និងបានដាក់ចូលទៅក្នុង Play Store និង App Store។ ក្រោយពេលអ្នកប្រើប្រាស់ទាញយកកម្មវិធីទាំងនោះមកប្រើជាដំបូងវាមិនទាន់ធ្វើសកម្មភាពនោះទេ ប៉ុន្តែក្រោយមកវាទាមទារឱ្យអ្នកប្រើប្រាស់ចុចប៊ូតុង Update, Subscription ឬប៊ូតុងផ្សេងៗទៀត បន្ទាប់មកវាតម្រូវឱ្យបង់ប្រាក់ ប៉ុន្តែវាមិនបានបញ្ជាក់ថា បង់ប្រាក់ទៅលើសេវាកម្មអ្វីនោះទេ។
ជាមួយគ្នានេះដែរ នៅពេលអ្នកប្រើប្រាស់ចុចប៊ូតុងដូចខាងលើ មេរោគដែលមាននៅក្នុងកម្មវិធីវាចាប់ផ្ដើមប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ ហើយបើតាមការបញ្ជាក់របស់ McAfee គឺទិន្នន័យទាំងនោះត្រូវបានដាក់លក់នៅទីផ្សារងងឹតក្នុងតម្លៃដ៏ថ្លៃ។
ដោយសារតែកើតមានបញ្ហាទាំងនោះហើយ ទើប McAfee បានអំពាវនាវដល់អ្នកប្រើប្រាស់ទាំងអស់មេត្តាពិនិត្យទៅលើប្រភពនៃកម្មវិធីៗនីមួយៗមុននឹងទាញយកពី Play Store និង App Store៕