បើគ្មានការប្រែប្រួលទេនោះ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដីធ្លី និងជំនាញលក់អចលន-ទ្រព្យ និងចាប់ផ្តើមទទួលសិស្សឱ្យចូលរៀនចាប់ពីខែសីហា ឆ្នាំ2018ខាងមុខនេះហើយ។ នេះបើតាមការឱ្យដឹងពីលោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។
លោកបណ្ឌិតបានមានប្រសាសន៍នៅក្រោយពេលចុះអនុស្សរណៈយោគយល់គ្នាជាមួយលោកបណ្ឌិត ជួន រតនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីសប្តាហ៍មុនថា ឆ្លងតាមការពិភាក្សាជាច្រើនលើកច្រើនសាអស់រយៈពេលជាយូរមក ភាគីទាំងពីរបានឯកភាព និងព្រមព្រៀងគ្នាបើកទទួលសិស្សឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញដីធ្លី នៅថ្ងៃទី8 ខែសីហា ឆ្នាំ2018ខាងមុខនេះ ដើម្បីអបអរសាទរខួប10ឆ្នាំនៃការបង្កើតសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។
លោកបន្តថា វគ្គសិក្សាដំបូងនេះ រំពឹងថា យ៉ាងហោចនឹងមាននិស្សិត និងអ្នកកំពុងបម្រើការងារលើវិស័យអចលនទ្រព្យចំនួន 500នាក់ចូលរៀនជាលើកដំបូងសម្រាប់ផ្តល់ជាមូលដ្ឋានគ្រឹះដើម្បីតម្រង់ទិសពួកគាត់ឱ្យមានជំនាញ ចំណេះដឹង និងវិជ្ជាជីវៈកាន់តែច្បាស់ក្នុងការបំពេញការងារឱ្យកាន់-តែប្រសើរឡើង។ ចំណែកនិស្សិតដែលចង់បម្រើការងារលើវិស័យអចលនទ្រព្យក៏ចាំបាច់ត្រូវចូលរៀនវគ្គសិក្សានេះបន្ថែមដែរ ដោយសារនៅថ្ងៃអនាគតដ៏ឆាប់ខាងមុខ ការជ្រើសរើសបុគ្គលិកចូលធ្វើការលើវិស័យដីធ្លីចាំបាច់តម្រូវឱ្យមានវិញ្ញាបនបត្រផ្នែកនេះជាចាំបាច់ “កន្លងមកអ្នកណាៗក៏អាចរកស៊ីក្នុងវិស័យដីធ្លីនេះបានដែរ ប៉ុន្តែចាប់ពីកម្ពុជាបង្កើតសាលានេះឡើង អ្នកមិនបានចូលរៀនមិនមានជំនាញវិជ្ជាជីវៈ មិនអាចធ្វើការលើវិស័យនេះបានទេ ដោយសារតែក្រុមហ៊ុនត្រូវការបុគ្គលិក ដែលមានជំនាញវិស័យដីធ្លីនេះជាចាំបាច់ បើសិនជាមិនមានសញ្ញាបត្រនេះទេ គឺគេមិនទទួលយកមកធ្វើការនោះឡើយ”។
ជាមួយគ្នានេះដែរ លោកបណ្ឌិត ជួន រតនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានប្រសាសន៍ថា វគ្គសិក្សាដំបូងនេះបង្រៀនដោយសាស្ត្រាចារ្យក្នុងស្រុកដែលមានបទពិសោធយូរឆ្នាំ និងមានចំណេះដឹងសិក្សាមកពីសាលាល្បីៗនៅក្រៅប្រទេស រួមនឹងជំនាញពាក់ព័ន្ធផ្លូវច្បាប់ដែលភាគច្រើនបង្រៀនដោយមេធាវីដែលមានជំនាញផ្នែកអចលនទ្រព្យនេះដែរ។ វគ្គសិក្សាថ្មីនេះរួមមាន 6មុខវិជ្ជា និងចែកជា 2វគ្គ គឺវគ្គ 75ម៉ោង និង120ម៉ោង ដែលបានរៀបចំរួចជាស្រេច និងបានឆ្លងកាត់ការពិភាក្សាជាមួយអ្នកជំនាញពាក់ព័ន្ធជាច្រើនលើកច្រើនសា ដែលនឹងជួយលើកកម្ពស់ធនធានមនុស្សឱ្យកាន់តែប្រសើរឡើង ផ្តល់នូវជំនាញវិជ្ជាជីវៈបន្ថែមទៀត សម្រាប់ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគនៅក្នុងស្រុក និងក្រៅស្រុក ក្នុងការវិនិយោគលើវិស័យដីធ្លីនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តម ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានហៅការចុះអនុស្សរណៈយោគយល់គ្នានេះថា ជាសមិទ្ធផលថ្មីមួយទៀតសម្រាប់វិស័យអចលនវត្ថុនៅកម្ពុជា។ ឯកឧត្តមបន្តថា យើងបានដឹងហើយថា សំណង់អគារខ្ពស់ៗ បុរីលំនៅឋាន