កូរ៉េខាងជើង និងខាងត្បូង នឹងប្រើប្រាស់ក្រុមរួមគ្នាក្នុងប្រភេទកីឡា 2យ៉ាង ដែលរួមមានការប្រណាំងទូកកានូ ទូកចែវ និងកីឡាបាល់បោះផ្នែកនារីក្នុងព្រឹត្តិការណ៍កីឡាអាស៊ី។ នេះបើយោងទៅតាមគណៈកម្មការរៀបចំកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលវាកំពុងបង្ហាញពីសញ្ញានៃការកាត់បន្ថយនូវភាពតានតឹងនានា។
ប្រទេសទាំង2 ក៏នឹងដើរជាក្បួនរួមគ្នាក្នុងកម្មវិធីបើក និងបិទផងដែរសម្រាប់ព្រឹត្តិការណ៍កីឡាប្រចាំទ្វីបមួយនេះ ដែលនឹងត្រូវរៀបចំឡើងនៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី18 ខែសីហា ដល់ទី2 ខែកញ្ញា។ គណៈកម្មាធិការអូឡាំពិកជាតិរបស់កូរ៉េខាងត្បូងបានប្រាប់ AFP ថា អង្គភាពគ្រប់គ្រងរបស់ប្រទេសនេះបានសម្តែងនូវការចាប់អារម្មណ៍ក្នុងការបង្កើតក្រុមរួមគ្នាសម្រាប់កីឡាបាល់បោះ យូដូ កានូ កាយសម្ព័ន្ធ វាយកូនឃ្លីលើតុ ចែវទូក និងកីឡាសូហ្វតេនីស។
ទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង បានយល់ព្រមនៅខែនេះក្នុងការបង្កើតក្រុមរួមគ្នានានាសម្រាប់ប្រភេទកីឡាមួយចំនួន បើទោះបីការកំណត់យកកីឡាដ៏ជាក់លាក់ទើបតែត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ក៏ដោយ ក្រោយពីកិច្ចប្រជុំមួយក្នុងទីក្រុងហ្សាការតា រវាងក្រុមប្រឹក្សាអូឡាំពិកអាស៊ី គណៈកម្មការរៀបចំការប្រកួត និងមន្ត្រីតំណាងប្រទេសទាំង2។
ក្រោយពីកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ លោក SjafrieSjamsoeddin អនុប្រធានរៀបចំការប្រកួតបានប្រាប់អ្នកយកព័ត៌មានថា៖«យើងមិនបានបន្ថែមកីឡាជាច្រើនទៀតឡើយ។ យើងត្រូវតែមានភាពតឹងរ៉ឹងជាមួយនឹងកម្មវិធីប្រកួត ហេតុនេះវានឹងមិនមានការផ្លាស់ប្តូរបន្ថែមទៀតឡើយ»៕
ប្រភពពី៖ Channel News Asia