នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនផលិត Chip ដ៏ធំ និងល្បីល្បាញលំដាប់ពិភពលោក Intel បានលាឈប់ពីតំណែងភ្លាមៗ បន្ទាប់ពីក្រុមប្រឹក្សាភិបាលបានរកឃើញថា មានទំនាក់ទំនងកិច្ចសន្យាខុសច្បាប់ជាមួយនឹងបុគ្គលិកដែលល្មើសនឹងច្បាប់របស់ក្រុមហ៊ុន។
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុនផលិត Chip ធំជាងគេរបស់អាមេរិក លោក Brian Krzanich បានលាឈប់ពីតំណែង ដោយសារតែលោកបានល្មើសនឹងច្បាប់របស់ក្រុមហ៊ុន។
ក្រុមហ៊ុន Intel បានកំណត់ច្បាប់ថា រាប់ចាប់ពីតំណែងនាយក ឬប្រធានគ្រប់គ្រងឡើងទៅ គឺមិនអនុញ្ញាតឱ្យចុះកិច្ចសន្យាក្រៅផ្លូវច្បាប់ណាមួយជាមួយនឹងបុគ្គលិកឡើយ ហើយបើសិនជាក្រុមហ៊ុនរកឃើញថា មានបុគ្គលណាមួយល្មើសនឹងច្បាប់នេះ នឹងត្រូវបញ្ឈប់តួនាទីភ្លាម។
ពាក់ព័ន្ធនឹងករណីនេះ ខាងក្រុមហ៊ុន Intel មិនបានបង្ហាញព័ត៌មានលម្អិតទាក់ទងនឹងការល្មើសច្បាប់នេះឡើយ ដោយគ្រាន់តែបង្ហើបឱ្យដឹងថា លោក Robert Swan បច្ចុប្បន្នជាប្រធានហិរញ្ញវត្ថុ ត្រូវបានជ្រើសតាំងឱ្យឡើងកាន់តំណែងនាយកប្រតិបត្តិស្ដីទី ខណៈដែលពេលនេះ ក្រុមហ៊ុន Intel កំពុងតែស្វែងរកបុគ្គលដែលមានសមត្ថភាពទាំងនៅក្នុង និងក្រៅក្រុមហ៊ុនដើម្បីមកកាន់តំណែងនាយកប្រតិបត្តិនេះ។
គួរបញ្ជាក់ផងដែរថា លោក Krzanich វ័យ 58ឆ្នាំ ដែលជាវិស្វករអគ្គិសនី ត្រូវបានតែងតាំងជានាយកប្រតិបត្តិក្រុមហ៊ុន Intel កាលពីខែឧសភា ឆ្នាំ2013៕