ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក បានផ្តួលក្រុមជម្រើសជាតិអង់គ្លេសដើម្បីដណ្តើមបានចំណាត់ថ្នាក់លេខ1 ក្នុងការប្រកួតវគ្គចែកពូលនៃយុទ្ធនាការ World Cup របស់ពួកគេ កាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីក្រុមជម្រើសជាតិជប៉ុនបានឈានទៅវគ្គបន្ទាប់ ដោយសារតែមានកំណត់ត្រាផ្នែកវិន័យល្អជាង។
ការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 1-០ សម្រាប់ក្រុមដែលមានការផ្លាស់ប្តូរច្រើនរបស់លោក Roberto Martinez ក្នុងទីក្រុង Kaliningrad នឹងធ្វើឱ្យពួកគេទៅជួបក្រុមជម្រើសជាតិជប៉ុន ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ2 ពីលើក្រុមសេណេហ្គាល់ បើទោះបីចាញ់ក្រុមជម្រើសជាតិប៉ូឡូញក្នុងលទ្ធផល 1-០ ក្នុងការប្រកួតចុងក្រោយនៃពូលរបស់ពួកគេក៏ដោយ។
ស្របពេលជាមួយគ្នានេះ ក្រុមជម្រើសជាតិអង់គ្លេសនឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិកូឡុំប៊ី ក្នុងការប្រកួតវគ្គ 16ក្រុមចុងក្រោយ បន្ទាប់ពីក្រុមរបស់អាមេរិកខាងត្បូងមួយនេះបានផ្តួលក្រុមជម្រើសជាតិសេណេហ្គាល់ 1-០ ដើម្បីបញ្ចប់ដោយការឈរលេខ1 ក្នុងពូលរបស់ពួកគេ។ ប៉ុន្តែ លទ្ធផលនេះក៏មានន័យផងដែរថា ក្រុមប្រជុំដោយកីឡាករវ័យក្មេងរបស់លោក Gareth Southgate គេចផុតពីការជួបក្រុមខ្លាំងៗក្នុងប្រទេសរុស្ស៊ី ដូចជាក្រុមជម្រើសជាតិបារាំង អាហ្សង់ទីន ព័រទុយហ្គាល់ និងប្រេស៊ីល។
លោក Martinez គ្រូបង្វឹកនៃក្រុមជម្រើសជាតិបែលហ្ស៊ិក ពិតជារីករាយណាស់ជាមួយនឹងជ័យជម្នះនេះ តាមរយៈការបញ្ជាក់ថា វាមិនអាចទៅរួចឡើយក្នុងការរៀបចំផែនការអវិជ្ជមានក្នុងព្រឹត្តិការណ៍ World Cup នោះ។
គ្រូបង្វឹករូបនេះបានឱ្យដឹងថា៖ «កីឡាករចំណូលថ្មីជាច្រើនសង្ឃឹមថា អាចចូលលេង ហើយពួកគេធ្វើឱ្យខ្ញុំរីករាយ។ យើងមានក្រុមដ៏ខ្លាំងមួយ ដែលយើងបានធ្វើកាលពី 90នាទីមុន»។ ស្របពេលជាមួយគ្នានេះ លោក Southgate បានចាត់ទុកថា ការប្រកតវគ្គ 16ក្រុមចុងក្រោយរបស់អង់គ្លេស នៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិកូឡុំប៊ី គឺជាការប្រកួតដ៏ធំបំផុតរបស់ក្រុមលោកសម្រាប់រយៈពេល 1ទសវត្សរ៍កន្លងមកនេះ៕
ប្រភពពី៖ Sport24