ទោះបីជាតម្រូវការអគារខ្ពស់ៗបានធ្លាក់ចុះបន្តិចនៅប៉ុន្មានខែក្នុងត្រីមាសចុងក្រោយនេះក៏ដោយ ក៏គេរំពឹងថា ថ្ងៃខាងមុខតម្រូវការនៃអគារខុនដូ ឬអគារពាណិជ្ជកម្មខ្ពស់ៗនៅតែមាន ដែលជាហេតុធ្វើឱ្យក្រុមហ៊ុនកូនខ្មែរក្នុងស្រុកសហការជាមួយវិនិយោគិនមកពីក្រៅប្រទេស ត្រៀមបុកគ្រឹះសាងសង់អគារកម្ពស់ 62ជាន់ នៅក្នុងខែកញ្ញា ឆ្នាំ2018 ខាងមុខនេះហើយ។
គម្រោងអគារភ្លោះដ៏ខ្ពស់ស្កឹមស្កៃនេះ មានការសហការវិនិយោគដោយក្រុមហ៊ុន Royal Group ជាមួយក្រុមហ៊ុន Huashi Group របស់វិនិយោគិនចិន និងសាងសង់ដោយក្រុមហ៊ុន Sichuan Huaxi Group។ ក្រុមហ៊ុន OTK Royal One ដែលជាបុត្រ-សម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group ដែលតំណាងដោយលោកឧកញ៉ា គិត ធាង ប្រធានក្រុមហ៊ុន OTK Royal One ជាអ្នកវិនិយោគគម្រោងនេះ។
លោកឧកញ៉ា គិត ធាង បានមានប្រសាសន៍ឱ្យដឹងថា ការសាងសង់អគារខ្ពស់កប់ពពកនេះ នឹងចាប់-ផ្តើមនៅខែកញ្ញាខាងមុខនេះ និងគ្រោងចំណាយ-ពេលរយៈពេល 3ឆ្នាំដើម្បីបញ្ចប់គម្រោងនេះ។ អគារភ្លោះដែលមានឈ្មោះ Royal One នឹងដាក់ឱ្យប្រើ-ប្រាស់ចម្រុះសម្រាប់ជាសណ្ឋាគារ ខុនដូ ផ្សារទំនើប អគារការិយាល័យជាដើម។ អគារនេះនឹងមានកម្ពស់រហូតដល់62ជាន់ ទាំងអគារA និងអគារB ស្មើនឹងកម្ពស់230ម៉ែត្រ មានលំនៅឋាន 274Units និងការិយាល័យចំនួន 256បន្ទប់ មានទីតាំងនៅដីឡូត៍លេខ93 ផ្លូវលេខ114 កែងនឹងមហាវិថីមុនីវង្ស ដោយមានរចនាប័ទ្មយ៉ាងប្រណីត និងបំពាក់ឧបករណ៍ទំនើប។
លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន Hutton CPL បានមានប្រសាសន៍គាំទ្រចំពោះគម្រោងសាងសង់អគារខ្ពស់កប់ពពកនៅកម្ពុជាថា ជារឿងល្អប្រសើរសម្រាប់សេដ្ឋកិច្ចកម្ពុជា និងឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់អ្នកវិនិយោគលើបរិយាកាសធុរកិច្ចនៅកម្ពុជា ខណៈដែលទីផ្សារអចលនទ្រព្យកំពុងមានភាពរីកចម្រើន ដោយវត្តមានអគារខ្ពស់ៗនឹងជួយលើកកម្ពស់មុខមាត់កម្ពុជាបន្ថែមទៀត។ លោកបន្តថា “ទីតាំងអគារភ្លោះដ៏ខ្ពស់នេះស្ថិតនៅទីតាំងកណ្តាលក្រុងដែលមានសក្តានុពល ដែលអាចបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ មានការគាំទ្រ និងទាក់ទាញខ្លាំងពីអ្នកវិនិយោគ និងភ្ញៀវទេសចរអន្តរជាតិ ពិសេស និងអាចទទួលភ្ញៀវក្នុងឱកាសកម្ពុជាក្លាយជាម្ចាស់ផ្ទះកីឡាអាស៊ានហ្គេមនៅឆ្នាំ2023 ខាងមុខ”។
គួររំឭកថា គម្រោងលក់អគារខុនដូនៅត្រីមាសទី1 ឆ្នាំ2018 កន្លងទៅនេះបានធ្លាក់ចុះបន្តិចធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2017 ខណៈដែលតម្រូវការនៃការជួលអគារពាណិជ្ជកម្ម ហាក់មានភាពនៅទ្រឹង។ របាយការណ៍ស្រាវជ្រាវទីផ្សាររបស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា តម្លៃលក់ខុនដូប្រភេទមធ្យម និងប្រភេទប្រណីតបានថយចុះ2% ក្នុងត្រីមាសទី1 បើធៀបទៅនឹងត្រីមាសមុនៗ ស្របពេលដែលតម្លៃជាមធ្យមរបស់ខុនដូប្រភេទតម្លៃសមរម្យបានកើនឡើងចំនួន 7% ប្រចាំត្រីមាសទី1។
តម្លៃនៃការជួលរបស់ខុនដូប្រភេទមធ្យម និងប្រភេទប្រណីតស្ថិតក្នុងទីតាំងសំខាន់ត្រូវបានថយ-ចុះចំនួន3.8% ប្រចាំត្រីមាស ចំណែកតម្លៃជួលរបស់អគារការិយាល័យ និងទីតាំងពាណិជ្ជកម្មមានសភាពថេរក្នុងត្រីមាសទី1 នៃឆ្នាំ2018 បើប្រៀបធៀបទៅនឹងត្រីមាសមុន។ ហើយអត្រានៃការជួលអគារការិយាល័យសម្រាប់ត្រីមាសទី1 នៃឆ្នាំ2018 មានប្រមាណ 82.7%។
នៅត្រឹមដំណាច់ត្រីមាសទី1កន្លងទៅ ការផ្គត់ផ្គង់អគារខុនដូរមានការកើនឡើងដល់ជិត 10,000 យូនីតស្មើនឹង14% ហើយសម្រាប់រយៈពេលពេញមួយឆ្នាំ2018 ចំនួនខុនដូប្រមាណជា 12.000យូនីតបន្ថែមទៀតនឹងត្រូវបញ្ចប់គម្រោងសាងសង់របស់ខ្លួន។ ចំណែកការជួលអគារការិយាល័យនៅតែដំណើរការទៅមុខដែលបានកើនឡើងដល់ចំនួន 82.7% ទោះបីចំនួននៃការផ្គត់ផ្គង់មានការកើនឡើងក៏ដោយ។
បច្ចុប្បន្ននេះរាជធានីភ្នំពេញមានអគារខ្ពស់ៗជាច្រើនបានសាងសង់រួច និងដាក់ដំណើរការជាបណ្តើរៗហើយ ដូចជាអគារ Vattanac Capital កម្ពស់ 37ជាន់ អគារ OCIC កម្ពស់ 32ជាន់ និងអគារ ExchangeSquare របស់ក្រុមហ៊ុន Hong Kong Land ជាដើម៕