ក្រោយជោគជ័យលើទីផ្សារម៉ូតូបែបប្រណីតរួចមក ក្រុមហ៊ុន Narita Vespa Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយម៉ូតូ Vespa បានធ្វើការដាក់សម្ពោធម៉ូតូស៊េរីថ្មីគឺ Vespa Primavera និង Sprint មកក្នុងទីផ្សារកម្ពុជា ជាមួយនឹងការបំពាក់បច្ចេកវិទ្យាទំនើប កម្លាំងខ្លាំង តែស៊ីសាំងតិចជាងមុន។
លោក ឡុង ណារិទ្ធ អគ្គនាយកក្រុមហ៊ុនណារីតា វេស្ប៉ា បានឱ្យដឹងថា ម៉ូតូដែលក្រុមហ៊ុនទើបដាក់បង្ហាញនេះ វាជាម៉ូតូជំនាន់ថ្មីដ៏ទំនើប ត្រូវបានផលិតឡើងតាមបច្ចេកវិទ្យារបស់អ៊ីតាលី មានសមត្ថភាពអាចបើកបរកាន់តែប្រសើរ ស៊ីសាំងតិច សំឡេងស្ងាត់ និងមានលំនឹងល្អទោះបើកបរក្នុងស្ថានភាពផ្លូវបែបណាក៏ដោយ។ មួយវិញទៀត ម៉ូតូទាំងពីរនេះក៏មានបំពាក់នូវប្រព័ន្ធហ្វ្រាំងសុវត្ថិភាព ABS និងមានប្រភេទម៉ាស៊ីន ដែលជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានដែលកើតចេញពីការបញ្ចេញផ្សែងពុលទៀតផង។
ក្នុងឆ្នាំ 2014 ម៉ូតូទាំងពីរបានចាប់បដិសន្ធិឡើងសម្រាប់ជំនួសឱ្យម៉ូដែល Vespa ស៊េរីចាស់ដែលមានទំហំតូចៗ ហើយត្រូវបានកែលម្អលក្ខណៈបច្ចេកទេសដូចគ្នាទាំងអស់ ខុសតែការរចនារូបរាងមួយចំនួនតែប៉ុណ្ណោះ ដោយ Vespa Primavera នេះមានចង្កៀងមុខមូល ខណៈSprint មានចង្កៀងមុខជ្រុង។ ម៉ូតូ Vespa Primavera និង Sprint ត្រូវបានបំពាក់នូវម៉ាស៊ីនកម្លាំង 2 ជម្រើស 125cc និង 150 cc ហើយមានរង្វង់កង់ 12 អ៊ីញ។ ក្រៅពីនេះវាក៏មានរន្ធ USB សម្រាប់ការសាកថ្មទូរស័ព្ទ និងមានប្រអប់សម្រាប់ដាក់ឥវ៉ាន់ធំទូលាយ រួមនឹងបំពាក់ប្រព័ន្ធការពារចោរលួចដ៏ទំនើបផងដែរ៕