Skip to content

អេ​ស្ប៉ា​ញ ស្រឡាំងកាំង​ដោយ​បាល់​ប៉េ​ណា​ល់​ទី ខណៈ​រុស្ស៊ី ទៅ​ជួប ក្រូ​អាស៊ី ក្នុង​វគ្គ1/4

អ្នកចាំទី Igor Akinfeev បាន​ក្លាយជា​វីរបុរស ខណៈដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​រុស្ស៊ី បាន​ផ្តួល​ក្រុម​ម្ចាស់​ជើងឯក​ឆ្នាំ2010 ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី ដើម្បី​ឈានទៅ​កាន់​វគ្គ 8ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី ដែល​បាន​សង្គ្រោះ​ខ្លួន​ឱ្យ​ផុតពី​ការ​សោកសៅ​ក្នុងការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី កាលពី​ថ្ងៃអាទិត្យ។

ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​របស់លោក Fernando Hierro បាន​គ្រប់គ្រង​ការប្រកួត​នេះ​ស្ទើរតែ​ទាំងស្រុង នា​កីឡដ្ឋាន Luzhniki ក្នុង​ទីក្រុង​ម៉ូស្គូ ដោយមាន​អត្រា​គ្រប់គ្រង​បាល់​ដល់​ទៅ 74ភាគរយ ប៉ុន្តែ​បាន​បង្កើតឱ្យមាន​ឱកាស​តិចតួច​ប៉ុណ្ណោះ ក៏បាន​ធ្លាក់​ចូលក្នុង​សម្ពាធ​ក្នុងពេល​ឈានដល់​ដំណាក់កាល​ដ៏​សំខាន់បំផុត​នៃ​ការប្រកួត។

អ្នកចាំទី​ជើងចាស់ Akinfeev បាន​សង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី​ពី​ការ​ស៊ុត​របស់​កីឡាករ Koke និង Iago Aspas ខណៈដែល​រុស្ស៊ី​បានទទួល​ជ័យជម្នះ​ក្នុងការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ក្នុង​លទ្ធផល 4-3 ដើម្បី​ឈានទៅ​វគ្គ 8ក្រុម​ចុងក្រោយ​ជា​លើក​ទី1 បើ​គិត​ចាប់តាំងពី​ឆ្នាំ1970 ដែល​នៅពេលនោះ​ពួកគេ​បាន​លេង​ក្នុងនាម​ជា​សហភាពសូវៀត។ ការដណ្តើម​បាន​ជ័យជម្នះ​ដ៏​មិន​គួរឱ្យ​ជឿ​នេះ បាន​បង្កើតឱ្យមាន​សក​ម្ម​ភាព​ដ៏​គួរឱ្យ​រំជួលចិត្ត​ជាច្រើន ខណៈដែល​ភ្លៀង​បាន​ធ្លាក់​ចុះមក​យ៉ាងខ្លាំង ហើយ​មានការ​អបអរសាទរ​យ៉ាងខ្លាំង​ក្នុង​ទីក្រុង​ម៉ូស្គូ ដោយ​ប្រជាជន​ក្នុង​តំបន់​បានធ្វើ​ការអបអរ​ដោយ​គ្រវីទង់ជាតិ ចុច​ស៊ី​ភ្លេ​រថយន្ត និង​ស្រែកថា «រុស្ស៊ី»។

ស្របពេល​ជាមួយគ្នានេះ កាសែត​កីឡា​ប្រចាំថ្ងៃ Marca របស់​អេ​ស្ប៉ា​ញ បានចេញ​ផ្សាយ​ថា៖ «ការធ្លាក់​ចេញ​ក្នុង​វគ្គ 16ក្រុម​ចុងក្រោយ គឺជា​ទំព័រ​ខ្មៅ​មួយ​ផ្សេងទៀត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​យើង»។ កាសែត​ដដែល​បាន​បន្តថា៖ «ការប្រកួត​នេះ ពិតជា​ផ្តល់នូវ​ការភ្ញាក់ផ្អើល។

អេ​ស្ប៉ា​ញ លេង​បាន​យ៉ាង​អន់ និង​មិន​គិតថា ខ្លួន​ចាកចេញ​ឡើយ​នៅត្រឹមតែ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ចាប់ផ្តើម។ នេះ​គឺជា​ក្រុម​ដែលមាន​ការបែកបាក់​ដែល​ខ្វះ​នូវ​ការស្រេកឃ្លាន​ដើម្បី​ស៊ូទ្រាំ​នឹង​ការ​ប្រជែង​មួយ​ដែល​ទាមទារ​ឱ្យមាន​សំណាង​ច្រើន ប៉ុន្តែ​ក៏មាន​ការលើកទឹកចិត្ត​ផងដែរ»។

ជ័យជម្នះ​នេះ នឹងធ្វើ​ឱ្យ​ក្រុម​ជម្រើសជាតិ​រុស្ស៊ី ធ្វើដំណើរ​ទៅកាន់​វគ្គ 8ក្រុម​ចុងក្រោយ ដោយ​ត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី ដែល​បាន​ទម្លាក់​ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី 3-2 ក្រោយពី​ការប្រកួត​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ 1-1 ក្នុង​រយៈពេល 120នាទី៕

ប្រភពពី៖ sport.yahoo.com

Leave a Reply

Your email address will not be published. Required fields are marked *