កីឡាករ Max Verstappen បានដណ្តើមយកប្រៀបលើការបោះបង់ការប្រណាំងដ៏កម្ររបស់ក្រុម Mercedes កាលពីថ្ងៃអាទិត្យ តាមរយៈការឈ្នះការប្រកួតជាលើកទី1 របស់គេនៅឆ្នាំនេះ ក៏ដូចជាជួយឱ្យក្រុម Red Bull ដណ្តើមបានជ័យជម្នះនៅលើទឹកដីខ្លួនឯងជាលើកទី1 ក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្តដែលពោរពេញដោយគ្រោះថ្នាក់ “Austrian Grand Prix”។
កីឡាករសញ្ជាតិហូឡង់រូបនេះ បានកត់ត្រាជ័យជម្នះ ក្រោយពីទាំងកីឡាករ Lewis Hamilton និងValtteriBottas បានបោះបង់ចោលការប្រកួតដោយសារតែមានបញ្ហាផ្នែកថាមពល និងប្រអប់លេខរៀងៗខ្លួន ខណៈដែលការប្រជែងរបស់ក្រុមពួកគេសម្រាប់ការឈ្នះការប្រណាំងនៅលើទឹកដីអូទ្រីសជាលើកទី4 ជាប់ៗគ្នា បានបញ្ចប់ទាំងខកចិត្ត នៅលើទីលានផ្លូវ Red Bull Ring ដែលជាកន្លែងមានសីតុណ្ហភាពដល់ទៅ 48អង្សាសេ។
Verstappen ដែលត្រូវបានគាំទ្រដោយអ្នកគាំទ្រច្រើនជាង 20,000នាក់នោះ បានឱ្យដឹងថា៖ «វាពិតជារឿងដ៏អស្ចារ្យណាស់ក្នុងការឈ្នះក្នុងនាមរថយន្ត Red Bull នៅលើទីលាន Red Bull Ring»។ កីឡាកររូបនេះបានបន្ថែមទៀតថា៖ «ពិតជាមានការលំបាកក្នុងការគ្រប់គ្រងលើបញ្ហាកង់ ដោយសារតែមានកម្តៅយ៉ាងខ្លាំង ប៉ុន្តែយើងបន្តធ្វើបានយ៉ាងល្អ។ វាពិតជាអស្ចារ្យណាស់ក្នុងការឈ្នះនៅទីនេះ ជាមួយនឹងអ្នកគាំទ្រហូឡង់ជាច្រើន»។
ការបោះបង់ចោលការប្រកួតរបស់កីឡាករទាំង2នាក់ក្នុងក្រុមតែ1 បានកើតឡើងជាលើកទី1 សម្រាប់ក្រុម McLaren ចាប់តាំងពីការប្រណាំង Spanish Grand Prix ឆ្នាំ2016 ដោយកាលនោះ Verstappen បានឈ្នះការប្រណាំងនៅថ្ងៃនៃការបង្ហាញខ្លួនឱ្យក្រុម Red Bull ជាលើកទី1 របស់គេ ក្រោយពី Hamilton បានប៉ះទង្គិចជាមួយនឹងមិត្តរួមក្រុមខ្លួន Nico Rosberg នៅត្រឹមជុំទី1។
Sebastian Vettel របស់ក្រុម Ferrari បានស្ថិតក្នុងចំណាត់ថ្នាក់លេខ3 ដើម្បីនាំមុខលើតារាងប្រជែងពាន ដោយមាន 146ពិន្ទុ ខណៈដែល Hamilton មាន145៕
ប្រភពពី៖ Channel News Asia