និងសកម្មភាពពុះដីឡូត៍លក់បានរីកចម្រើនគួរឱ្យកត់សម្គាល់ជាខ្លាំងដែលបានជួយជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើងក្នុងការកាត់បន្ថយអត្រាភាពក្រីក្រ ជួយឱ្យជីវភាពប្រជាពលរដ្ឋខ្មែរកាន់តែរីកចម្រើនឡើងជាលំដាប់ រហូតដល់ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់រហ័សនាមឱ្យថា ជាកូនខ្លាសេដ្ឋកិច្ចអាស៊ី “ក្រៅពីវិស័យវាយនភណ្ឌ ទេសចរណ៍ វិស័យអចលនវត្ថុគឺជាចលករដ៏សំខាន់ក្នុងការជួយជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជាឱ្យនៅថេរចំនួន 7ភាគក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ”។
ឯកឧត្តមបន្តថា សាលាបណ្តុះបណ្តាលនេះ គឺជាបរិបទមួយថ្មីសម្រាប់វិស័យដីធ្លីនៅក្នុងប្រទេសកម្ពុជាដែលកំពុងតែរីកដុះដាលយ៉ាងខ្លាំងដែលទាមទារឱ្យអ្នកផ្តល់សេវាកម្មផ្នែកនេះ មានជំនាញ និងក្រមសីលធម៌ច្បាស់លាស់តាមរយៈវគ្គបណ្តុះបណ្តាលដែលគ្រោងនឹងចាប់ផ្តើមដំណើរការនៅខែសីហាឆាប់ៗខាងមុខ។ ឯកឧត្តមសង្កត់ធ្ងន់ថា“កន្លងមកក្រសួងធ្លាប់ចេញអាជ្ញាប័ណ្ណដល់ក្រុមហ៊ុនចំនួន150 នៅកម្ពុជាដែលមានរយៈពេល 3ឆ្នាំ ហើយនៅពេលផុតកំណត់អាជ្ញាប័ណ្ណ គាត់ត្រូវបន្តថ្មី គឺតម្រូវឱ្យគាត់មានវិញ្ញាបនបត្រឆ្លងកាត់ការសិក្សាច្បាស់លាស់ ដែលពួកគាត់ត្រូវមកចូលរៀនវគ្គថ្មីនេះទាំងអស់គ្នា ដើម្បីពង្រឹងសមត្ថភាព កែសម្រួលជំនាញវិជ្ជាជីវៈរបស់គាត់ និងដឹងពីក្រមសីលធម៌សម្រាប់អាជីព ដើម្បីផ្តល់ទំនុកចិត្តកាន់តែខ្ពស់ពីអតិថិជន ដែលនេះជាឱកាសមាស ឱកាសពេជ្រដែលជួយតម្រង់ទិសឱ្យគាត់មានសមត្ថភាពប្រសើរឡើង និងអាចមានការឡើងប្រាក់ខែពីក្រុមហ៊ុនបន្ថែមទៀតផង”។
កន្លងមក អ្នកណាក៏មានសិទ្ធិរកស៊ីអចលនទ្រព្យលក់ដីនេះដែរ មិនថាតែអ្នកជំនាញ ឬអ្នកម៉ូតូឌុបនោះទេ ប៉ុន្តែជួនកាលអ្នកខ្លះចំណាយពេលឥតប្រយោជន៍អ្នកខ្លះលក់បានក៏ទទួលបានប្រាក់កម្រៃជើងសាតែអ្នកខ្លះលក់បានហើយមិនទទួលបានប្រាក់កម្រៃជើងសា និងថែមទាំងមានរឿងដល់ខ្លួនឯងថែមទៀតដូច្នេះជំនាញនេះពិតជាមានសារៈសំខាន់ណាស់ដើម្បីផ្តល់ឱកាសឱ្យអ្នកមានបំណងរកស៊ីផ្នែកអចលនទ្រព្យ អាចមានឱកាសចូលរៀនមានចំណេះដឹងផ្នែកដីធ្លី កសាងមូលដ្ឋានគ្រឹះ សម្រាប់បំពេញការងារប្រកបដោយវិជ្ជាជីវៈពិតប្រាកដ ចូលរួមប្រកួតប្រជែងជាមួយអ្នកអាជីពនៅក្រៅប្រទេស។
គួរបញ្ជាក់ថា ប្រទេសកម្ពុជាបានដាក់គោលដៅរបស់ខ្លួនឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ2030 ហើយនឹងក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ2050 ដូច្នេះរាជរដ្ឋាភិបាលបានដាក់ចក្ខុវិស័យច្បាស់លាស់ ដើម្បីពង្រឹង និងបង្កើនចំណូលរបស់ប្រជាពលរដ្ឋឱ្យបានខ្ពស់។ ដើម្បីសម្រេចបានគោលដៅនេះ គ្រប់វិស័យទាំងអស់មិនថាវិស័យកសិកម្ម វិស័យទេសចរណ៍ ឬវិស័យវាយនភណ្ឌកាត់ដេរនោះទេ សូម្បីវិស័យអចលនទ្រព្យត្រូវតែមានសម្ទុះទៅមុខជាលំដាប់ ដើម្បីចូលរួមប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់អាស៊ាន។
យោងតាមទិន្នន័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាប់តាំងពីឆ្នាំ2000 ដល់ឆ្នាំ2017 ក្រសួងបានចេញអាជ្ញាប័ណ្ណដល់គម្រោងជាច្រើនដែលមានដើមទុនជាង 32,000លានដុល្លារដែលជាចំណែកមួយដ៏សំខាន់ក្នុងការជួយលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ៕