កីឡាករវាយកូនបាល់ Andy Murray បានរងបរាជ័យក្នុងលទ្ធផល ៦-៤ និង៦-៤ ក្រោមស្នាដៃកីឡាករចក្រភពអង់គ្លេសដូចគ្នា Kyle Edmund ក្នុងព្រឹត្តិការណ៍ Eastbourne កាលពីថ្ងៃពុធ ដើម្បីធ្វើឱ្យការចូលរួមរបស់អតីតកីឡាករមានចំណាត់ថ្នាក់លេខ1 ក្នុងពិភពលោករូបនេះ ក្នុងយុទ្ធនាការ Wimbledon នេះស្ថិតក្នុងភាពមិនច្បាស់លាស់។
Murray ដែលជាម្ចាស់ជើងឯកពាន Wimbledon 2 សម័យកាល បានធ្លាក់ទៅឈរក្នុងចំណាត់ថ្នាក់លេខ156 ក្នុងពិភពលោក ក្រោយពីវិលទៅកាន់ការប្រកួតវិញក្នុងព្រឹត្តិការណ៍ Queen’s កាលពីសប្តាហ៍មុន ក្រោយពីបានអវត្តមានអស់រយៈពេល 11ខែ ដោយសារតែបញ្ហារបួសចង្កេះ។
កីឡាករវ័យ 31ឆ្នាំរូបនេះ បានរងបរាជ័យក្នុងជុំទី1 ក្នុងព្រឹត្តិការណ៍ Queen’s ប៉ុន្តែបានទទួលនូវការជឿជាក់តាមរយៈការផ្តួលម្ចាស់ជើងឯកពានរង្វាន់ធំៗ 3សម័យកាល Stan Wawrinka ក្នុងការប្រកួតបើកឆាកនៃព្រឹត្តិការណ៍ Eastbourne កាលពីថ្ងៃចន្ទ។
Murray បានជួបបញ្ហារបួសចង្កេះរបស់គេក្នុងការប្រកួតវគ្គ 1/4 ផ្តាច់ព្រ័ត្រ នាព្រឹត្តិការណ៍ Wimbledon កាលពីឆ្នាំមុន និងបានទទួលការវះកាត់កាលពីខែមករា។ ព្រឹត្តិការណ៍ Wimbledon នៅឆ្នាំនេះនឹងចាប់ផ្តើមប្រកួតជាផ្លូវការនៅថ្ងៃចន្ទ សប្តាហ៍ក្រោយនេះ៕
ប្រភពពី៖ Channel News Asia