ការចិញ្ចឹមសត្វក្រួចគឺជារបរមួយថ្មីមួយដែលប្រជាពលរដ្ឋខ្មែរទើបចាប់ផ្តើមចិញ្ចឹមយកសាច់លក់នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការចិញ្ចឹមក្រួចឆាប់ទទួលបានផល និងងាយស្រួលលក់ចេញនៅតាមទីផ្សារនានា ដែលភាគច្រើនគេយកទៅអាំងលក់នៅតាមដងផ្លូវ និងលក់នៅតាមបណ្តាភោជនីយដ្ឋានផ្សេងៗទៀត។
លោក ឃុត សាវរី ម្ចាស់កសិដ្ឋានចិញ្ចឹមក្រួចនៅភូមិស្វាយធំ សង្កាត់អំពឹលក្រុងកំពត ខេត្តកំពតបានឱ្យដឹងថា លោកបានចាប់យករបរចិញ្ចឹមក្រួចនេះ អស់រយៈពេលប្រមាណជា 8ឆ្នាំមកហើយ ដោយមិនបានរៀនពីសាលាបច្ចេកទេស ឬរៀនបន្តពីអ្នកណាម្នាក់នោះទេ ពោលគឺលោកបានព្យាយាមចិញ្ចឹម និងបង្កាត់ពូជតាមការយល់ដឹងខ្លួនឯងជាច្រើនលើកច្រើនសា ទើបទទួលបានជោគជ័យ និងដឹងពីបច្ចេកទេសចិញ្ចឹមដោយខ្លួនឯង។
លោកនិយាយថា ដំបូងឡើយលោកបានឃើញគេចិញ្ចឹមនៅក្នុងខេត្តបាត់ដំបងពេលនោះលោកបានទិញពងក្រួចយកមកភ្ញាស់សាកល្បងចំនួន 4លើកជាបន្ត-បន្ទាប់ទើបទទួលបានលទ្ធផល។ ក្រោយពីដឹងពីបច្ចេកទេសចិញ្ចឹមហើយ លោកក៏បានទិញមេក្រួចយកមកចិញ្ចឹមដោយខ្លួនឯងដែលមានចំនួនកាន់តែច្រើនឡើងៗជាបន្តបន្ទាប់ រួចក៏ចាប់ផ្តើមបង្កើតជាកសិដ្ឋានដោយធ្វើទ្រុងចិញ្ចឹមឱ្យផុតពីដីដើម្បីការពារពីជំងឺផ្សេង។
ការចិញ្ចឹមក្រួចអាចមានចំនួនតិច ឬច្រើនអាស្រ័យទៅតាមទំហំដី ឬកសិដ្ឋានដែលយើងចង់បាន ប៉ុន្តែដើម្បីចិញ្ចឹមក្រួចឱ្យបានលទ្ធផលល្អ គេត្រូវចេះជ្រើសរើសយកពូជណាដែលមានមាឌធំៗមកទុកបង្កាត់ពូជជាឧទាហរណ៍មេក្រួចចំនួន80ក្បាលគេត្រូវដាក់ក្រួចឈ្មោលចំនួន20ក្បាលដើម្បីឱ្យវារស់នៅជាមួយគ្នាដើម្បីបន្តពូជចេញជាស៊ុតសម្រាប់យកមកភ្ញាស់ យកកូនចិញ្ចឹមយកសាច់លក់នៅលើទីផ្សារនេះ។
ដំណាក់កាលដំបូងគេដាក់វាឱ្យធ្វើការបង្កាត់ពូជ ដោយដាក់ក្រួចញីឱ្យនៅជាមួយក្រួចឈ្មោល និងថែទាំដោយការផ្តល់ចំណី និងផ្តល់ទឹកឱ្យបានគ្រប់គ្រាន់ ដែលចំណីរបស់វា គេអាចផលិតដោយខ្លួនឯងក៏បាន ឬរកទិញពីក្រុមហ៊ុនលក់ចំណីសត្វក៏បាន ហើយសម្អាតទីកន្លែងចិញ្ចឹមជាប្រចាំដើម្បីឱ្យក្រួចមានសុខភាពល្អ កុំឱ្យមានមេរោគដែលអាចបង្កទៅជាជំងឺផ្សេងៗបាន។ បន្ទាប់ពីវារស់នៅជាមួយគ្នាបានប្រមាណជា 1ខែ 20ថ្ងៃមក ក្រួចញីចាប់ផ្តើមផ្ដល់ស៊ុតជាបន្តបន្ទាប់ រួចហើយគេត្រូវជ្រើសរើសស៊ុតណាដែលល្អៗយកទៅដាក់នៅលើធ្នើរក្នុងទូភ្ញាស់ដែលគេរៀបចំទុកជាស្រេច ចំណែកទូភ្ញាស់ពងក្រួចនោះម្ចាស់កសិដ្ឋានចាំបាច់ត្រូវរៀបចំប្រព័ន្ធទឹក-ភ្លើងឱ្យបានល្អទុកជាមុន ដូចជាដាក់កង្ហារបឺតកម្ដៅចេញ នៅពេលដែលអាកាសធាតុក្តៅខ្លាំង និងត្រូវដាក់ធុងទឹកពីក្រោមដើម្បីឱ្យទូមានសំណើមហប់ជាប្រចាំ។ អំឡុងពេល 16ថ្ងៃក្រោយមកពងក្រួចចាប់ផ្តើមញាស់ ដែលពេលនោះគេត្រូវយកកូនក្រួចតូចៗទាំងនោះទៅដាក់ក្នុងទ្រុងមួយដាច់ដោយឡែក ធ្វើការថែទាំដាក់ទឹកដាក់ចំណីឱ្យរយៈពេលត្រឹមតែ 1ខែកន្លះក្រោយមកក្រួចនឹងធំធាត់អាចចាប់លក់បាន ដែលជាទូទៅក្រួច1ក្បាលមានតម្លៃចន្លោះពី 2,000 – 2,500រៀល។
កសិករខាងលើអះអាងថា មកទល់បច្ចុប្បន្នលោកបានបង្កើតកសិដ្ឋានយ៉ាងធំមួយក្នុងទីរួមខេត្តកំពតនោះ ដោយមួយថ្ងៃអាចផលិតក្រួចសាច់លក់ចេញបានប្រមាណជា400 ទៅ500ក្បាលក្នុងមួយថ្ងៃ នេះ សម្រាប់រដូវវស្សាដែលមិនសូវមានបុណ្យទានផ្សេងៗ រីឯនៅរដូវប្រាំងនៅពេលដែលសម្បូរបុណ្យទានច្រើន លោកអាចផលិតបានចំនួន600 ទៅ700ក្បាល ក្នុងមួយថ្ងៃសម្រាប់ចាប់លក់ទៅឱ្យម៉ូយដែលមានទាំងម៉ូយនៅក្នុងខេត្តកំពត បណ្តាខេត្តមួយចំនួនទៀត និងទីក្រុងភ្នំពេញផងដែរ។ ហើយដោយសារតែសាច់ក្រួចមានការកុម្ម៉ង់ទិញកាន់តែច្រើនឡើងៗ លោកបានសម្រេចបង្កើតកសិដ្ឋានធំមួយទៀតនៅក្រុងព្រះសីហនុ ដែលមានសមត្ថភាពផលិតក្រួចសាច់លក់បានចំនួនដល់ទៅ500 ទៅ600ក្បាលក្នុងមួយថ្ងៃសម្រាប់រដូវវស្សា ចំណែករដូវប្រាំងវិញលក់ចេញបានចន្លោះពី1,500 ទៅ2,000ក្បាលក៏មានដែរ។
លោកនិយាយថា របរចិញ្ចឹមក្រួចលក់នៅតែមានតម្រូវការនៅលើទីផ្សារ ដោយសារតែម៉ូយងាយស្រួលយកទៅអាំង ឬធ្វើម្ហូបលក់ និងទទួលបានការគាំទ្រខ្លាំងពីអតិថិជន ហើយនៅពេលឆាប់ៗលោក និងបង្កើតសាខាមួយទៀតនៅខេត្តសៀមរាបដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងខេត្តនោះឱ្យមានភាពងាយស្រួល និងមានមហិច្ឆតាបង្កើតឱ្យបានគ្រប់ខេត្ត-ក្រុងទៀតផង។ ជាមួយគ្នានេះ លោកអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរសូមឱ្យជួយគាំទ្រផលិតផលក្នុងស្រុក ជាជាងគាំទ្រផលិតផលនាំចូលពីក្រៅប្រទេស ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមផ្តល់ការងារដល់ប្រជាពលរដ្ឋយើងឱ្យបានកាន់តែច្រើនឡើងៗផងដែរ៕