តាមរយៈបណ្ដាញទំនាក់ទំនងហ្វេសប៊ុកលោក អ៊ឹម ជីវ៉ា បានឱ្យដឹងថា កញ្ញាឌីជេ អាលីយ៉ា បានទទួលមរណភាពហើយ នៅវេលាម៉ោង6ទាបភ្លឺព្រឹក ថ្ងៃទី28 ខែមិថុនា ឆ្នាំ2018នេះ ដោយសពនាងយកទៅតម្កល់នៅវត្តទួលអង្គលោក។ នេះជាដំណឹងសោកស្តាយមួយ ដែលឌីជេស្រីរូបនេះ ធ្លាបមានប្រវត្តិជួយសង្គមតាមកម្មវិធីសប្បុរសធម៌ជាច្រើន រួមទាំងចូលរួមចំណែករកជំនួយសប្បុរដល់មន្ទីពេទ្យគន្ធបុប្ផាផងដែរ ។
គួររំឮកផងដែរថា មុនពេលធ្លាក់ខ្លួនឈឺរហូតចូលសម្រាកនៅបន្ទប់សង្គ្រោះបន្ទាន់គួរឱ្យអាសូរ អាលីយ៉ា ធ្លាប់បានសាងស្នាដៃជាច្រើនក្នុងសង្គមសិល្បៈ បូករួមទាំងការងារសប្បុរសធម៌ជាហូរហែរ។ អំឡុងខែមិថុនា ឆ្នាំ2012អាលីយ៉ា បានផ្តើមគំនិតក្នុងការប្រមូលថវិកាមួយចំនួនពីមិត្តរួមអាជីព និងក្រៅរង្វង់សិល្បៈ ដើម្បីជូនដល់វីរសិល្បករចាប៉ីដ៏ល្បីល្បាញលោកតាភិរម្យ ប្រាជ្ញ ឈួន។ នាងក៏បានដឹកនាំអ្នកសិល្បៈ និងក្រុមការងារមួយចំនួនចុះទៅសាកសួរសុខទុក្ខវីរសិល្បករខាងលើដោយផ្ទាល់ដល់ស្រុកកំណើតភូមិសម៉ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។
អ្វីដែលគេកាន់តែកោតសរសើអំពីទឹកចិត្តនាង គឺក្នុងអំឡុងខែកក្កដា ឆ្នាំ2012 នាងក៏បានផ្តួចផ្តើមបង្កើតព្រឹត្តិការណ៍ប្រគំតន្ត្រី និងសម្តែងទស្សនីយភាពសិល្បៈដ៏ធំមួយ នៅសាលមហោស្រពចតុមុខមាន ឈ្មោះថា«តន្រ្តីមនុស្សធម៌រៃអង្គាសប្រាក់ជួយកុមារកំព្រា»។ គេក៏ចាប់អារម្មណ៍ទៅលើសកម្មភាពនៃការចូលរួមដោយស្ម័គ្រចិត្តរបស់តារាស្រីរូបនេះជាមួយសិល្បករដទៃក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តជាច្រើនឆ្នាំបន្តបន្ទាប់គ្នាផងដែរ។ មុនពេលបាត់មុខពីការងារសិល្បៈកាលពីអំឡុងចុងខែកញ្ញា ឆ្នាំ2016 តារាស្រីរូបនេះ ធ្លាប់បានចូលរួមដោយស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌នៅសាកលវិទ្យាល័យន័រតុន ដើម្បីរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ នៅមានសកម្មភាពសង្គមជាច្រើនទៀតដែលតារាស្រីរូបនេះធ្លាប់បានចូលរួមចំណែកជាមួយសិល្បករដទៃជួយដល់សង្គម។
ជំនួសមុខឱ្យសារព័ត៌មានឡារ៉ែន និងសិល្បៈករ-សិល្បៈការិនី យើងសូមអំពាវនាវដល់សាច់ញាតិរបស់នាង បើទោះខុសឆ្គងបែបណាគួរតែមកជួយគាត់វិនាទីចុងក្រោយនេះផង កុំទុក្ខអ្នកនាងឱ្យចោលអីចឹង និងសូមឱ្យវិញ្ញាណក្ខន្ធ អ្នកនាង បានទៅកាន់សុគតិភព៕