លោក Joachim Loew បានបញ្ជាក់ថា ក្រុមជម្រើសជាតិអាល្លឺម៉ង់របស់លោក ពិតជាមិនមានការស័ក្តិសមក្នុងការឈានទៅវគ្គ 16ក្រុមចុងក្រោយមែន ក្រោយពីបានឃើញក្រុមរបស់លោកបង្ហាញពីទម្រង់លេងដ៏សែនអន់ក្នុងពេលចាញ់ក្រុមជម្រើសជាតិកូរ៉េខាងត្បូងយ៉ាងមិននឹកស្មានដល់ ក្នុងលទ្ធផល 2-០ ក្នុងការប្រកួតចុងក្រោយនៃពូល F កាលពីថ្ងៃពុធ។
លទ្ធផលនេះ បានធ្វើឱ្យក្រុមអាល្លឺម៉ង់ដែលជាម្ចាស់ការពារតំណែងជើងឯក ធ្លាក់ចេញត្រឹមវគ្គចែកពូលជាលើកទី1 ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន បើគិតចាប់តាំងពីឆ្នាំ1938 ខណៈដែលពួកគេក៏បានបញ្ចប់ដោយស្ថិតនៅបាតតារាងនៃពូលផងដែរ។
ក្រុមម្ចាស់ជើងឯក 4សម័យកាលមួយនេះ គួរតែផ្តួលក្រុមកូរ៉េខាងត្បូងដោយគ្រាប់បាល់នាំមុខចាប់ពី 2គ្រាប់ឡើងទៅ ក្នុងការប្រកួតចុងក្រោយនៃពូល F របស់ពួកគេក្នុងទីក្រុង Kazan ដើម្បីឈានទៅវគ្គ 16ក្រុមចុងក្រោយ ប៉ុន្តែក្រោយពីបានខ្ជះខ្ជាយឱកាសជាច្រើន ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានស្រឡាំងកាំងនៅនាទីបន្ថែម 5នាទី ខណៈដែលកូរ៉េខាងត្បូងបានស៊ុតបាល់បញ្ចូលទី 2គ្រាប់ ដើម្បីកត់ត្រាជ័យជម្នះជាប្រវត្តិសាស្ត្រមួយលើក្រុមមានចំណាត់ថ្នាក់លេខ1 ក្នុងពិភពលោកមួយនេះ។
លោក Loew បាននិយាយថា យើងមិនស័ក្តិសមក្នុងការឈានទៅវគ្គ 16ក្រុមចុងក្រោយឡើយ។ យើងបានខិតខំព្យាយាមខ្លាំង ដើម្បីឈ្នះ ប៉ុន្តែ យើងមិនបានទទួលឱកាសក្នុងការរកគ្រាប់បាល់នាំមុខឡើយ៕
ប្រភពពី៖ Sport24